ថៃបារម្ភថា ការអូសបន្លាយនៃបញ្ហាព្រំដែនធ្វើឱ្យប្រទេសដទៃដណ្ដើមទីផ្សាររបស់ខ្លួននៅកម្ពុជាកាន់តែច្រើន
វិស័យឯកជនថៃកំពុងបារម្ភកាន់តែខ្លាំងឡើងថា ការអូសបន្លាយនៃជម្លោះព្រំដែនថៃ-កម្ពុជាកំពុងបើកផ្លូវឱ្យប្រទេសដទៃដណ្ដើមចំណែកទីផ្សាររបស់ខ្លួននៅកម្ពុជាកាន់តែច្រើនទៅៗ ខណៈការរំខានពាណិជ្ជកម្ម និងពហិការលើទំនិញថៃ នៅតែបន្តប៉ះពាល់ដល់អាជីវកម្មថៃដែលកំពុងប្រតិបត្តិការក្នុងប្រទេសកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។

ប្រធានក្រុមប្រឹក្សាពាណិជ្ជកម្មថៃ-កម្ពុជា លោក Voratat Tantimongkolsuk បាននិយាយថា ជម្លោះព្រំដែន និងការបិទព្រំដែនតាំងតែពីឆ្នាំមុខមក បានប៉ះពាល់ដល់ពាណិជ្ជកម្ម ការវិនិយោគ និងអាជីវកម្មនៅភាគីទាំងសងខាង ហើយបញ្ហាដដែលនេះ បានបើកឱកាសសម្រាប់ដៃគូប្រកួតប្រជែងដូចជា វៀតណាម ម៉ាឡេស៊ី និងសិង្ហបុរី ដើម្បីពង្រីកវត្តមានរបស់ពួកគេនៅលើទីផ្សារកម្ពុជា។
ទិន្នន័យបង្ហាញថា ផលិតផលពីប្រទេសទាំងនោះ បានជំនួសទំនិញថៃកាន់តែច្រើននៅកម្ពុជា ទោះបីជាពួកគេត្រូវចំណាយថ្លៃដឹកជញ្ជូនខ្ពស់ជាងថៃក៏ដោយ។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០២៦ តម្លៃពាណិជ្ជកម្មរបស់សិង្ហបុរីជាមួយកម្ពុជាបានកើនឡើងជាង ២០០% វៀតណាមកើនឡើងជាង ៤% ហើយម៉ាឡេស៊ីកើនឡើងប្រហែល ៥១%។
លោក Voratat បានថ្លែងថា៖ «ពេលយើងឈ្លោះគ្នា អ្នកដទៃចូលមកជំនួសយើង» ដោយបន្ថែមថា ផលិតផលថៃកំពុងប្រឈមមុខនឹងគុណវិបត្តិកាន់តែខ្លាំងឡើង មិនត្រឹមតែដោយសារតែបញ្ហាភស្តុភារប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារតែ «អារម្មណ៍ប្រឆាំងថៃ» កើនឡើងនៅកម្ពុជាផងដែរ ដែលបណ្តាលឱ្យការបញ្ជាទិញទំនិញថៃធ្លាក់ចុះជាបន្តបន្ទាប់។
អ្នកជំនាញដដែលបានបន្តថា ថៃបានបញ្ចៀសការបង្ហាញថាខ្លួនឯងរងផលប៉ះពាល់យ៉ាងដំណំពីភាពតានតឹងព្រំដែន ប៉ុន្តែការពិតបានរងការខូចខាតសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។

ការបិទព្រំដែនតាំងតែពីខែមិថុនាឆ្នាំមុនមក បានធ្វើឱ្យពាណិជ្ជកម្មតាមព្រំដែនគោករវាងប្រទេសទាំង២ ធ្លាក់ចុះស្ទើរតែទាំងស្រុង។ យ៉ាងណាមិញ លោក Voratat បានកត់សម្គាល់ថា ការធ្លាក់ចុះសេដ្ឋកិច្ចមិនអាចបន្ទោសតែទៅលើស្ថានភាពព្រំដែននោះទេ ដោយសារកត្តាសកលជាច្រើនក៏បានរួមចំណែកផងដែរ រួមទាំងសេដ្ឋកិច្ចពិភពលោកចុះខ្សោយ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ជម្លោះនៅមជ្ឈិមបូព៌ា ពន្ធអាមេរិក និងការឆបោក ដែលប៉ះពាល់ដល់ទំនុកចិត្តពាណិជ្ជកម្ម និងទេសចរណ៍។
ការវិនិយោគរបស់ថៃនៅកម្ពុជា ដែលត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៤-៥ ប៊ីលានដុល្លារអាមេរិក ក៏មើលឃើញពីផលប៉ះពាល់ធ្ងន់ផងដែរ។ អាជីវកម្មជាច្រើនបានកាត់បន្ថយប្រតិបត្តិការ ផ្អាកសកម្មភាព ឬដាក់លក់អាជីវកម្ម ជាពិសេសអ្នកលក់រាយ រោងចក្រកាត់ដេរ សណ្ឋាគារ ភោជនីយដ្ឋាន និងអាជីវកម្មសេវាកម្មតំបន់ព្រំដែន ដោយសារតែខ្សត់អតិថិជន។
របាយការណ៍មួយពីការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្មថៃ ក្រោមក្រសួងពាណិជ្ជកម្មបានរកឃើញថា អាជីវកម្មថៃតាមបណ្ដោយព្រំដែនជាប់កម្ពុជាប្រហែល ៣០% បានបិទទ្វាររួចហើយ ដោយសារតែពួកគេលែងអាចទ្រាំទ្រនឹងការចំណាយប្រតិបត្តិការបានតទៅមុខទៀត។ វិស័យដែលរងផលប៉ះពាល់រួមមាន ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុនពាណិជ្ជកម្ម ភោជនីយដ្ឋាន និងសណ្ឋាគារ។
ក្រុមហ៊ុនជាច្រើន ក៏បានផ្អាកការជួល និងកាត់បន្ថយការចំណាយលើឃ្លាំង និងប្រាក់ខែ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បី «រស់បន្ត» ក្នុងស្ថានភាពមិនប្រាកដប្រជាដ៏យូរអង្វែង។
លោក Voratat បាននិយាយថា រដ្ឋាភិបាលថៃ និងកម្ពុជា គួរតែបន្តការចរចាជាបន្ទាន់ និងបន្ធូរបន្ថយភាពតានតឹង ដើម្បីការពារការខូចខាតសេដ្ឋកិច្ចបន្ថែមទៀត។ បញ្ហាដែលមិនទាន់អាចដោះស្រាយបាន អាចត្រូវការពេលវេលាបន្ថែមទៀតសម្រាប់ការពិភាក្សា ខណៈវិស័យដែលអាចព្រមព្រៀងគ្នាបាន គួរតែបន្តទៅមុខភ្លាមៗ ដើម្បីស្តារទំនុកចិត្តលើពាណិជ្ជកម្ម និងការវិនិយោគ។
លោកបានព្រមានថា ការកើនឡើងកាន់តែខ្លាំងនៃអារម្មណ៍ជាតិនិយម និងអារម្មណ៍អយុត្តិធម៌ក្នុងចំណោមប្រជាជននៅប្រទេសទាំង២ អាចបង្កើតសម្ពាធនយោបាយ និងធ្វើឱ្យការសម្របសម្រួលកាន់តែពិបាកសម្រាប់រដ្ឋាភិបាលទាំង២។
លោក Voratat បានថ្លែងយ៉ាងដូច្នេះថា៖ «នៅទីបញ្ចប់ គ្មាននរណាម្នាក់ចង់ឃើញជម្លោះអូសបន្លាយនោះទេ ពីព្រោះផលប៉ះពាល់មិនត្រឹមតែលើរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដោយផ្ទាល់ដល់ប្រតិបត្តិករអាជីវកម្ម កម្មករ និងសេដ្ឋកិច្ចនៃប្រទេសទាំង២។ រឿងសំខាន់គឺត្រូវស្វែងរកផ្លូវត្រឡប់ទៅរកការចរចាវិញ ដើម្បីកុំឱ្យការខូចខាតរីករាលដាលបន្ថែមទៀត»៕