លោក ដូណាល់ ត្រាំ ផ្ដាំ​អាល្លឺម៉ង់ ឲ្យដោះស្រាយ​បញ្ហា​ខ្លួន​សិន​ទៅ មុនទៅ​​លូកដៃ​រឿង​អ៊ីរ៉ង់

រឿងរ៉ាវតានតឹង បានផ្ទុះឡើងជាថ្មី​រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បន្ទាប់ពីមេដឹកនាំទាំងពីរបានឆ្លើយឆ្លងសម្តីគ្នាយ៉ាងក្តៅគគុកតាមរយៈបណ្តាញសង្គម និងការផ្តល់បទសម្ភាសន៍។

សារព័ត៌មាន India Today បាន​ចុះផ្សាយ​កាល​ពីថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២៦ ថា លោក ត្រាំ បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង ហើយបានប្រាប់ទៅមេដឹកនាំអាល្លឺម៉ង់ ឲ្យ​យកពេលវេលាទៅដោះស្រាយបញ្ហាក្នុងស្រុករបស់ខ្លួនវិញ ជាជាងមកតាមរិះគន់យុទ្ធសាស្ត្ររបស់អាមេរិកទៅលើប្រទេសអ៊ីរ៉ង់។

ដើមហេតុនៃជម្លោះពាក្យសម្តីនេះ ចាប់ផ្តើមឡើងនៅពេលដែលលោកអធិការបតី Merz បានលើកឡើងថា អាមេរិកហាក់ដូចជាកំពុងចាញ់ប្រៀបក្នុងការចរចាជាមួយអ៊ីរ៉ង់ ហើយថែមទាំងប្រើពាក្យថា អាមេរិកកំពុងរងការមើលងាយពីសំណាក់មេដឹកនាំអ៊ីរ៉ង់ទៀតផង។ លោក Merz បានរិះគន់ថា អាមេរិកបានចំណាយពេលធ្វើដំណើរទៅចរចានៅឯបរទេស តែចុងក្រោយត្រឡប់មកវិញដោយដៃទទេ ដែលនេះជាការបង្ខូចមុខមាត់ប្រទេសមហាអំណាចយ៉ាងខ្លាំង។

ភ្លាមៗនោះ លោក ដូណាល់ ត្រាំ បានប្រើប្រាស់បណ្តាញសង្គម Truth Social របស់លោក ដើម្បីវាយបកវិញយ៉ាងចាស់ដៃ។ លោក ត្រាំ បានសរសេរថា លោក Merz គួរតែចំណាយពេលដោះស្រាយសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលលោកធ្វើមិនទាន់បានសម្រេចនៅឡើយ និងដោះស្រាយបញ្ហាផ្ទៃក្នុងអាល្លឺម៉ង់ ដូចជា បញ្ហាជនអន្តោប្រវេសន៍ និងវិស័យថាមពល ជាដើម។ លោកបានបន្ថែមទៀតថា លោក Merz មិនដឹងរឿងអ្វីទាំងអស់ ហើយអ្វីដែលលោកកំពុងធ្វើជាមួយអ៊ីរ៉ង់នាពេលនេះ គឺដើម្បីកុំឲ្យ​ពិភពលោកទាំងមូលក្លាយជាចំណាប់ខ្មាំង នៃអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់តែប៉ុណ្ណោះ។

ទោះជាមានការវាយប្រហារយ៉ាងខ្លាំងក្លាបែបនេះក្តី លោកអធិការបតី Merz បានព្យាយាមសម្រាលសភាពការណ៍ ដោយប្រាប់អ្នកសារព័ត៌មានថា ទំនាក់ទំនងផ្ទាល់ខ្លួនរបស់លោកជាមួយលោក ត្រាំ នៅតែល្អធម្មតាទេ។ លោកគ្រាន់តែចង់បង្ហាញពីការបារម្ភចំពោះផលប៉ះពាល់សេដ្ឋកិច្ច ជាពិសេសការឡើងថ្លៃប្រេង និងថាមពល ដែលបណ្តាលមកពីជម្លោះនៅតំបន់មជ្ឈិមបូព៌ា ដែលវាកំពុងជះឥទ្ធិពលអាក្រក់ដល់សេដ្ឋកិច្ចអាល្លឺម៉ង់ និងអឺរ៉ុបទាំងមូល។

អ្វីដែលគួរឲ្យ​កត់សម្គាល់នោះគឺ ភាពតានតឹងនេះបានធ្វើឲ្យ​គេចាប់ផ្តើមជជែកគ្នាសាជាថ្មី អំពីវត្តមានកងទ័ពអាមេរិកនៅក្នុងប្រទេសអាល្លឺម៉ង់។ លោក ត្រាំ ក៏បានបង្ហើបដែរថា លោកអាចនឹងពិចារណាកាត់បន្ថយចំនួនកងទ័ពអាមេរិកដែលកំពុងឈរជើងនៅទីនោះ ដែលនេះគឺជាចំណុចដ៏រស៊ើប​បំផុតមួយ ក្នុងសម្ព័ន្ធភាពយោធាណាតូ។ ខណៈពេលជាមួយគ្នានេះ លោក ត្រាំ ខ្លួនឯងក៏កំពុងរងសម្ពាធនយោបាយក្នុងស្រុកផងដែរ ដោយសារតម្លៃប្រេងឡើងថ្លៃ ដែលអាចប៉ះពាល់ដល់សំឡេងឆ្នោតរបស់បក្សសាធារណរដ្ឋ នៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិខាងមុខនេះ៕

 

អត្ថបទដែលជាប់ទាក់ទង