បង្ក្រាបទីតាំងរករ៉ែមាសខុសច្បាប់ ​៣ទីតាំង នៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងខេត្តស្ទឹងត្រែង

(ស្ទឹងត្រែង)៖ មន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង សហការជាមួយសមត្ថកិច្ចនគរបាលជាតិ និងកងយោធពលខេមរភូមិន្ទ អាជ្ញាធរមូលដ្ឋាន និងប្រជាពលនៃសហគមន៍តំបន់ការពារធម្មជាតិក្នុងខេត្តស្ទឹងត្រែង នៅថ្ងៃទី១០-១២ ខែឧសភា ឆ្នាំ២០២៦ បានចុះទៅត្រួតពិនិត្យ ទប់ស្កាត់ បង្រ្កាបបទល្មើសធ្វើអាជីកម្មរ៉ែខុសច្បាប់ គ្រប់រូបភាព ស្ថិតក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ភូមិសាស្រ្តខេត្តស្ទឹងត្រែង។

ក្នុងប្រតិបត្តិការខាងលើ ក្រុមការងារបានរកឃើញឃើញនៅចំណុចភ្នំកាពិន ស្ថិតក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ភូមិសាស្រ្តភូមិគិរីវង្សា ឃុំសន្តិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង មានរោងប្រក់តង់កៅស៊ូ (អញ្ញាតជន) និងកន្លែងរករ៉ែខុសច្បាប់ ចំនួន៣ទីតាំង ក្រុមការងារបានប្រមូលយកកវត្ថុតាង ដែលជនសង្ស័យ បានលាក់ទុកនៅក្បែរទីតាំងនោះ រួមមាន ឧបករណ៍សម្រាប់រែងមាស (ឆាងម៉ាង) ប៉ែល យកមករក្សាទុក នៅស្នាក់ការឧទ្យានជាតិ ក្នុងស្រុកសៀមប៉ាង និងធ្វើការរុះរើរោងតង់ស្នាក់របស់ជនសង្ស័យផងដែរ។

សូមបញ្ជាក់ករណីទីតាំងខាងលើនេះ មន្រ្តីជំនាញនៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ធ្លាប់បានចុះបង្រ្កាប និងបានកសាងសំណុំរឿងបញ្ជូន ទៅអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ជាបន្តបន្ទាប់កន្លងមកផងដែរ។ ក្រុមការងារនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ បានបន្តចុះបង្ក្រាបការធ្វើរ៉ែខុសច្បាប់នៅតាមតំបន់ការពារធម្មជាតិ ធ្វើឡើងក្នុងគោលបំណង ការពារធនធានធម្មជាតិ និងបរិស្ថាននៅក្នុងតំបន់ការពារធម្មជាតិ។

ជាមួយគ្នានេះ សមត្ថកិច្ចបន្តនីតិវិធីច្បាប់ ស៊ើបអង្កេត ស្វែងរកជនល្មើសយ៉ាងតឹងរ៉ឹងដើម្បីទប់ស្កាត់សកម្មភាពខុសច្បាប់ទាំងនេះ៕

អត្ថបទដែលជាប់ទាក់ទង