អាមេរិក និងអាស៊ាន ទាមទារឱ្យ​របបយោធាមីយ៉ាន់ម៉ា​ ដោះ​លែង​ លោកស្រី អ៊ុងសាន ស៊ូជី ជា​បន្ទាន់

សហ​រដ្ឋ​អាមេរិក និងប្លុក​ដ៏មានឥទ្ធិពល​នៃប្រជាជាតិអាស៊ី​អាគ្នេយ៍(អាស៊ាន​) បានចេញសេចក្តីថ្លែង​ការណ៍ដាច់ដោយឡែក​ពីគ្នា ដោយ​ទាមទារឱ្យមាន​ការដោះលែងអតីត​មេដឹកនាំ​ភូមា លោកស្រី អ៊ុងសាន ស៊ូជី ដោយ​គ្មានលក្ខខណ្ឌ​។ នេះបើយោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន The Independent  នៅ​ថ្ងៃ​ទី​០៧ ខែ​សីហា ឆ្នាំ​២០២៦ ។

សេចក្តីថ្លែង​ការណ៍​ទាំងនេះ​ ត្រូវបាន​ចេញផ្សាយ​ប៉ុន្មានថ្ងៃ​ បន្ទាប់ពីលោកស្រី ស៊ូជី បាន​ចួប​ជាមួយមន្ត្រីការបរទេស​​អាមេរិក​លើក​ដំបូង​ក្នុងរយៈ​ពេលជាង​ ៥ឆ្នាំ ចាប់តាំងពីលោកស្រី​ ត្រូវបានបណ្តេញ​ចេញពី​អំណាច និងឃុំខ្លួន​​នៅ​ឆ្នាំ ២០២១​ ។

លោក​ស្រី ស៊ូជី និង​ លោក ត្រាំ​ 

ទាំង​សហរដ្ឋអាមេរិក និងហ្វីលីពីន ដែល​ជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍​ មានសមាជិក ១១ប្រទេស បានអំពាវនាវឱ្យមានការ​ដោះលែង លោកស្រី ស៊ូជី និងអ្នកដទៃទៀត​ជាបន្ទាន់។

ប្រធាន​អាស៊ាន​លើក​ឡើង​ក្នុងសេចក្តីថ្លែងការណ៍​​ថា​៖ «​ យើងសូម​អំពាវនាវ​ឱ្យមាន​ការ​ដោះ​លែង​ អ្នក​ដែល​បានឃុំខ្លួន​ក្នុងប្រទេសមីយ៉ាន់ម៉ា​ ចាប់​តាំងពីខែកុម្ភៈ ឆ្នាំ២០២១ ហើយ​សូមបញ្ជាក់​ជាថ្មី​នូវការអំពាវនាវរបស់​យើង​ សម្រាប់ការដោះលែង​​ពួកគេ រួមទាំងការដោះលែង​ ចំពោះ​ លោកស្រី អ៊ុងសាន ស៊ូជី ទាំង​ស្រុងនិងដោយគ្មានលក្ខខណ្ឌ​​» ។

ប្លុកនេះ​និយាយថា ខ្លួនសង្ឃឹមថាដំណើរ​ទស្សនកិច្ចរបស់​មន្រ្តី​អាមេរិក​នឹងបើកផ្លូវ​សម្រាប់ លោកស្រី ស៊ូជី ប្រកបដោយចីរភាពសម្រាប់ក្រុមគ្រួសារ មេធាវី វេជ្ជបណ្ឌិត និងអង្គការមនុស្សធម៌របស់​លោកស្រី។ វាជាជំហានវិជ្ជមានឆ្ពោះ​ទៅរកការសន្ទនា និងការផ្សះផ្សារវាងគ្រប់ភាគី​ទាំងអស់ក្នុងប្រទេសមីយ៉ាន់ម៉ា។ អាស៊ាន​បានចាត់ទុកកិច្ចប្រជុំនេះ​ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង​របស់មីយ៉ាន់ម៉ាឆ្ពោះ​ទៅរកសន្តិភាព និងការផ្សះផ្សា។

ក្នុងសេចក្តីថ្លែងការណ៍ដាច់​ដោយឡែក​មួយ​​ បង្ហោះលើ​បណ្តាញ​សង្គម​  X ដោយ​ស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសមីយ៉ាន់ម៉ា និង​ចេញ​ផ្សាយតាមរយៈក្រសួងការបរទេស ទីក្រុងវ៉ាស៊ីនតោនបាន​អំពាវនាវឱ្យ​មានការដោះលែង​ លោក ស្រី អ៊ុងសាន ស៊ូជី ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។

សេចក្តីថ្លែងការណ៍ថា៖ « យើងសង្ឃឹមថាដំណើរ​ទស្សនកិច្ចនេះ​បង្ហាញ​ពីការចាប់ផ្តើមនៃការចូលដំណើរ​ការ​មនុស្សធម៌​​ ចំពោះ​ លោកស្រី អ៊ុងសាន ស៊ូជី និងបម្រើជាផ្លូវមួយ​ដល់អ្នកទោសនយោបាយ​ទាំង​អស់…»៕

អត្ថបទដែលជាប់ទាក់ទង