អាមេរិកបន្តដក​ទណ្ឌកម្មលើប្រេងរុស្ស៊ី ៣០ ថ្ងៃទៀត ចំពេលការផ្គត់ផ្កង់សកលតឹងតែង

សហរដ្ឋអាមេរិកបានបន្ថែមពេល​លើកលែងទណ្ឌកម្ម​លើប្រេងរបស់រុស្ស៊ីរយៈពេល ៣០ ថ្ងៃទៀត ​ចំពេលដែល​ការផ្គត់ផ្គង់ប្រេងសកលនៅតែតឹងតែង ហើយតម្លៃ​ប្រេងអន្តរជាតិនៅតែខ្ពស់ជាង ១០០ ដុល្លារ/បារ៉ែល។

ការលើកលែងនេះ ធ្វើឡើងក្នុងបទបញ្ជាថ្មីពីការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសនៃ​ក្រសួងរតនាគារសហរដ្ឋអាមេរិក ដែល​អនុញ្ញាតឱ្យប្រទេសនានាបន្តទិញប្រេងរុស្ស៊ីដែលជាប់គាំងលើដែនសមុទ្រ និងមាន​សុពលភាពដល់ថ្ងៃទី ១៧ ខែមិថុនា។ ​

មែនទែនទៅ ចំណាត់ការដដែល ត្រូវបាន​ដាក់ចេញដើម្បីជំនួសការលើកលែងចាស់ ដែលបាន​ផុតកំណត់នៅថ្ងៃទី ១៦ ឧសភា។ ​យ៉ាងណាមិញ វាមិនអនុវត្តចំពោះប្រតិបត្តិការណាមួយដែលពាក់ព័ន្ធនឹងបុគ្គល ឬក្រុមហ៊ុនមកពីអ៊ីរ៉ង់ កូរ៉េខាងជើង គុយបា ឬតំបន់អ៊ុយក្រែនដែលគ្រប់គ្រងដោយរុស្ស៊ីនោះទេ។

​សហរដ្ឋអាមេរិក​បាននិយាយថា ​ការលើកទណ្ឌកម្មដដែល មានគោលបំណងរក្សាលំហូរប្រេង​នៅលើទីផ្សារពិភពលោក និងការពារការកើនឡើង​តម្លៃប្រេងឥន្ធនៈ និងអតិផរណាបន្ថែមទៀត​។ លោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារ​អាមេរិក បាននិយាយថា ការអនុញ្ញាតឱ្យរុស្ស៊ីលក់ប្រេងមួយចំនួន ​នឹងជួយផ្គត់ផ្គង់ដល់ប្រទេសដែលត្រូវការថាមពល​ខ្លាំង​បំផុត និងកាត់បន្ថយសមត្ថភាពរបស់​ចិន ក្នុងការ​ស្ដុក​ប្រេងដែលរុស្ស៊ី​លក់ឱ្យ​ថោកៗ​។

គួរគូសបញ្ជាក់ថា អាមេរិកបានចេញវិធាន​ដក​ទណ្ឌកម្មលើប្រេងរបស់រុស្ស៊ីជាលើកដំបូងរយៈពេល ៣០​ ថ្ងៃ បន្ទាប់ពីជម្លោះពាក់ព័ន្ធនឹងអ៊ីរ៉ង់បានបង្កឱ្យមានការព្រួយបារម្ភអំពីការផ្គត់ផ្គង់សកល និងបានជំរុញឱ្យតម្លៃប្រេងកើនឡើង ដោយសារតែការបិទខ្ទប់ច្រកសមុទ្រហ័រមូហ្ស៕

អត្ថបទដែលជាប់ទាក់ទង