កម្ពុជា-ម៉ាឡេស៊ី ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ពិសេសស្វាយចន្ទី វារីវប្បកម្ម និងជីកសិកម្ម បន្ថែមលើអង្ករ
(ម៉ាឡេស៊ី)៖ កម្ពុជា-ម៉ាឡេស៊ី បានឯកភាពពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ពិសេសស្វាយចន្ទី វារីវប្បកម្ម និងជីកសិកម្ម បន្ថែមលើអង្ករ។ ការណ៍បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះទ្វេភាគីរវាង លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការនៃកម្ពុជា និងលោករដ្ឋមន្ត្រី ដាតុ មហាម៉ាដ ហាហ្សាន រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី។
លោករដ្ឋមន្ត្រី ទាំងពីរបានគូសបញ្ជាក់អំពីសារសំខាន់នៃការផ្លាស់ប្តូរទស្សនកិច្ច និងការ ប្រាស្រ័យទាក់ទងរវាងស្ថាប័ននីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ និងឯកភាពបង្កើនកិច្ចសហ ប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីដល់កម្រិតថ្មីមួយទៀត ស្របពេលដែល ប្រទេសទាំងពីរត្រៀមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ២០២៧ ខាងមុខ។
ពាណិជ្ជកម្មនិងវិនិយោគ ជាសសរស្តម្ភដ៏សំខាន់មួយនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា និងម៉ាឡេស៊ី។ ថ្នាក់ដឹកនាំបានកត់សំគាល់ដោយក្តីរីករាយ ចំពោះការកើនឡើងនៃទំហំពាណិជ្ជកម្ម និងបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យផលិតកម្ម ការកែច្នៃអាហារ ភស្តុភារកម្ម សេដ្ឋកិច្ច ឌីជីថល ថាមពលកកើតឡើងវិញ ជំរុញកិច្ចសហប្រតិបត្តិការថាមពលឆ្លងដែន និងរៀបចំព្រឹត្តិការណ៍នានា រួមមានវេទិកាពាណិជ្ជកម្មនិងវិនិយោគ ពិព័រណ៍ពាណិជ្ជកម្ម និងការផ្គូរផ្គងធុរកិច្ច។
កម្ពុជានិងម៉ាឡេស៊ី បានឯកភាពពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម។ ក្នុងគោលបំណង បំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក ក្រៅពីពាណិជ្ជកម្មអង្ករ ប្រទេសទាំងពីរបានឯកភាពពង្រីកការផ្លាស់ប្តូរ ពាណិជ្ជកម្មទៅលើកសិផលផ្សេងទៀត ដូចជាគ្រាប់ស្វាយចន្ទី វារីវប្បកម្ម និងជីកសិកម្ម។
ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ ទំហំពាណិជ្ជកម្មកម្ពុជា-ម៉ាឡេស៊ី មានទំហំទឹកប្រាក់ប្រមាណជាង ៧៩៥លានដុល្លារអាមេរិក កើនឡើង៥៦.៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ ក្នុងនោះ កម្ពុជា បាននាំចេញទំនិញ ក្នុងទំហំទឹកប្រាក់ជាង ១១២លានដុល្លារ កើនឡើង ៦៤.១% ខណៈដែលម៉ាឡេស៊ី នាំចូលក្នុងរង្វង់ប្រមាណ ៦៨២លានដុល្លារអាមេរិក កើនឡើង ៥៥.៨%៕





