កងទ័ពជើងគោកកម្ពុជា-ឥណ្ឌា បានបើកសមយុទ្ធលើកទី២ ជាផ្លូវការ ក្រោមប្រធានបទ «រួមគ្នាប្រឆាំងអំពើភេរវកម្ម និងសង្គ្រោះគ្រោះមហន្តរាយ»

(កំពង់ស្ពឺ)៖ កងទ័ពជើងគោកកម្ពុជា និងកងទ័ពជើងគោកឥណ្ឌា នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦នេះ បានបើកសមយុទ្ធយោធាទ្វេភាគីលើកទី២ ជាផ្លូវការ ក្រោមប្រធានបទ «រួមគ្នាប្រឆាំងអំពើភេរវកម្ម និងសង្គ្រោះគ្រោះមហន្តរាយ»

ពិធីបើកសមយុទ្ធយោធាទ្វេភាគីនេះបានធ្វើឡើងក្រោមវត្តមានលោកឧត្តមសេនីយ៍ឯក អ៊ួន សារឿន មេបញ្ជាការរង កងទ័ពជើងគោក និងលោកវរសេនីយ៍ឯក ABHISHEK ARORA នាយការិយាល័យអនុព័ន្ធយោធាឥណ្ឌាប្រចាំកម្ពុជា។ សមយុទ្ធយោធាទ្វេភាគីរវាងកងទ័ពជើងគោកកម្ពុជា និងឥណ្ឌានេះ ប្រព្រឹត្តទៅរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅមូលដ្ឋានកងយោធពលខេមរភូមិន្ទ តេជោសែន ភ្នំធំម្រះព្រៅ ស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលនឹងមានទាំងលំហាត់ទីបញ្ជាការ និងលំហាត់លើទីលាន ក្នុងគោលបំណងពង្រឹងសសមត្ថភាពប្រតិបត្តិការរួមគ្នា។

សមយុទ្ធទ្វេភាគីនេះផ្តោតលើលំហាត់ទីបញ្ជាការ និងលំហាត់លើទីលានក្នុងគោលដៅពង្រឹងសមត្ថភាពប្រតិបត្តិការរួមគ្នា។ សមយុទ្ធរួមនេះធ្វើឡើងស្របតាមសក្ដានុពលបច្ចុប្បន្ននៃប្រតិបត្តិការប្រឆាំងភេរវកម្មដែលកងកម្លាំងរក្សាសន្តិភាពបានជួបប្រទះក្នុងអំឡុងពេលប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

សមយុទ្ធយោធាទ្វេភាគីរវាងកងទ័ពជើងគោកកម្ពុជា និងឥណ្ឌា មានការចូលរួមពីកងទ័ពជើងគោកឥណ្ឌាចំនួន ១២០នាក់ និងកងយោធពលខេមរភូមិន្ទកម្ពុជាចំនួន ១៦០នាក់។ សមយុទ្ធយោធាកម្ពុជា-ឥណ្ឌាលើកទី២នេះ ត្រូវបានឥណ្ឌាចាត់ទុកជាការឆ្លុះបញ្ចាំងពីភាពរីកចម្រើននៃកិច្ចសហការវិស័យការពារជាតិរវាងប្រទេសទាំងពីរ។

គួរឱ្យដឹងថា នៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ កងទ័ពជើងគោកនៃសាធារណរដ្ឋឥណ្ឌា ចំនួន ១២០នាក់ បានមកដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមសមយុទ្ធទ្វេភាគី “CINBAX-II” ជាមួយកងទ័ពជើងគោកកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនងយោធា និងភាពជាដៃគូរវាងប្រទេសទាំងពីរ។

គួរបញ្ជាក់ផងដែរថា នេះគឺជាសមយុទ្ធលើកទី២ រវាងកងទ័ពទាំងពីរ បន្ទាប់ពីលើកទី១ ត្រូវបានរៀបចំឡើងនៅសាធារណរដ្ឋឥណ្ឌា ក្នុងឆ្នាំ២០២៤៕

អត្ថបទដែលជាប់ទាក់ទង