មន្ត្រីអំពាវនាវឱ្យប្រុងប្រយ័ត្ន ចំពោះគ្រោះថ្នាក់ដែលមើលមិនឃើញនៅពេលប្រើ Free Wi-Fi សាធារណៈ
(ភ្នំពេញ)៖ លោក អ៊ូ ផាន់ណារិទ្ធ ប្រធាននាយកដ្ឋាន សន្តិសុខ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៃក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន ចំពោះគ្រោះថ្នាក់ដែលមើលមិនឃើញនៅពេលប្រើ Free Wi-Fi សាធារណៈ។
លោកថា ពេលទៅហាងកាហ្វេ ព្រលានយន្តហោះ ឬសណ្ឋាគារ អ្នកណាៗក៏ចូលចិត្តភ្ជាប់ Free Wi-Fi ដែរ ប៉ុន្តែតើអ្នកដឹងទេថា Hacker ក៏ចូលចិត្តបណ្តាញ Wi-Fi ទាំងនោះដូចគ្នា? ការប្រើ Free Wi-Fi ដោយគ្មានការប្រុងប្រយ័ត្ន អាចធ្វើឱ្យអ្នកលេចធ្លាយលេខសម្ងាត់ លេខគណនីធនាគារ និងទិន្នន័យផ្ទាល់ខ្លួនបានយ៉ាងងាយ!
ចំនុចសាមញ្ញៗដើម្បីសុវត្ថិភាព៖
១. ប្រើប្រាស់ VPN៖ បើក VPN រាល់ពេលភ្ជាប់ Wi-Fi សាធារណៈ ដើម្បីការពារ/Encrypt ទិន្នន័យរបស់អ្នក។
២. ចៀសវាងការវាយបញ្ចូលព័ត៌មានសំខាន់៖ កុំចូលប្រើ App ធនាគារ ឬទិញទំនិញអនឡាញ (វាយលេខកាត) ពេលប្រើ Free Wi-Fi។
៣. បិទ Auto-Connect៖ កុំទុកឱ្យទូរស័ព្ទភ្ជាប់ Wi-Fi ដោយស្វ័យប្រវត្តិ។
៤. ពិនិត្យ HTTPS៖ ប្រើតែគេហទំព័រណាដែលមានសញ្ញារូបសោរ (https://) ប៉ុណ្ណោះ។
ការរំលឹក៖ បើចាំបាច់ត្រូវធ្វើប្រតិបត្តិការធនាគារ គួរប្រើប្រាស់ 4G/5G ផ្ទាល់ខ្លួន គឺមានសុវត្ថិភាពជាង!
ចូលរួម Share ព័ត៌មាននេះទៅកាន់មិត្តភក្តិរបស់អ្នក ដើម្បីការពារទិន្នន័យទាំងអស់គ្នា!

