យោធាអាមេរិក សម្លាប់មនុស្ស ៣នាក់ ក្នុងការវាយប្រហារលើទូកសង្ស័យដឹកគ្រឿងញៀន នៅតំបន់ប៉ាស៊ីហ្វិកខាងកើត
(វ៉ាស៊ីនតោន)៖ យោធាអាមេរិក កាលពីថ្ងៃអង្គារ ទី៥ ខែឧសភា ឆ្នាំ២០២៦ បានឱ្យដឹងថាខ្លួនបានបើកការវាយប្រហារលើទូកមួយគ្រឿងក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត ដោយសម្លាប់មនុស្ស ៣នាក់ ហើយនេះជាការវាយប្រហារលើកចុងក្រោយបំផុតមួយដែលក្រុមអ្នកធ្វើការពាក់ព័ន្ធនឹងសិទ្ធិមនុស្សបានចាត់ទុកថាជាការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
តាមទីបញ្ជាការយោធាអាមេរិកភូមិភាគខាងត្បូង ទូកដែលរងការវាយប្រហារកាលពីថ្ងៃអង្គារត្រូវបានធ្វើប្រតិបត្តិការដោយក្រុមភេរវករគ្រឿងញៀន។ ក្នុងការប្រតិបត្តិការយោធានេះដែរមិនមានកងកម្លាំងអាមេរិកណាម្នាក់រងរបួសនោះទេ។ បន្ថែមពីលើនេះ តាមទម្លាប់ដូចសព្វដង យោធាអាមេរិកមិនបានបញ្ជាក់អត្តសញ្ញាណ ឬផ្ដល់ព័ត៌មានលម្អិតអ្វីទេ ដោយគ្រាន់តែនិយាយថា ព័ត៌មានចារកម្មបានបញ្ជាក់ថាអ្នកដែលត្រូវបានសម្លាប់គឺជាភេរវករគ្រឿងញៀន។
គួរបញ្ជាក់ថា យោធាអាមេរិកមួយរយៈកាលចុងក្រោយនេះបានបើកការវាយប្រហារលើទូកសង្ស័យដឹកគ្រឿងញៀនជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់។ យោធាអាមេរិកបានបើកប្រតិបត្តិការយោធាប្រឆាំងនឹងអ្វីដែលខ្លួនហៅថាទូករត់ពន្ធគ្រឿងញៀនចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៥ ហើយគិតមកទល់ពេលនេះមានមនុស្សយ៉ាងហោច ១៧០នាក់ត្រូវបានសម្លាប់។ ក្រុមអ្នកធ្វើការពាក់ព័ន្ធនឹង សិទ្ធិមនុស្សវិញបានរិះគន់ប្រតិបត្តិការរបស់យោធាអាមេរិកថាជាការសម្លាប់មនុស្សដោយខុសច្បាប់ក្រៅប្រព័ន្ធតុលាការ៕
