សង្ស័យមានលួចប្រព្រឹត្តបទល្មើស Online Scam ម្ចាស់ខុនដូរាយការណ៍ប្រាប់សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ ៥៥នាក់

កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ កាលពីសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ធ្វើការស្រាវជ្រាវចុះបង្ក្រាប និងឃាត់ខ្លួនក្រុមជនសង្ស័យ ចំនួន៥៥នាក់ ពាក់ព័ន្ធបទល្មើស Online Scam​ នៅចំណុចទីតាំងអគារខុនដូមួយកន្លែង ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីអាជ្ញាធរបានអោយដឹងថា ការចុះបង្ក្រាបនេះធ្វើឡើងបន្ទាប់ពីមានការរាយការណ៍ពីម្ចាស់ខុនដូ សង្ស័យមានលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព្រ័ន្ធបច្ចេកវិទ្យា។ ប្រភពដដែលបន្តថា ដោយមានការដឹកនាំដោយផ្ទាល់ពីលោក សុខ ពេញវុធ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក កៀង ល័ក្ស អភិបាលនៃគណៈអភិបាលខណ្ឌចំការមន និងមានការសម្របសម្រួលពីលោក ទុង រតនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងអគារខុនដូ ហ័នយូរប្រផឹធី ដោយបានរកឃើញបន្ទប់លួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS) ចំនួន ១១បន្ទប់ ឃាត់ខ្លួនជនសង្ស័យសរុប ៥៥នាក់ ស្រី ០៧ នាក់ និងឃាត់ខ្លួនមនុស្ស ០៣នាក់ ពាក់ព័ន្ធករណីស្នាក់នៅដោយខុសច្បាប់។

ក្នុងប្រតិបត្តិការនោះ កម្លាំងអាជ្ញាធរក៏បានរកឃើញសម្ភារពាក់ព័ន្ធ និងការប្រព្រឹត្តបទល្មើសរួមមាន កុំព្យូទ័រយួរដៃ (Laptop) ចំនួន ៨៨គ្រឿង កុំព្យូទ័រលើតុ (All in One)ចំនួន ០៩គ្រឿង ទូរស័ព្ទដៃចំនួន ៣៣០គ្រឿង ដុំ WiFi ចំនួន ០៧គ្រឿង និងTablet ចំនួន ០១គ្រឿង ។ ជនបរទេសទាំងអស់ រួមសម្ភារៈប្រព្រឹត្តបទល្មើស ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់៕

 

អត្ថបទដែលជាប់ទាក់ទង