បង្ក្រាបបទល្មើស Online Scam ឃាត់ខ្លួនមនុស្ស ៩ នាក់ ដកហូតសម្ភារៈមួយចំនួនធំ នៅសង្កាត់វាលស្បូវ

គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ បានបន្តបង្រ្កាបបទល្មើសអនឡាញស្កេម «Online Scam» ដោយឃាត់ខ្លួនមនុស្សចំនួន ៩ នាក់ និង ដកហូតបានសម្ភារៈមួយចំនួនធំ។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៦ នៅផ្លូវលំ ភូមិព្រែកជាងព្រហ្ម សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

អាជ្ញាធរ បានឲ្យដឹងថា លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌច្បារអំពៅ បានដឹកនាំក្រុមការងារចម្រុះ រួមទាំង លោក ម៉ៅ សឿត អធិការខណ្ឌច្បារអំពៅ ដឹកនាំកម្លាំងសហការ ដោយមានការសម្របសម្រួលផ្លូវច្បាប់ពី លោក ទិន សុចិត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងផ្ទះលេខ ២២៧ ផ្លូវលំ ភូមិព្រែកជាងព្រហ្ម សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលបានយកទីតាំងខាងលើប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា «Online Scam»។

អាជ្ញាធរ បញ្ជាក់ថា ការចុះត្រួតពិនិត្យនេះ រកឃើញមនុស្សចំនួន ៩ នាក់ (ជនជាតិចិន ៨ នាក់ , ជនជាតិវ៉ានូអាទូ ១ នាក់)។ ចំណែកសម្ភារៈដកហូតមានដូចជា ៖ ទូរស័ព្ទដៃចំនួន ៤១ គ្រឿង , ឡេបថបចំនួន ៧ គ្រឿង , កាំភ្លើងចំនួន ១ ដើម និង គ្រាប់កាំភ្លើងចំនួន ៤៩ គ្រាប់៕

អត្ថបទដែលជាប់ទាក់ទង