រោងចក្រត្រីខកំប៉ុងនៅខេត្តសមុទ្រសាគរ ប្រទេសថៃ ត្រូវបិទទ្វារបណ្ដោះអាសន្ន ក្រោយត្រីខជាង ១ម៊ឺនកំប៉ុងមានកំហុសបច្ចេកទេស និងស្តង់ដារផលិតកម្ម

ថៃឡង់ដ៍៖ រោងចក្រត្រីខកំប៉ុងមួយកន្លែងក្នុងខេត្តសមុទ្រសាគរ

(សាមុតសាខន) ត្រូវអាជ្ញាធរបញ្ជាឱ្យបញ្ឈប់ប្រតិបត្តិការ បន្ទាប់ពីប្រព័ន្ធចម្រោះទឹកកខ្វក់មិនគ្រប់តាមស្តង់ដារ និងត្រូវបានអាជ្ញាធររកឃើញថា បានបិទស្លាកសញ្ញាភូតកុហកអ្នកប្រើប្រាស់។ លោកស្រី Supamas Isarabhakdi រដ្ឋមន្ត្រីអមទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃព្រហស្បតិ៍ បានផ្ដល់ព័ត៌មានថ្មីអំពីបញ្ហាផលិតផលត្រីខកំប៉ុង ក្រោយការចុះត្រួតពិនិត្យក្រុមហ៊ុន Srirungngam Foods Co Ltd ក្នុងស្រុកមឿង ខេត្តសាមុតសាខន កាលពីថ្ងៃទី ៦ ខែឧសភា។

កាលពីថ្ងៃទី៦ ខែឧសភា ស្ថាប័នរដ្ឋបាលចំណីអាហារ និងឱសថ (FDA) របស់ប្រទេសថៃ បានបញ្ជាឱ្យប្រមូលមកវិញ និងដកហូតផលិតផលត្រីខកំប៉ុងជាង ១៣,០០០ កំប៉ុង បន្ទាប់ពីរកឃើញថា រោងចក្រមួយនៅខេត្ត Samut Sakhon មិនបានអនុវត្តតាមស្តង់ដារផលិតកម្មល្អ (GMP) និងបានប្រើប្រាស់ប្រភេទត្រីមិនត្រឹមត្រូវតាមអ្វីដែលបានបិទលើស្លាកសញ្ញាផលិតផល ។

លោកស្រី Supamas Isarabhakdi បញ្ជាក់ថា លោក Amnart Charoensri អភិបាលខេត្តសាមុតសាខន បានរាយការណ៍ថា ការចុះពិនិត្យរបស់មន្ទីរឧស្សាហកម្មខេត្ត រកឃើញថាប្រព័ន្ធចម្រោះទឹកកខ្វក់របស់រោងចក្រនេះ មិនបានអនុវត្តតាមស្តង់ដារដែលបានកំណត់ឡើយ។ ជាលទ្ធផល ក្រុមហ៊ុនត្រូវធ្វើការផ្អាកដំណើរការជាបណ្តោះអាសន្ន ដើម្បីកែលម្អកន្លែងផលិតឱ្យស្របតាមស្តង់ដារផលិតកម្មល្អ (GMP)។

ក្រៅពីនេះ ម្ចាស់អាជីវកម្មត្រូវអាជ្ញាធររកឃើញថា បានប្រើប្រាស់ត្រីប្រភេទផ្សេងមកជំនួសត្រី Mackerel ដែលបានសរសេរនៅលើស្លាកសញ្ញា ដោយកំហុសនេះអាចចាត់ទុកថាជាការផលិតអាហារក្លែងក្លាយតាមច្បាប់អាហារឆ្នាំ ១៩៧៩។ បទល្មើសនេះ ត្រូវមានទោសជាប់ពន្ធនាគារចាប់ពី ៦ ខែ ដល់ ១០ ឆ្នាំ និងពិន័យជាប្រាក់ពី ៥,០០០ ទៅ ១០០,០០០ បាត។

ក្រុមហ៊ុនក៏ប្រឈមនឹងការចោទប្រកាន់ពីបទបិទស្លាកសញ្ញាមិនត្រឹមត្រូវ ដោយធ្វើឱ្យអ្នកប្រើប្រាស់យល់ច្រឡំលើគុណភាពផលិតផល ដែលមានទោសពិន័យជាប្រាក់រហូតដល់ ៣០,០០០ បាត។ ប្រសិនបើម្ចាស់អាជីវកម្មអាចកែលម្អទីតាំង និងដំណើរការផលិតឱ្យគ្រប់ស្តង់ដារឡើងវិញ ទើបអាជ្ញាធរចុះពិនិត្យម្តងទៀត ហើយមានតែការជាប់តេស្តគុណភាពប៉ុណ្ណោះ ទើបអនុញ្ញាតឱ្យបើកដំណើរការឡើងវិញបាន ៕

ប្រែសម្រួល៖ ឡេង លាងហេង

ប្រភព៖ The Nation Thailand.

អត្ថបទដែលជាប់ទាក់ទង