រុស្ស៉ីគំរាមការវាយប្រហារសងសឹកទ្រង់ទ្រាយធំ ប្រសិនបើអ៊ុយក្រែនរំខានដល់ការប្រារព្ធទិវាជ័យជម្នះ

(មូស្គូ)៖ រុស្ស៉ី កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ បានជំរុញឱ្យបណ្ដាស្ថានទូតបរទេស និងអង្គការអន្តរជាតិទាំងអស់ក្នុងរដ្ឋធានីកៀវ ត្រូវត្រៀមខ្លួនឱ្យបានរួចរាល់សម្រាប់ការជម្លៀស ឱ្យបានទាន់ពេលវេលានូវបុគ្គលិកស្ថានទូត និងពលរដ្ឋរបស់ខ្លួន ក្នុងករណីមានការវាយប្រហារណាមួយរបស់រុស្ស៉ីលើរដ្ឋធានីរបស់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងសេចក្ដីជូនដំណឹងមួយទៅកាន់បណ្ដាស្ថានទូតបរទេស រុស្ស៉ីបានព្រមានថាខ្លួនអាចបើកការវាយប្រហារសងសឹកទ្រង់ទ្រាយធំលើរដ្ឋធានីរបស់អ៊ុយក្រែន ប្រសិនបើអ៊ុយក្រែនហ៊ានតែ បង្កការរំខានដល់ការប្រារព្ធទិវាជ័យជម្នះសង្រ្គាមលោកលើកទី២ ក្នុងទីក្រុងមូស្គូ នៅថ្ងៃទី៩ ខែឧសភា។ ការព្រមានបែបនេះរបស់ទីក្រុងមូស្គូធ្វើឡើងជាការឆ្លើយតបទៅនឹង ការអត្ថាធិប្បាយមួយរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។

លោកស្រី Maria Zakharova ជាអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ីបាននិយាយថា លោក ហ្សេលេនស្គី បានធ្វើសេចក្ដីថ្លែងការណ៍យ៉ាងគឃ្លើន និងគំរាមកំហែងអំពីការបង្កការរំខានដល់ការប្រារព្ធទិវាជ័យជម្នះអំឡុងការកត់សម្គាល់មួយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ នៅឯកិច្ចប្រជុំសហគមន៍នយោបាយអឺរ៉ុបក្នុងប្រទេសអាមេនី។

គួរបញ្ជាក់ថា នៅក្នុងការកត់សម្គាល់របស់លោកក្នុងប្រទេសអាមេនី លោក ហ្សេលេនស្គីបានលើកឡើងអំពីការប្រកាសរបស់រុស្ស៉ីថាការរៀបចំប្រារព្ធទិវាជ័យជម្នះត្រូវបានកាត់បន្ថយទំហំនៃការរៀបចំពិធី និងប្រព្រឹត្តទៅដោយមិនមានការសម្ញែងអាវុធឡើយ។ លោក ហ្សេលេនស្គីបន្ថែមថាវានឹងក្លាយជាលើកដំបូងក្នុងពេលជាច្រើនឆ្នាំមកនេះដែលរុស្ស៉ីមិនអាចដាក់បង្អួតបរិក្ខារយោធា និងភ័យខ្លាច ថាដ្រូនហោះពីលើទីលានក្រហម៕

អត្ថបទដែលជាប់ទាក់ទង