សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចែករំលែកទស្សនៈ៣ចំណុច ដើម្បីជួយតម្រង់ទិសក្នុងវិស័យមុខងារសាធារណៈ

(សៀមរាប)៖ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបើកកិច្ចប្រជុំមុខងារសាធារណៈអាស៊ានលើកទី២៣ (ACCSM) និងអាស៊ានបូក៣ លើកទី៨ (ACCSM+3) នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចែករំលែកនូវទស្សនៈទានចំនួន៣ចំណុច ដែលជួយតម្រង់ទិសតួនាទី នៃនវានុវត្តន៍ក្នុងវិស័យមុខងារសាធារណៈ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តចំពោះវឌ្ឍនភាពដែលសម្រេចបានតាមរយៈ ACCSM និង ACCSM+3 ក៏ដូចជាប្រធានបទឆ្នាំនេះគឺ «នវានុវត្តន៍ដើម្បីការផ្តល់សេវាកាន់តែប្រសើរ»។

ដើម្បីបង្កើនផលប៉ះពាល់នៃការពិភាក្សានៅក្នុងកិច្ចប្រជុំ ACCSM លើកទី២៣ និង ACCSM+3 លើកទី៨ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សូមចែករំលែកនូវទស្សនៈមួយចំនួន ដែលសម្តេចជឿថាអាចជួយតម្រង់ទិសតួនាទីនៃនវានុវត្តន៍នៅក្នុងវិស័យមុខងារសាធារណៈ។

*ទី១៖ នវានុវត្តន៍ត្រូវតែប្រកាន់យកវិធីសាស្រ្តប្រជាជនជាស្នូល ដែលលើសបរិវត្តកម្មឌីជីថល ដើម្បីឆ្លើយតបទៅតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។ សេវាសាធារណៈត្រូវតែផ្អែកលើលទ្ធផល ហើយគួរតែត្រូវបានផ្តល់ជូនដោយងាយស្រួល សមធម៌ និងបរិយាប័ន្ន មិនទុកនរណាម្នាក់ចោល ទាំងនៅថ្នាក់ជាតិ និងថ្នាក់តំបន់។ តាមរយៈការផ្តល់អាទិភាពដល់ចក្ខុវិស័យរយៈពេលវែង លើភាពងាយស្រួលរយៈពេលខ្លី យើងកសាងទំនុកចិត្តសាធារណៈតាមរយៈការសម្រេចចិត្តដ៏ត្រឹមត្រូវ ដែលដាក់ផលប្រយោជន៍ប្រជាជនជាធំ។

*ទី២៖ នវានុវត្តន៍ត្រូវឈរផ្អែកលើមូលដ្ឋានគ្រឹះ នៃសមត្ថភាពស្ថាប័ន និងធនធានមនុស្ស។ ដោយសាររដ្ឋសមាជិកអាស៊ាននីមួយៗ មានចំណុចចាប់ផ្តើម នៃការអភិវឌ្ឍខុសៗគ្នា គោលដៅរបស់យើង គឺកាត់បន្ថយគម្លាត និងធានាថា ប្រទេសនីមួយៗ ទទួលយកបច្ចេកវិទ្យាថ្មីៗ ជាពិសេស AI ក្នុងល្បឿនប្រកបដោយនិរន្តរភាព។

ដោយសារបច្ចេកវិទ្យា មិនអាចដំណើរការដោយឯករាជ្យពីកត្តាមនុស្ស ការទទួលយកឌីជីថលត្រូវតែដើរទន្ទឹមគ្នា ជាមួយនឹងការវិនិយោគបន្តបន្ទាប់លើធនធានមនុស្ស ការអភិវឌ្ឍភាពជាអ្នកដឹកនាំ និងសុចរិតភាព។ ទីបំផុតនវានុវត្តន៍ពិតប្រាកដក្នុងការគ្រប់គ្រង គឺពឹងផ្អែកលើការពង្រឹងស្ថាប័ន និងធនធានមនុស្ស ជាជាងឧបករណ៍ឌីជីថលតែមួយមុខ ព្រោះកិច្ចខិតខំប្រឹងប្រែងនេះទាមទារសុចរិតភាព គ្មានវេទិកាឌីជីថលណាមួយ អាចជំនួសក្រមសីលធម៌ តម្លាភាព និងវិជ្ជាជីវៈ ដែលជាមូលដ្ឋានគ្រឹះពិតប្រាកដនៃទំនុកចិត្តសាធារណៈបានឡើយ។

*ទី៣៖ នវានុវត្តន៍ត្រូវតែពឹងផ្អែកលើកការកសាងភាពធន់រួមក្នុងតំបន់។ ដោយសារបញ្ហាប្រឈម ជាសកលមិនអាចដោះស្រាយដោយឯកឯងបាន ពោលយើងត្រូវតែពង្រឹងកិច្ចសហប្រតិបត្តិការឆ្លងដែន នៅក្នុងអាស៊ាន។ នវានុវត្តន៍គួរតែពង្រីកលើសពីប្រសិទ្ធភាពផ្ទៃក្នុង ដើម្បីរួមបញ្ចូលការចែករំលែកចំណេះដឹង ការគាំទ្រគ្នាទៅវិញទៅមក និងការសម្របសម្រួលរួមគ្នាផងដែរ។

ក្នុងកិច្ចខិតខំប្រឹងប្រែងនេះ ACCSM ត្រូវតែបន្តជាវេទិកាដ៏សំខាន់ សម្រាប់ការរៀនសូត្រទៅវិញទៅមក ពង្រឹងសមត្ថភាពរដ្ឋជាសមាជិកឲ្យសហការសម្របសម្រួល ធ្វើឲ្យគោលនយោបាយមានភាពស៊ីសង្វាក់គ្នា និងកសាងសមត្ថភាពរួមសម្រាប់បញ្ហាប្រឈមរួម។

បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, កិច្ចប្រជុំ ACCSM និង ACCSM+3 ត្រូវតែបន្តដើរតួយ៉ាងសកម្មក្នុងការបកប្រែសេចក្តីថ្លែងការណ៍ និងផែនការការងារ ទៅជាលទ្ធផលជាក់ស្តែង និងព្រមទាំងលើកកំពស់គណនេយ្យភាពរួម ក្នុងការផ្តល់លទ្ធផល ក្នុងគោលបំណងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាជនរបស់យើង ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន៕

 

អត្ថបទដែលជាប់ទាក់ទង