ភាគខាងត្បូងថៃ វឹកវរ! ក្រុមផ្តាច់ខ្លួន ដុតបំផ្លាញរោងចក្រ ផលិតផ្ទាំងសូឡា បង្កការបំផ្លិចបំផ្លាញ ធំធេង

ភាគខាងត្បូងប្រទេសថៃ នៅតែបន្តពុះកញ្ជ្រោល ដោយការវាយប្រហារហិង្សាពីសំណាក់ ក្រុមផ្តាច់ខ្លួន មានទាំងការបាញ់ប្រហារ និងបំផ្ទុះគ្រាប់បែក ខណៈចុងក្រោយបំផុតនេះ ក្នុងខេត្ត Pattani ឈានដល់ការដុតបំផ្លាញរោងចក្រផលិតផ្ទាំងសូឡា ដ៏ធំមួយទៀត បង្កភាពវឹកវរយ៉ាងខ្លាំង។

តាមការផ្សាយរបស់ Khaosod, ក្នុងការវាយប្រហារចុងក្រោយនេះ ក្រុមផ្តាច់ខ្លួន បានដុតកម្ទេចរោងចក្រផលិតផ្ទាំងសូឡា របស់ក្រុមហ៊ុន Gunkul Solar Power Generation Co., Ltd នៅឃុំ Talo Kapo នៃស្រុក Yaring នាវេលាម៉ោង ៣:៤៥ នាទី ទាបភ្លឺ ថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២៦។

បញ្ជាការដ្ឋានជួរមុខ ភូមិភាគ៤ នៃបញ្ជាការដ្ឋានប្រតិបត្តិការរក្សាសន្តិសុខផ្ទៃក្នុង របស់ប្រទេសថៃ បានបញ្ជាក់ថា ការដុតបំផ្លាញនេះ បង្កការខូចខាតយ៉ាងដំណំ ដល់រោងចក្រ ហើយមានចេតនា កាត់ផ្តាច់ខ្សែសង្វាក់ផ្គត់ផ្គង់ និងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់សន្តិសុខ ជំរុញឲ្យមានចលាចល។

ទោះបីជាយ៉ាងណាក៏ដោយ មិនមានមនុស្សស្លាប់ ឬរបួសរបួស ត្រូវបានរាយការណ៍នោះទេ ហើយសមត្ថកិច្ចថៃ កំពុងបើកការស៊ើបអង្កេត និងតាមប្រមាញ់ជនបង្ក ដើម្បីចាប់ខ្លួន យកមកផ្តន្ទាទោស។

មុនការដុតបំផ្លាញនេះប៉ុន្មានថ្ងៃ នៅខេត្ត Pattani នេះដដែល ក៏កើតការបំផ្ទុះគ្រាប់បែក ដែលកំណត់គោលដៅ លើចៅហ្វាយស្រុកផងដែរ ប៉ុន្តែមិនបានជោគជ័យទេ។

តាមការផ្សាយរបស់ Amarin, ការវាយប្រហារ កើតឡើងនៅម៉ោង ៤:៤០នាទី រសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២៦ សំដៅលើក្បួនរថយន្ត របស់ចៅហ្វាយស្រុក Mayo លោក ​Danuch Naksanga ​ដែលធ្វើដំណើរវិលត្រឡប់ ពីពិធីបើកកម្មវិធីប្រកួតកីឡាបាល់ទាត់ ក្នុងឃុំ Lubo Yirai។

ដ្បិត លោក Danuch មិនរងគ្រោះ ប៉ុន្តែគ្រាប់បែក បានបណ្តាលឲ្យមន្ត្រីប៉ូលិស ៦នាក់ ត្រូវរបួស មានធ្ងន់មានស្រាល។

នៅកន្លែងកើតហេតុ មន្ត្រីសមត្ថកិច្ច បានរកឃើញបំណែកឧបករណ៍ផ្ទុះខ្ចាត់ខ្ចាយនៅលើផ្លូវ ខណៈការស៊ើបអង្កេតបឋមបង្ហាញថា វាជាឧបករណ៍ផ្ទុះកែច្នៃ (IED) ញាត់នៅក្នុងធុងដែក ដែលមានទម្ងន់ប្រហែល ១០ គីឡូក្រាម ដោយជនល្មើសប្រើតេឡេបញ្ជាពីចម្ងាយ ដើម្បីចុចបំផ្ទុះ។

សូមជម្រាបជាថ្មី ជម្លោះប្រដាប់អាវុធដ៏រ៉ាំរ៉ៃ នៅភាគខាងត្បូងប្រទេសថៃ បានអូសបន្លាយពេល អស់ជាច្រើនទសវត្សរ៍មកហើយ ដោយមានឫសគល់ ចេញពីប្រវត្តិសាស្ត្រនយោបាយ និងសាសនា ដែលបើគិតចាប់តាំងពីឆ្នាំ២០០៤ មក មនុស្សស្លាប់នៅក្នុងអំពើហិង្សានោះ មិនតិចទេ៕

អត្ថបទដែលជាប់ទាក់ទង