អ្នករាយការណ៍ពិសេស UN ទទួលស្គាល់ការប្តេជ្ញាចិត្តកម្ពុជាក្នុងការលើកកម្ពស់សិទ្ធិមនុស្ស
(ភ្នំពេញ)៖ លោក Thomas Andrews អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានទទួលស្គាល់ថា កម្ពុជាមានស្មារតីសហប្រតិបត្តិការ និងការប្តេជ្ញាចិត្តចំពោះការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស។ លោក បានកត់សម្គាល់ថា កម្ពុជាបានអនុវត្តជាង ៨៤% នៃអនុសាសន៍ដែលបានដាក់ចេញក្រោមការត្រួតពិនិត្យឡើងវិញជាសកល (UPR)។
ការបញ្ជាក់របស់លោកបែបនេះ បានធ្វើឡើងក្នុងជំនួបជាមួយ លោកស្រី អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការនៃ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង។
យោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលកិច្ចប្រជុំទ្វេភាគីខាងលើ, ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់អំពីលទ្ធផលនៃជំនួបរបស់អ្នករាយការណ៍ពិសេសជាមួយថ្នាក់ដឹកនាំកម្ពុជា និងអ្នកពាក់ព័ន្ធជាច្រើន ក៏ដូចជាដំណើរទស្សនកិច្ចរបស់លោកនៅទីតាំងនានា ក្នុងអំឡុងពេលបំពេញបេសកកម្មផ្លូវការលើកដំបូងនៅប្រទេសកម្ពុជា។
លោកស្រី អ៊ាត សោភា បានកោតសរសើរ ចំពោះនីតិវិធីរបស់អ្នករាយការណ៍ពិសេសក្នុងការវាយតម្លៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដោយបានយកចិត្តទុកដាក់លើគ្រប់ទិដ្ឋភាពសិទ្ធិមនុស្សប្រកបដោយតុល្យភាព រួមទាំងតាមរយៈការធ្វើដំណើរទៅ ពិនិត្យស្ថានភាពប្រជាជនភៀសសឹកនៅតំបន់ព្រំដែន។
លោកស្រី បានរំលឹកអំពីដំណើរដ៏សែនលំបាករបស់កម្ពុជាក្នុងការស្តារប្រទេសជាតិក្រោយងើបចេញពីសង្គ្រាមស៊ីវិល និងអំពើប្រល័យពូជសាសន៍អស់រាប់ទសវត្សរ៍ ព្រមទាំងការប្រែប្រួលរីកចម្រើននៃសេដ្ឋកិច្ច-សង្គមដ៏រឹងមាំរបស់កម្ពុជា ចាប់តាំងពីសន្តិភាពពេញលេញត្រូវបានស្ដារឡើងវិញក្នុងឆ្នាំ១៩៩៨។ លោកស្រី អ៊ាត សោភា បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ និងការពារសិទ្ធិពលរដ្ឋ និងនយោបាយ ក៏ដូចជាសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ ដែលជាសមាសធាតុពង្រឹងគ្នាទៅវិញទៅមក និងមិនអាចផ្តាច់ពីគ្នាបាននៃការអភិវឌ្ឍដោយចីរភាព។
មន្ត្រីជាន់ខ្ពស់រូបនេះ ក៏បានកត់សម្គាល់ដែរថា កម្ពុជាគឺជាប្រទេសតែមួយគត់នៅអាស៊ី ដែលមានការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (OHCHR)ប្រចាំប្រទេស ចាប់តាំងពីឆ្នាំ១៩៩៣។ លើសពីនេះទៀត កម្ពុជាក៏បានធ្វើការងារប្រកបដោយស្ថាបនាជាមួយអ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាចំនួនប្រាំបីនាក់ជាបន្តបន្ទាប់។
កិច្ចសហប្រតិបត្តិការដ៏យូរអង្វែងនេះ បង្ហាញពីការប្ដេជ្ញាចិត្តរបស់កម្ពុជា ចំពោះការបើកចំហរការសន្ទនាប្រកបដោយស្ថាបនា និងការប្រាស្រ័យទាក់ទងប្រកបដោយខ្លឹមសារ ជាមួយយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។
ការពិភាក្សារវាងលោកស្រី និងអ្នករាយការពិសេសរបស់អង្គការសហប្រជាជាតិ បានគ្របដណ្តប់លើបញ្ហាសិទ្ធិមនុស្សជាច្រើនទិដ្ឋភាព រួមទាំងសេរីភាពនៃការបញ្ចេញមតិ លទ្ធភាពទទួលផលផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សមភាពយេនឌ័រ និងការផ្តល់ភាពអង់អាចដល់ស្ត្រី បញ្ហាពន្ធនាគារ និងមណ្ឌលឃុំឃាំងចង្អៀត និងកិច្ចប្រឹងប្រែងបង្កើនការទទួលបានសេវាកម្មយុត្តិធម៌។
លោក Thomas Andrews បានវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលកម្ពុជាដែលបានផ្តល់កិច្ចសហប្រតិបត្តិការ យ៉ាងពេញលេញ និងការសម្របសម្រួលដល់បេសកកម្មរបស់លោក ពីថ្ងៃទី២០ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ដែលអនុញ្ញាតឱ្យលោកបានជួបជាមួយថ្នាក់ដឹកនាំកម្ពុជា និងអ្នកពាក់ព័ន្ធជាច្រើនរូប បានធ្វើទស្សនកិច្ចនៅខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ និងបានទៅទស្សនាមជ្ឈមណ្ឌលឃុំឃាំង។
លោក ក៏បានឃើញពីស្ថានភាពប្រជាជនភៀសសឹកនៅព្រំដែន និងបានសម្តែងសេចក្តីសង្ឃឹមថានឹងមាន ដំណោះស្រាយឆាប់រហ័សដើម្បីអនុញ្ញាតឱ្យពួកគេអាចវិលទៅលំនៅដ្ឋាន និងប្រកបជីវភាពដូចដើម ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ អនុលោមតាមច្បាប់មនុស្សធម៌អន្តរជាតិ ច្បាប់សិទ្ធិមនុស្សអន្តរជាតិ និង កិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជានិងថៃ។
ទន្ទឹមនឹងការលើកទឹកចិត្តឱ្យកម្ពុជាបន្តជំរុញវឌ្ឍនភាពក្នុងការដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ លោក Thomas Andrews ក៏បានទទួលស្គាល់ពីស្មារតីសហប្រតិបត្តិការ និងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស ដោយបានកត់សម្គាល់ថា កម្ពុជាបានផ្តល់សច្ចាប័នលើសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិសំខាន់ៗចំនួនប្រាំបី ក្នុងចំណោមសន្ធិសញ្ញាទាំងអស់ប្រាំបួន ហើយបានទទួលយកជាង ៨៤% នៃអនុសាសន៍ ដែលត្រូវបានដាក់ចេញក្រោមការត្រួតពិនិត្យឡើងវិញជាសកល (UPR)។ លោក Thomas Andrews ក៏បានបញ្ជាក់ជាថ្មីអំពីការត្រៀមខ្លួនរបស់ក្រុមប្រឹក្សា សិទ្ធិមនុស្សក្នុងការបន្តផ្តល់ជំនួយបច្ចេកទេសដល់កម្ពុជា ដើម្បីគាំទ្រដល់ការអនុវត្តអនុសាសន៍ទាំងនេះ។
ជំនួបនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសកក់ក្តៅនិងស្ថាបនា ដោយភាគីទាំងពីរបានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តក្នុងការបន្តធ្វើកិច្ចសន្ទនាបើកចំហនិងស្ថាបនា ពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេស និងបន្តធ្វើការរួមគ្នាដើម្បីជំរុញការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សនៅកម្ពុជា៕





