ប្រតិបត្តិការបង្ក្រាប Online Scams អាជ្ញាធររាជធានី បន្តឃាត់ខ្លួនជនបរទេស១៨នាក់ លើ៣ទីតាំងផ្សេងគ្នា

កម្លាំbគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានចុះរដ្ឋបាលឆែកឆេរត្រួតពិនិត្យទីតាំងស្នាក់នៅរបស់ជនបរទេស ៣កន្លែងផ្សេងគ្នា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយបានឃាត់ជនបរទេស១៨នាក់ ពាក់ព័ន្ធនឹងបទល្មើស Online Scams និងការស្នាក់នៅដោយខុសច្បាប់។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយកលោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងក្រោមការសម្របសម្រួលនីតិវិធីច្បាប់ ដោយតំណាងអយ្យការផងដែរ។

ទីតាំងទី១ កម្លាំងអាជ្ញាធរចម្រុះ ចុះត្រួតពិនិត្យ នៅសណ្ឋាគារ ហ្គោលដិនផត ស្ថិតនៅភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយបានរកឃើញជនជាតិចិន០៧នាក់ (គ្មានលិខិតឆ្លងដែន) ជាប់ពាក់ព័ន្ធបទល្មើស Online Scams ។ ដោយបានដកហូតវត្ថុតាងរួមមាន កុំព្យូទ័រ All In One ចំនួន ០១គ្រឿង , ទូរស័ព្ទដៃ ចំនួន ០៩គ្រឿង ។

ទីតាំងទី២ នៅចំណុចសណ្ឋាគារ ទូកណូអេ ស្ថិតនៅភូមិទ្រង់មាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ រកឃើញជនជាតិចិន០៥នាក់ ក្នុងនោះ០៣នាក់ (គ្មានលិខិតឆ្លងដែន) និង០២នាក់ទៀត (ស្នាក់នៅហួសទិដ្ឋាការ) ។

ទីតាំងទី៣ នៅចំណុចខុនដូរ និងអគារពាណិជ្ជកម្មមួយក្នុង ភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ រកឃើញជនបរទេស០៦នាក់(ស្រី០១នាក់) ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ។ ដោយដកហូតវត្ថុតាងមាន ម៉ូនីទ័រ ចំនួន ៣២គ្រឿង , CPU  ចំនួន ១៧គ្រឿង , All In One ចំនួន ០១គ្រឿង , ទូរស័ព្ទដៃ ចំនួន ០៣គ្រឿង ។

ក្រុមជនសង្ស័យទាំងអស់ និងវត្ថុតាងពាក់ព័ន្ធត្រូវបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់៕

 

 

អត្ថបទដែលជាប់ទាក់ទង