ស៊ែប៊ី​ ដែល​ជា​សម្ព័ន្ធមិត្តរុស្ស៊ី បើក​ទ្វារទទួល​ ហ្សេលេនស្គី​​ ដ៏​កម្រ ក្រោយ Vucic ប្រកាសចុះ​ចេញ​ពីអំណាច​​​ក្នុងពេលខាងមុខ​​

​រដ្ឋាភិបាល​​នៃ​ប្រទេស​ស៊ែប៊ី​ដែល​គេ​ដឹង​ថា ជាសម្ព័ន្ធ​មិត្ត​​​ដ៏​យូរ​អង្វែង​របស់​​​​​ប្រធានាធិបតី​រុស្ស៊ី លោក​ វ៉្លឌី​មៀរ​​​ ​ពូទីន (Volodymyr Zelenskyy) ​បាន​​បើក​ទំនាក់​ទំនង​​កា​រទូត​ដ៏កម្រ​​​​ជាមួយ​រដ្ឋាភិបាល​អ៊ុយក្រែន​របស់​​ ប្រធានាធិបតី​ វ៉ូឡូឌីមៀរ ហ្សេលេនស្គី​ ​ក្រោយ​ការ​ប្រកា​​ស​ចុះ​ចេញ​ពីអំណាច​​របស់​ប្រធានាធិបតី​ Aleksandar Vučić ​កាល​ពី​ប៉ុន្មានសប្តាហ៍​កន្លងទៅ​នេះ​។

ក្នុងជំនួបនៅទីក្រុងបេលក្រាដ (Belgrade) នៃ​ប្រទេសស៊ែប៊ី ប្រធានាធិបតី​អ៊ុយក្រែន​ លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បាន​ជួប​​​​ដាច់ដោយ​ឡែក​ រវាងនាយករដ្ឋមន្ត្រីស៊ែប៊ី លោក Đuro Macut និងប្រធានាធិបតី Aleksandar Vučić ដោយ​ភាគីទាំងពីរបានពិភាក្សាលើប្រធានបទសំខាន់ៗមួយចំនួន​។ ​

​នៅ​ក្នុងជំនួប​​​កំពូល​​​ដ៏​កម្រ​នៃ​ប្រមុខ​ដឹកនាំ​​​ប្រទេស​​​​​ដែល​ធ្លាប់​មាន​គោល​នយោបាយ​ការបរទេស​មិនស៊ីសង្វាក់​គ្នា ​​ប្រមុខដឹកនាំ​នៃ​ប្រទេសទាំងពីរ​ បាន​​បើក​ការ​ពិភាក្សា​​លើ​ប្រធានបទ​នៃ​ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងដឹកជញ្ជូន ​កា​រគាំទ្រ​ផ្នែក​ថាមពល និង​ជំនួស​មនុស្ស​ធម៌ ​ការ​ស្តារ​ឡើង​វិញ​ និង ការ​កសាង​ប្រទេស និង ប្រធានបទ​ចុងក្រោយ​ គឺ​គោល​ជំហរ​នយោបាយ និង​សន្តិភាព​។​

​​សម្រាប់​កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងដឹកជញ្ជូន ប្រទេសទាំងពីរនឹង​​ផ្តោត​លើ​ការអភិវឌ្ឍច្រករបៀងទន្លេដានុប (Danube Corridor) និងការជួយជ្រោមជ្រែងការ​ផ្សាភ្ជាប់​ឲ្យ​ស៊ីជម្រៅរវាងអ៊ុយក្រែន តំបន់បាល់កង់ខាងលិច និងសហភាពអឺរ៉ុប។

​​ប្រទេស​​ស៊ែប៊ី​ ក៏បាន​ប្រកាសគាំទ្រផ្នែកថាមពល និងជំនួយមនុស្សធម៌​ដល់​ប្រទេស​អ៊ុយក្រែន​ ដែល​រង​ការ​បំផ្លិច​បំផ្លាញ​​​ក្នុងវិស័យ​ថា​មពល​ដោយសារ​តែ​ការ​បាញ់​ផ្លោង​របស់​រុស្ស៊ី​​បណ្តាលឲ្យ​ខូច​ខាត​ហេដ្ឋារចនាសម្ព័ន្ធ​​​ថាមពល​។ យោង​តាម​ការ​ចេញ​ផ្សាយ​លើ​បណ្តាញសង្គម​​​​​របស់​ប្រធានាធិបតី​អ៊ុយក្រែន លោក​ វ៉ូឡូឌីមៀរ ហ្សេលេនស្គី រដ្ឋាភិបាល​ស៊ែប៊ីបានសន្យា​ផ្តល់ជំនួយថវិកា ២លានអឺរ៉ូ និងជំនួយមនុស្សធម៌សម្រាប់ជនស៊ីវិលដែលរងផលប៉ះពាល់ដោយសារសង្គ្រាម។

ប្រទេស​ស៊ែប៊ី​ ក៏បាន​បើក​ចំហ​​ក្នុងការ​គាំទ្រ​​អ៊ុយក្រែន ក្នុងយុទ្ធនាការកសាងអ៊ុយក្រែនឡើងវិញ រួមទាំងគម្រោងជួសជុលទីក្រុងដែលបានខូចខាត។ ជាមួយ​គ្នានោះ​ សម្រាប់​ជំហរនយោបាយ និងសន្តិភាពវិញ ភាគីស៊ែប៊ីបានបញ្ជាក់ឡើងវិញនូវការគោរពបូរណភាពដែនដី ច្បាប់អន្តរជាតិ និងការគាំទ្រលើផ្លូវដើររបស់អ៊ុយក្រែនឆ្ពោះទៅកាន់សហភាពអឺរ៉ុប (EU integration)។

​ក្នុង​ពេលកន្លងមក ភ្នាក់ងារស៊ើបការណ៍សម្ងាត់រុស្ស៊ី (SVR) បានចោទប្រកាន់ប្រទេស​ស៊ែប៊ីថា បានលក់គ្រាប់រំសេវ និងគ្រឿងបន្លាស់អាវុធធន់ធ្ងន់ទៅឱ្យបណ្តាប្រទេសសមាជិក NATO (ដូចជា សាធារណរដ្ឋឆែក និងប៊ុលហ្ការី) ហើយអាវុធទាំងនោះត្រូវបានគេយកទៅផ្គុំ និងបញ្ជូនបន្តទៅឱ្យកងទ័ពអ៊ុយក្រែនដើម្បីវាយប្រហារលើទាហានរុស្ស៊ី។

​​​ទំនាក់​ទំនង​ដ៏ស្អិតរមួត​​រវាង​ស៊ែប៊ី និង រុស្ស៊ី ដែល​ត្រូវ​គេមើល​ឃើញ​ថា ជា​​ទំនាក់​ទំនង​បងប្អូន​បង្កើត បាន​ប្រែ​ក្លាយ​ជាស្រអាប់ ដោយសារ​តែ​​​រឿងនេះ ហើយ ចុងក្រោយ​ រដ្ឋាភិបាលស៊ែប៊ី ក៏បាន​​​បង្ហាញ​ការផ្លាស់ប្តូរ​យ៉ាង​ខ្លាំង​​ទៅរក​អឺរ៉ុប ​ក្រោយ​ការ​បាតុកម្ម​ទាមទារ​របស់​ក្រុមបាតុករ​​ជា​ច្រើន​លើក៕​

អត្ថបទដែលជាប់ទាក់ទង