​អាមេរិកនិង​អ៊ីរ៉ង់ ត្រៀមចរចា​កម្រិត​ខ្ពស់​ ខណៈ​​អ៊ីរ៉ង់​បិទច្រក Hormuz ភ្លាមៗ ដោយសារ​អ៊ីស្រាអែល​បន្តវា​យលីបង់​

ការចរចាឈាន​ទៅ​បញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ា​រវាង​សហរដ្ឋអាមេរិក​ និង​អ៊ីរ៉ង់​ ត្រូវបានកំណត់ថា នឹងចាប់ផ្តើមនៅថ្ងៃអាទិត្យ ទី២១ ខែមិថុនា នេះ ដោយក្រុមអ្នកចរចាអ៊ីរ៉ង់ បានធ្វើដំណើរទៅដល់ទីក្រុងនៃប្រទេសស្វីស​ដែលជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​​ ប៉ុន្មានម៉ោងមុនការមកដល់របស់អនុប្រធានាធិបតីអាមេរិក លោក JD Vance ​ចំ​ពេល​ដែល​​ទីក្រុងតេហេរ៉ង់ បានប្រកាសបិទច្រក Hormuz ម្តងទៀត ដោយសារតែការវាយប្រហាររបស់អ៊ីស្រាអែលនៅលីបង់ក៏ដោយ។

យោងតាមភ្នាក់ងារ AFP របស់​បារាំង​ មុនពេលឡើងយន្តហោះទៅកាន់អឺរ៉ុប អនុប្រធានាធិបតីអាមេរិក លោក J.D. Vance បានប្រាប់អ្នកយកព័ត៌មានថា លោកសង្ឃឹមនឹង «សម្រេចបានវឌ្ឍនភាពលើបញ្ហានុយក្លេអ៊ែរ និងបញ្ហាបទឈប់បាញ់នៅលីបង់។ ទាំងនេះគឺជាចំណុចធំៗពីរ ដែលខ្ញុំគិតថាយើងនឹងផ្តោតអារម្មណ៍ទៅលើ»។

តាមពិតទៅ កិច្ចចរចាបន្តបន្ទាប់គ្រោងធ្វើឡើងនៅប្រទេសស្វីសកាលពីថ្ងៃសុក្រ ប៉ុន្តែត្រូវបានពន្យារពេលនៅនាទីចុងក្រោយ បន្ទាប់ពីអ៊ីស្រាអែលបានបើកការវាយប្រហារ បណ្តាលឲ្យមានមនុស្សស្លាប់នៅលីបង់ ក្រោយពីទាហានរបស់ខ្លួន ៤ នាក់បានពលីជីវិតក្នុងការប្រយុទ្ធ។ ក្រោយមក វ៉ាស៊ីនតោនបានប្រកាសពីបទឈប់បាញ់ជាថ្មីនៅទីនោះនៅថ្ងៃដដែល ដែលជាលក្ខខណ្ឌមួយនៃកិច្ចព្រមព្រៀងបឋមរបស់ខ្លួនជាមួយអ៊ីរ៉ង់ ប៉ុន្តែកងទ័ពអ៊ីស្រាអែលបានប៉ះទង្គិចគ្នាម្ដងទៀត ជាមួយក្រុមហេសបូឡា កាលពីថ្ងៃសៅរ៍ ដោយភាគីសងខាងបានចោទប្រកាន់គ្នាទៅវិញទៅមកថា ជាអ្នករំលោភលើបទឈប់បាញ់។

ដោយលើកឡើងពីការខកខានកិច្ចសន្យារបស់អាមេរិក និងការរំលោភលើបទឈប់បាញ់ជាបន្តបន្ទាប់មិនឈប់ឈរពីសំណាក់របបអ៊ីស្រាអែល នៅភាគខាងត្បូងលីបង់ បញ្ជាការដ្ឋានយោធាមជ្ឈិមរបស់អ៊ីរ៉ង់ បានប្រកាសភ្លាមៗថា ច្រកសមុទ្រ Hormuz នឹងត្រូវបិទមិនឲ្យមានចរាចរណ៍នាវាឆ្លងកាត់ឡើយ។

ទោះជាយ៉ាងណាក៏ដោយ កងទ័ពអាមរិកបានបដិសេធការអះអាងរបស់អ៊ីរ៉ង់ដែលថា ខ្លួនបានបិទច្រកសមុទ្រ Hormuz ដោយបានបញ្ជាក់ថា ផ្លូវទឹកដ៏មានសារៈសំខាន់មួយនេះនៅតែបើកចំហ ហើយកងកម្លាំងអាមេរិកកំពុងតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់ ដើម្បីធានាឲ្យចរាចរណ៍នាវានៅតែបន្តទៅមុខ។

សូមជម្រាបជូនថា មុនពេលមានភាពតានតឹងនេះ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងបឋម» មួយ។ កិច្ចព្រមព្រៀងនេះធ្វើឡើងដើម្បីស្វែងរកសន្តិភាព និងដោះស្រាយវិបត្តិនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដោយមានលក្ខខណ្ឌសំខាន់ៗពីរគឺ អ៊ីរ៉ង់យល់ព្រមបើកច្រក Hormuz ឡើងវិញ ក្រោយបិទខ្ទប់អស់មួយរយៈពេលធំក្នុងអំឡុងសង្គ្រាម។ ចំណែកភាគីអាមេរិក ត្រូវធានាឲ្យមានបទឈប់បាញ់គ្នានៅលីបង់ (រវាងអ៊ីស្រាអែល និងក្រុម ហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់)៕

 

អត្ថបទដែលជាប់ទាក់ទង