UN ទាមទារឱ្យអ៊ីស្រាអែលចាត់វិធានការ ទប់ស្កាត់សកម្មភាពប្រល័យពូជសាសន៍នៅហ្គាហ្សា
អង្គការសហប្រជាជាតិ (UN) ទាមទារឱ្យអ៊ីស្រាអែលចាត់វិធានការទប់ស្កាត់សកម្មភាពដែលប្រព្រឹត្តអំពើប្រល័យពូជសាសន៍ នៅតំបន់ហ្គាហ្សា ថែមទាំងថ្កោលទោសពីការសម្អាតជនជាតិភាគតិចក្នុងទឹកដីប៉ាឡេស្ទីន ជាពិសេសតំបន់ West Bank ។
យោងតាមសារព័ត៌មាន TRT World ផ្សាយថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ក្នុងរបាយការណ៍ថ្មីមួយកាលពីថ្ងៃចន្ទ ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានលើកឡើងថា សកម្មភាពរបស់អ៊ីស្រាអែលក្នុងតំបន់ហ្គាហ្សា ចាប់តាំងពីការចាប់ផ្តើមសង្គ្រាម នៅខែតុលា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ មានករណីជាច្រើនក្លាយទៅជាឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មឃោរឃៅផ្សេងទៀត។

ប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោក Volker Turk បានអំពាវនាវក្នុងរបាយការណ៍ស្តីពីអ៊ីស្រាអែល ត្រូវធានាលើការអនុលោមតាមបញ្ជារបស់តុលាការយុត្តិធម៌អន្តរជាតិ ឆ្នាំ ២០២៤ ចាត់វិធានការទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅតំបន់ហ្គាហ្សា។
របាយការណ៍ចោទប្រកាន់ថា៖ « ការបំផ្លិចបំផ្លាញដោយចេតនា និងខុសច្បាប់លើតំបន់ហ្គាហ្សារួមនឹងការបោសសម្អាត និងការបំផ្លិចបំផ្លាញផ្នែកធំៗនៃជំរំជនភៀសខ្លួននៅភាគខាងជើងតំបន់ West Bank បានរួមចំណែកដល់ការបង្ខំប្រជាជនប៉ាឡេស្ទីនឱ្យចាកចេញពីផ្ទះ។ ការណ៍នេះ ជាសញ្ញាយ៉ាងច្បាស់លាស់ថាអ៊ីស្រាអែលមានបំណងធ្វើឱ្យការផ្លាស់ទីលំនៅរបស់ពលរដ្ឋជាអចិន្ត្រៃយ៍»។
របាយការណ៍លើកឡើងទៀតថា ការរំលោភបំពានម្តងហើយម្តងទៀតរបស់អ៊ីស្រាអែលនៅទូទាំងទឹកដីប៉ាឡេស្ទីន បង្ហាញពីគោលបំណងផ្តល់ការដាក់ទណ្ឌកម្មរួមគ្នាលើប្រជាជនប៉ាឡេស្ទីននិងការបង្ខំឱ្យផ្លាស់ទីលំនៅ ការបោសសម្អាត និងការសម្អាតជនជាតិភាគតិចក្នុងទឹកដីប៉ាឡេស្ទីន៕