នគរបាលខេត្តស្វាយរៀង បង្ក្រាបករណីជួញដូរគ្រឿងញៀនឃាត់ខ្លួនជនជាតិចិន៣នាក់ ដកហូតថ្នាំញៀនជាង១០គីឡូ និងអាវុធវែងមួយដើម
កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សហការជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងបាវិត កាលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងរក្សាទុក ដោយខុសច្បាប់នូវសាធាតុញៀន ឃាត់ខ្លួនជនជាតិចិន៣នាក់ ដកហូតថ្នាំញៀនជាង១០គីឡូក្រាម និងអាវុធវែងមួយដើម។ ប្រតិបត្តិការនេះធ្វើឡើងនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត។

ក្នុងប្រតិបត្តិការ កម្លាំងជំនាញបានរកឃើញសារធាតុញៀនទម្ងន់សរុប ១០គីឡូ ៩៧៣.២១ក្រាម ជញ្ជីងថ្លឹង ០១គ្រឿង អាវុធវែង ០១ដើម,បង់០២ និងគ្រាប់ ៤០គ្រាប់ ទូរស័ព្ទដៃ ០៣គ្រឿង និងសម្ភារមួយចំនួនទៀត។
មកដល់ពេលនេះ ជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់៕





