មានបទឈប់បាញ់ ដូចមិនមាន៖ ត្រឹម ២៤ម៉ោង អ៊ីស្រាអែលសម្លាប់ពលរដ្ឋលីបង់៥១នាក់ និងបុគ្គលិកពេទ្យ ២រូប
ក្រសួងសុខាភិបាលលីបង់លើកឡើងថា ទោះបីមានបទឈប់បាញ់ ការវាយប្រហាររបស់អ៊ីស្រាអែលក្នុងរយៈពេល ២៤ម៉ោង នៅភាគខាងត្បូងលីបង់ សម្លាប់មនុស្ស ៥១នាក់ រួមទាំងបុគ្គលិកពេទ្យពីរនាក់ផងដែរ។ នេះបើយោងតាមសារព័ត៌មាន Al Jazeera ផ្សាយថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ។
ក្រសួង និយាយថា៖ « សត្រូវអ៊ីស្រាអែលនៅតែបន្តរំលោភច្បាប់អន្តរជាតិនិងបទដ្ឋានមនុស្សធម៌ ដោយបន្ថែមឧក្រិដ្ឋកម្មបន្ថែមទៀតប្រឆាំងនឹងគ្រូពេទ្យសង្គ្រោះបន្ទាន់ ព្រោះពួកគេបានកំណត់គោលដៅដោយផ្ទាល់ទៅលើចំណុចពីររបស់មូលដ្ឋានសុខាភិបាលនៅតំបន់ Qalawiya និង Tibnin ស្រុក Bint Jbeil ក្នុងការវាយឆ្មក់ពីរលើក»។

គួរបញ្ជាក់ថា អ៊ីស្រាអែលនៅតែវាយប្រហារមកលើប្រទេសលីបង់ស្ទើរតែរៀងរាល់ថ្ងៃ ទោះបីជាមានបទឈប់បាញ់សម្របសម្រួលដោយសហរដ្ឋអាមេរិកកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ក៏ដោយ និងបានពន្យារពេលបទឈប់បាញ់ដើម្បីបើកផ្លូវឲ្យមានការចរចាសន្តិភាពក៏ដោយ។
ក្រសួងសុខាភិបាលលីបង់ បានបន្ថែមទៀតថា មនុស្សចំនួន ២ ៨៤៦នាក់ ត្រូវបានសម្លាប់នៅទូទាំងប្រទេស ចាប់តាំងពីថ្ងៃទី០២ ខែមីនា ពេល កងកម្លាំងអ៊ីស្រាអែលបានចាប់ផ្តើមប្រតិបត្តិការយោធានាពេលថ្មីៗ។
ចាប់តាំងពីពេលនោះមក អង្គការសហប្រជាជាតិ (UN) លើកឡើងថា យ៉ាងហោចណាស់បុគ្គលិកពេទ្យលីបង់ចំនួន ១០៣នាក់ត្រូវបានសម្លាប់ និង ២៣០នាក់ រងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលជាង ១៣០ដង។
លោក Ali Safiuddin ប្រធានការពារជនស៊ីវិលលីបង់ នៅទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ប្រាប់ Al Jazeera ថា៖ « យើងស្ថិតនៅក្រោមការគំរាមកំហែងរៀងរាល់វិនាទី ជារៀងរាល់ថ្ងៃ។ យើងសួរខ្លួនឯងថាតើយើងនឹងរស់រានមានជីវិត ឬប្រសិនបើយើងនឹងស្លាប់ យើងក៏ដឹងថាយើងបានលះបង់ជីវិត ដោយធ្វើការនៅទីនេះរួចហើយ។ យើងបាត់បង់មនុស្សជាច្រើន ហើយវាមានអារម្មណ៍ថាយើងបានបាត់បង់ទៅហើយដែរ»។
គួររម្លឹកថា ការវាយប្រហាររបស់អ៊ីស្រាអែលធ្វើឱ្យប្រជាជនលីបង់ជាង ១.២លាននាក់ផ្លាស់ទីលំនៅ ចាប់តាំងពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ ។