ករណីប្ដីចាក់សម្លាប់ប្រពន្ធនៅខេត្តតាកែវ ជនដៃដល់ត្រូវបានកម្លាំងជំនាញតាមចាប់ខ្លួនដល់ខេត្តព្រៃវែង

ជនសង្ស័យជាប្តីដែលប្រើកាំបិតចាក់ប្រពន្ធខ្លួនឯងប្រមាណ ៥កាំបិត បណ្តាលឱ្យស្លាប់ រួចជិះម៉ូតូរត់គេចខ្លួន ត្រូវបានកម្លាំងនគរបាលស្រុកត្រាំកក់ សហការស្រាវជ្រាវ និងតាមចាប់ខ្លួនបាននៅស្រុកពារាំង ខេត្តព្រៃវែង នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ ១១និង៤០នាទីព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ នៅភូមិដកវ៉ាន ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ។ ជនរងគ្រោះឈ្មោះ និល ចាន់សុភា ភេទស្រីអាយុ៥០ឆ្នាំ ត្រូវបានប្តីឈ្មោះ ជុំ ផូ អាយុ៤៨ឆ្នាំ ប្រើកាំបិតចាក់ប្រមាណ ៥កាំបិត បណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ក្រោយធ្វើសកម្មភាព ជនសង្ស័យបានជិះម៉ូតូ Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ផ្លាកលេខ តាកែវ 1V-4858 រត់គេចខ្លួន។ ក្រោយទទួលបានព័ត៌មាន កម្លាំងនគរបាលដឹកនាំដោយលោក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បានសហការជាមួយកម្លាំងពាក់ព័ន្ធ បើកការស្រាវជ្រាវ និងតាមប្រមាញ់ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យបាននៅស្រុកពារាំង ខេត្តព្រៃវែង។

បច្ចុប្បន្ន ជនសង្ស័យត្រូវបាននាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តកែវ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។ ចំពោះមូលហេតុដែលនាំឱ្យកើតមានអំពើហិង្សារហូតឈានដល់ការសម្លាប់ប្រពន្ធ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ និងបំភ្លឺបន្ថែម៕

អត្ថបទដែលជាប់ទាក់ទង