ឃុំខ្លួនបុរសសរសៃរប្រសាទ ដែលចាក់សម្លាប់គ្រូពេទ្យស្រីចិនម្នាក់ នៅខណ្ឌដង្កោ ពីបទ:ឃាតកម្ម ដោយមានអំពើរំលោភសេពសន្ថវ: និង ប្រឈមជាប់ទោស អស់មួយជីវិត!
ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ និង ឃុំខ្លួន ជនសង្ស័យម្នាក់ នៅក្នុងពន្ធនាគារ ជាប់ ពាក់ព័ន្ធករណីឃាតកម្មរំលោភសម្លាប់ទៅលើគ្រូពេទ្យជនជាតិស្រី ចិនម្នាក់ ប្រព្រឹត្ត កាលពីរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ នៅត្រង់បន្ទប់ពិនិត្យពិគ្រោះព្យាបាលជំងឺ ផ្ទះលេខ១៤ ផ្លូវជាតិលេខ២ បុរីពិភពថ្មីកួរស្រូវ២ ស្ថិតនៅភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោកឆាយ ហុង ជាព្រះរាជអាជ្ញារង នៃ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និង ជាអ្នកនាំពាក្យម្នាក់ បានឱ្យដឹងថា: ជនត្រូវចោទ មានឈ្មោះ អ៊ឹង ឃាង ភេទ ប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ។
ជនត្រូវចោទ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ: ឃាតកម្មដោយមានអំពើរំលោភសេពសន្ថវ: តាមមាត្រា ២០៥ នៃ ក្រមព្រហ្មទណ្ឌ។
ជនជាប់ចោទ អាចប្រឈមនឹងការជាប់ពន្ធនាគារ អស់មួយជីវិត ប្រសិនបើ តុលាការ រកឃើញពិរុទ្ធភាព។
សមត្ថកិច្ចនគរបាលខណ្ឌដង្កោ បាននិយាយថា: ជនត្រូវចោទ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០២៦ ក្រោមការបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
ជនត្រូវចោទ ត្រូវបានចាប់ខ្លួន បន្ទាប់ពី គាត់បានសម្លាប់
ជនរងគ្រោះ ដែល ត្រូវបានគេស្គាល់ឈ្មោះ LIN ZHA កើតថ្ងៃទី២០ ខែសីហា ឆ្នាំ១៩៧៩ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EJ7124095 មានមុខរបរជាគ្រូពេទ្យពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ ស្នាក់នៅផ្ទះកើតហេតុខាងលើ។
យោងតាម របាយការណ៍របស់ សមត្ថកិច្ចនគរបាល, ជនសង្ស័យបានចាប់រំលោភ ជនរងគ្រោះ បានសម្រេច បន្ទាប់ពីគាត់ បាន ចាក់សម្លាប់នាង នៅថ្ងៃកើតហេតុ៕
