ជនសង្ស័យក្នុងហេតុការណ៍បាញ់ប្រហារនៅពិធីជប់លៀង ត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងធ្វើឃាតលោក ដូណាល់ ត្រាំ

(វ៉ាស៊ីនតោន)៖ បុរសជាជនសង្ស័យម្នាក់ដែលបានបើកការបាញ់ប្រហារអំឡុងពិធីជួបជុំជាមួយក្រុមអ្នកសារព័ត៌មានក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីសប្ដាហ៍មុន ដែលមានការចូលរួមពីលោក ដូណាល់ ត្រាំផងនោះ ត្រូវបានចោទប្រកាន់កាលពីថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២៦ ពីបទប៉ុនប៉ងធ្វើឃាតប្រធានាធិបតីអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ជនសង្ស័យឈ្មោះ Cole Tomas Allen មានអាយុ ៣១ឆ្នាំ បានបង្ហាញខ្លួនជាលើកដំបូងក្នុងតុលាការសហព័ន្ធនៃរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃចន្ទ ពោលគឺ២ថ្ងៃបន្ទាប់ពី អាជ្ញាធរអាមេរិកបាននិយាយថាជននេះបានបើកការវាយប្រហារមិនបានសម្រេចមួយនៅឯពិធីជប់លៀងទទួលទានអាហារពេលលា្ងចរបស់លោក ត្រាំ ជាមួយ ក្រុមអ្នកសារព័ត៌មាន និងអ្នកនយោបាយ។

ជនសង្ស័យរូបនេះមិនបានឆ្លើយតបទៅនឹងការចោទប្រកាន់អំឡុងសវនាការខ្លីមួយនោះទេ។ ប៉ុន្តែតាមរយៈការចោទប្រកាន់ពីបទប៉ុនប៉ងធ្វើឃាតប្រធានាធិបតីអាមេរិក រូបគេ អាចនឹងប្រឈមមុខជាប់ពន្ធនាគារអស់មួយជីវិត ប្រសិនបើតុលាការរកឃើញថាជននេះមានពិរុទ្ធភាពមែននោះ។ «រូបគេបានប៉ុនប៉ងធ្វើឃាតប្រធានាធិបតីនៃសហរដ្ឋអាមេរិក Donald J. Trump»។ នេះជាការគូសបញ្ជាក់របស់រដ្ឋអាជ្ញាអាមេរិក លោកស្រី Jocelyn Ballantine។ Cole Tomas Allen ក៏ត្រូវបានចោទប្រកាន់ផងដែរពី បទកាន់កាប់អាវុធដោយខុសច្បាប់។

គួរបញ្ជាក់ថា ហេតុការណ៍បាញ់ប្រហារនៅឯពិធីជួបជុំរបស់លោក ត្រាំ ជាមួយអ្នកសារព័ត៌មានកាលពីសប្ដាហមុន គឺជាព្រឹត្តិការណ៍ចុងក្រោយបំផុតនៃអំពើហិង្សានយោបាយ នៅក្នុងសហរដ្ឋអាមេរិក។ កាលពីខែកញ្ញា ឆ្នាំមុន សកម្មជននយោបាយអភិរក្សនិយមម្នាក់ លោក Charlie Kirk ត្រូវបានបាញ់សម្លាប់នៅឯពិធីជួបជុំមួយ តែប៉ុន្មានខែ ប៉ុណ្ណោះបន្ទាប់ពីអ្នកតំណាងរាស្ត្របក្សប្រជាធិបតេយ្យម្នាក់ប្រចាំរដ្ឋ Minnesota និងស្វាមីរបស់លោកស្រីត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់។ លោក ត្រាំផ្ទាល់ក៏ធ្លាប់ ក្លាយជាគោលដៅនៃការប៉ុនប៉នធ្វើឃាតចំនួន២លើករួចមកហើយដែរ៕

អត្ថបទដែលជាប់ទាក់ទង