នាយករដ្ឋមន្ត្រី កាតា ប្រាប់​អ៊ីរ៉ង់​​កុំ​ឲ្យ​យក​ច្រកសមុទ្រ Hormuz ធ្វើជាសន្លឹកបៀនយោបាយ

ក្រសួងការបរទេសកាតា បានបញ្ជាក់កាលពីថ្ងៃអាទិត្យ ទី១០ ខែឧសភា ថា នាយករដ្ឋមន្ត្រីកាតា បានប្រាប់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ថា ការប្រើប្រាស់ច្រកសមុទ្រ Hormuz ជា «ឧបករណ៍សម្រាប់ដាក់សម្ពាធ» នឹងមានតែធ្វើឲ្យវិបត្តិនៅក្នុងតំបន់ឈូងសមុទ្រ កាន់តែធ្លាក់ដុនដាបខ្លាំងឡើងប៉ុណ្ណោះ។

លោក Al Thani និងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi (រូបភាព៖Reuters)

យោងតាមទីភ្នាក់ងារសារព័ត៌មាន Jerusalem នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi នាយករដ្ឋមន្ត្រីកាតា លោក Mohammed bin Abdulrahman Al Thani បានសង្កត់ធ្ងន់ថា គ្រប់ភាគីជម្លោះទាំងអស់ គួរតែឆ្លើយតបចំពោះកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល ដើម្បីបញ្ចប់សង្គ្រាម។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកាតា បានបញ្ជាក់ថា ​នាយករដ្ឋមន្ត្រី Al Thani បានសង្កត់ធ្ងន់ថា «សេរីភាពនៃការធ្វើនាវាចរណ៍គឺជាគោលការណ៍គ្រឹះដ៏រឹងមាំមួយដែលមិនអាចរំលោភបំពានបាន ហើយការបិទច្រកសមុទ្រ Hormuz ឬការប្រើប្រាស់វាជាសន្លឹកបៀសម្រាប់ដាក់សម្ពាធ មានតែជួយឲ្យវិបត្តិកាន់តែរីករាលដាលតែប៉ុណ្ណោះ»។

ក្រសួងការពារជាតិនៃ​ប្រទេស​អារ៉ាប់រួម (UAE) បានប្រកាសថា ប្រព័ន្ធការពារអាកាសរបស់ខ្លួនបានបាញ់ស្ទាក់ និងកម្ទេចដ្រូនចំនួន ២ គ្រឿង ដែលហោះចេញពីប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ។ ការបន្តវាយប្រហារចុងក្រោយបង្អស់នេះបានកើតឡើង ចំពេលដែលភាពតានតឹងក្នុងតំបន់កំពុងផ្ទុះឡើងជាថ្មី បើទោះបីជាមានការប្រកាស​បទ​ឈប់បាញ់កាលពីពេលថ្មីៗនេះក៏ដោយ៕

អត្ថបទដែលជាប់ទាក់ទង