ជប៉ុន ប្រគល់រថយន្តដឹកសំរាមចំនួន ១០គ្រឿង បន្ថែមដល់ក្រសួងបរិស្ថាន ដើម្បីពង្រឹងការគ្រប់គ្រងសំរាមរបស់កម្ពុជា
(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន បានផ្តល់រថយន្តដឹកសំរាមបន្ថែមចំនួន ១០គ្រឿងទៀត ដល់ក្រសួងបរិស្ថានកម្ពុជា។ នេះជាជំនួយលើកទីបី និងធ្វើឱ្យចំនួនរថយន្ត ដែលជាជំនួយរបស់ជប៉ុន សរុបចំនួន៣០គ្រឿងហើយ។
រថយន្តទាំងនេះ ត្រូវបានប្រគល់ជាផ្លូវការដោយលោក Ueno Atsushi ទៅក្រសួងបរិស្ថាន ក្នុងពិធីផ្លូវការមួយដោយបញ្ជាក់ពីកិច្ចសហប្រតិបត្តិការ ជាបន្តបន្ទាប់រវាងជប៉ុន និងកម្ពុជា ក្នុងកិច្ចគាំពារបរិស្ថាន។
ក្នុងពិធីប្រគល់ និងទទួលជំនួយរថយន្តដឹកសំរាមរបស់ប្រទេសជប៉ុន បានរៀបចំឡើងនៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២៦ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែអំណរគុណដល់រាជរដ្ឋាភិបាលជប៉ុន ចំពោះការគាំទ្រជាបន្តបន្ទាប់ និងបានចាត់ទុកថា ជំនួយនេះ ចូលរួមចំណែកដ៏មានអត្ថន័យក្នុងការពង្រឹងសមត្ថភា ពគ្រប់គ្រងកាកសំណល់នៅថ្នាក់ក្រោមជាតិ។ រថយន្តដឹកសំរាមត្រូវបានបែងចែកបន្តបន្ទាប់ទៅអាជ្ញាធរខេត្តភ្លាមៗ ដែលបានជួយជំរុញឱ្យរដ្ឋបាលមូលដ្ឋានបង្កើនសេវាប្រមូល និងទុកដាក់សំរាមក្នុងដែនសមត្ថកិច្ចរបស់ខ្លួនបានល្អប្រសើរ។
លោករដ្ឋមន្ត្រីបរិស្ថាន បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការនេះ បានគាំទ្រយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានរបស់កម្ពុជា ដែលមានគោលបំណងលើកកម្ពស់ «ស្អាត បៃតង និងចីរភាព»របស់ប្រទេសកម្ពុជា ជាពិសេសប្រព័ន្ធគ្រប់គ្រងសំរាម សំណល់ប្លាស្ទិកឱ្យមានភាពប្រសើរឡើង និងពិតជាមានសារៈសំខាន់ក្នុងការសម្រេចបាន នូវគោលដៅបរិស្ថានរយៈពេលវែង។
លោកបណ្ឌិត អ៊ាង សុផល្លែត បានលើកទឹកចិត្តដល់អាជ្ញាធរខេត្តឱ្យថែរក្សាយានយន្តឱ្យបានត្រឹមត្រូវ និងធានាបាននូវការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព។
លោកបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឱ្យបន្តអនុវត្តយុទ្ធនាការដែលបានដាក់ចេញ ដោយក្រសួងបរិស្ថានជាបន្តទៀត និងធ្វើការអំពាវនាវឱ្យកិច្ចខិតខំប្រឹងប្រែងប្រែក្លាយពីយុទ្ធនាការទាំងនេះ ដើម្បីវិវត្តទៅជាចលនាសង្គម និងទម្លាប់ប្រចាំថ្ងៃយូរអង្វែងក្នុងចំណោមប្រជាពលរដ្ឋ។
លោករដ្ឋមន្ត្រីបានណែនាំដល់មន្ទីរបរិស្ថានរាជធានី ខេត្ត ត្រូវបន្តអនុវត្តវិធីសាស្រ្តប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវក្នុងការដោះស្រាយបញ្ហាការបំពុលខ្យល់ ដី និងទឹក។
លោកបណ្ឌិត អ៊ាង សុផល្លែត បានព្រមានជាថ្មីដល់ប្រតិបត្តិករប្រមូលសំរាមដែលដុតសំរាម ឬអនុញ្ញាតឱ្យមានភ្លើងឆេះ នៅកន្លែងចាក់សំរាមនឹងប្រឈមមុខនឹងការផ្តន្ទាទោសយ៉ាងតឹងរ៉ឹង រួមទាំងការដកហូតអាជ្ញាប័ណ្ណរបស់ពួកគេ។
លោកបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមទៀតលើការទទួលខុសត្រូវ និងស្នើឱ្យអាជ្ញាធរសហការចូលរួម កំណត់អត្តសញ្ញាណ និងធ្វើសកម្មភាពទប់ស្កាត់លើប្រភពនៃការបំពុល ឱ្យបានឆាប់រហ័សកុំបង្អង់យូរ។
«ប្រសិនបើមានការបំពុលកើតឡើង មន្ទីរបរិស្ថាន ត្រូវតែស្វែងរកប្រភពបំពុល និងចាត់វិធានការ»។ នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន។
លោករដ្ឋមន្ត្រី បានព្រមានដល់មន្រ្តីបរិស្ថាន ដែលមិនមានការទទួលខុសត្រូវ និងរកប្រភពបំពុលមិនឃើញ ហើយនិយាយថាប្រភពមិនអាចកំណត់អត្តសញ្ញាណបាន ក្នុងករណីមានការបំពុល មន្រ្តីទាំងនោះគួរតែចុះចេញពីតំណែង។
លោកបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមថា វិធានការទាំងនេះឆ្លុះបញ្ចាំងពីមន្ត្រីដែលមិនបំពេញកាតព្វកិច្ចរបស់ពួកគេ និងការជំរុញដ៏ទូលំទូលាយរបស់កម្ពុជា ក្នុងការពង្រឹងអភិបាលកិច្ចបរិស្ថាន កែលម្អប្រព័ន្ធគ្រប់គ្រងសំរាម និងឈានទៅរកអនាគតដ៏ស្អាត និងមាននិរន្តរភាពជាងមុន៕
