អ៊ីរ៉ង់ ខ្សឹបប្រាប់អាមេរិក ថា «បើកផ្លូវទឹក បញ្ចប់សង្គ្រាម!» តែសុំទុករឿងនុយក្លេអ៊ែរមួយឡែកសិន
រឿងរ៉ាវនយោបាយពិភពលោកកំពុងតែមានសញ្ញាប្រែប្រួលថ្មីមួយ បន្ទាប់ពីមានសេចក្តីរាយការណ៍មកថា ប្រទេសអ៊ីរ៉ង់ បានសម្រេចចិត្តបោះដៃសុំចរចាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាតានតឹង ដែលកំពុងកើតឡើង។
នៅក្នុងសំណើដ៏គួរឲ្យចាប់អារម្មណ៍នោះ អ៊ីរ៉ង់បានបង្ហាញបំណងចង់បើកច្រកសមុទ្រហ័រមូសឡើងវិញ ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់បំផុតមួយរបស់ពិភពលោក និងចង់បញ្ចប់សង្គ្រាម ដែលកំពុងឆេះកញ្ជ្រោល។ ក៏ប៉ុន្តែ អ្វីដែលប្លែកនោះគឺ អ៊ីរ៉ង់សុំមិនទាន់និយាយដល់រឿងកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួននៅពេលនេះទេ ដោយចង់ទុកវាទៅជជែកគ្នានៅពេលក្រោយវិញ។
តាមប្រភព ដែលផ្ដល់បទសម្ភាសន៍ឲ្យសារព័ត៌មាន Axios នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ការផ្តល់ជូននេះ ត្រូវបានធ្វើឡើង តាមរយៈអ្នកសម្របសម្រួលមកពីប្រទេសប៉ាគីស្ថាន ខណៈដែលកិច្ចពិភាក្សារវាងប្រទេសទាំងពីរ បានជាប់គាំងអស់មួយរយៈធំ។ មូលហេតុដែលអ៊ីរ៉ង់ចង់ពន្យារពេលរឿងនុយក្លេអ៊ែរនេះ ត្រូវបានគេយល់ថា ប្រហែលមកពីថ្នាក់ដឹកនាំកំពូលៗនៅក្នុងប្រទេសអ៊ីរ៉ង់ខ្លួនឯង នៅមិនទាន់មានការឯកភាពគ្នាច្បាស់លាស់ថា តើពួកគេគួរលះបង់ ឬធ្វើសម្បទានកម្រិតណានោះទេ។ ការចង់ដោះស្រាយតែរឿងផ្លូវទឹក និងការបញ្ចប់សង្គ្រាមមុនបែបនេះ ហាក់ដូចជាយុទ្ធសាស្ត្រមួយ ដើម្បីសម្រាលសម្ពាធសេដ្ឋកិច្ច ដែលកំពុងជួបប្រទះ។
យ៉ាងណាមិញ បញ្ហានេះកំពុងតែធ្វើឲ្យរដ្ឋាភិបាលអាមេរិកត្រូវគិតគូរយ៉ាងដិតដល់ ព្រោះថា ប្រសិនបើលោកប្រធានាធិបតី ដូណាល់ ត្រាំ យល់ព្រមតាមសំណើបើកច្រកសមុទ្រហ័រមូស និងបញ្ចប់សង្គ្រាមមុន នោះលោកនឹងបាត់បង់អំណាច ក្នុងការបង្ខំឲ្យអ៊ីរ៉ង់បោះបង់អាវុធនុយក្លេអ៊ែរ នៅថ្ងៃក្រោយ។ បើគ្មានការដាក់គំនាបខ្លាំងៗទេ អ៊ីរ៉ង់ប្រហែលជាមិនងាយនឹងព្រមតាមលក្ខខណ្ឌរបស់អាមេរិកឡើយ។
ដើម្បីដោះស្រាយរឿងដ៏ក្តៅគគុកនេះ លោក ដូណាល់ ត្រាំ ត្រូវបានគេរាយការណ៍ថា នឹងរៀបចំកិច្ចប្រជុំបន្ទាន់មួយ នៅក្នុងបន្ទប់បញ្ជាការសន្តិសុខជាតិ នៅថ្ងៃចន្ទនេះ។ លោក និងក្រុមមន្ត្រីជាន់ខ្ពស់នឹងត្រូវជជែកគ្នាថាតើ គួរទទួលយកសំណើរបស់អ៊ីរ៉ង់ ដែលចង់ដោះស្រាយបញ្ហាមួយផ្នែកៗបែបនេះ ឬក៏ត្រូវបន្តដាក់សម្ពាធ រហូតដល់អ៊ីរ៉ង់ព្រមចរចាគ្រប់រឿងទាំងអស់ ក្នុងពេលតែមួយ។ ពិភពលោកកំពុងតែរង់ចាំមើលថា តើការចរចាដ៏ស្មុគស្មាញនេះនឹងទៅជាយ៉ាងណា ហើយតើសន្តិភាពពិតប្រាកដនឹងកើតមានឡើងដែរឬទេ?
