កម្ពុជាបានលែងអណ្តើកហ្លួង ដែលជាប្រភេទសត្វ កំពុងរងគ្រោះជិតផុតពូជ បំផុត ចូលទៅក្នុងប្រព័ន្ធព្រែកស្រែអំបិល

(ភ្នំពេញ)៖ នាយកដ្ឋានអភិរក្សជលផល នៃអគ្គនាយកដ្ឋាន ជលផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ បានលែងអណ្តើកហ្លួងដែលជាប្រភេទសត្វ កំពុងទទួលរងគ្រោះជិតផុតពូជបំផុតចំនួន២០ក្បាល ចូលទៅក្នុងប្រព័ន្ធព្រែកស្រែអំបិល ដែលជាទីជម្រក ធម្មជាតិតែមួយគត់នៅក្នុងប្រទេសកម្ពុជា ត្រូវបានគេដឹងថាសត្វអណ្តើកហ្លួងអាចរស់នៅនិងបន្តពូជបាន។

កន្លងមក អណ្តើកហ្លួងធ្លាប់ត្រូវបានបារម្ភខ្លាចថាបាត់បង់ផុតពូជ ពីក្នុងប្រទេសកម្ពុជា ប៉ុន្តែការលែងអណ្ដើក ហ្លួងនាពេលនេះ បញ្ជាក់ពីជំហានជោគជ័យថ្មីមួយទៀត ដែលជាកិច្ចខិតខំប្រឹងប្រែងដ៏យូរអង្វែងក្នុងការ ស្តារប្រភេទសត្វអណ្ដើកនេះ ឱ្យមានចំនួនច្រើនឡើងវិញ ក្រោមការដឹកនាំរបស់អគ្គនាយកដ្ឋានជលផល ដោយមានការគាំទ្រពីរដ្ឋបាលខេត្តកោះកុង រដ្ឋបាលខេត្តព្រះសីហុន ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងខេត្តកោះកុង និងព្រះសីហនុ អាជ្ញាធរមូលដ្ឋាន សហគមន៍ការពារសម្បុក អណ្តើកហ្លួង និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) កម្ពុជា។

មូលនិធិ Mandai Nature, Turtle Survival Alliance អង្គការ WCS កាណាដា និងមូលនិធិ Patricia and Alan Koval Foundation និងតំបន់ទេសចរណ៍ ធម្មជាតិ Shinta Mani Wild គឺជាដៃគូដែលគាំទ្រកិច្ចខិតខំប្រឹងប្រែង ស្តារចំនួនអណ្តើកហ្លួងឡើងវិញ។

ការលែងអណ្តើកហ្លួង នាពេលថ្មីៗនេះអាចប្រព្រឹត្តទៅបាន ដោយសារ កិច្ចខិតខំប្រឹងប្រែងដ៏យូរអង្វែងដើម្បីស្តារចំនួនសត្វអណ្តើកនេះ ចាប់ផ្តើមបង្ហាញសញ្ញានៃវឌ្ឍនភាពដែលទទួល បានដោយការព្យាយាមយ៉ាងអំណត់និងមុតមាំបំផុត៕

អត្ថបទដែលជាប់ទាក់ទង