រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ កុងតឺន័រ និងលួសបន្លា មិនមែនជាខ្សែបន្ទាត់ព្រំដែនទេ ហើយកម្លាំងយោធាមិនអាចកែប្រែព្រំដែនអន្តរជាតិបានឡើយ
(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦នេះ បានរម្លឹកថា សង្គ្រាមឈ្លានពានរបស់យោធាថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាចំនួនពីរលើកក្នុងឆ្នាំ២០២៥ បានបង្កឱ្យមានវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ ដោយមានប្រជាពលរដ្ឋកម្ពុជាប្រមាណ ៦៥០ ០០០នាក់ ត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែង និងភូមិដ្ឋានរបស់ខ្លួន ដើម្បីគេចចេញពីគ្រោះថ្នាក់នៃសង្គ្រាម។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឱ្យដឹងថា រហូតមកដល់ពេលនេះ ទោះបីបទឈប់បាញ់បានចូលជាធរមានជាង ៧ខែហើយក៏ដោយ ក៏ប្រជាពលរដ្ឋកម្ពុជាប្រមាណ ២០ ០០០នាក់ នៅតែមិនអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែង និងជីវភាពប្រក្រតីរបស់ពួកគេវិញបាន។ ក្នុងចំណោមពួកគេ មាន ស្ត្រី ១០ ០១៣នាក់ និងកុមារ ៦ ០៦៦នាក់ ដែលកំពុងបន្តរស់នៅក្នុងជំរុំជនភៀសសឹក និងទីជម្រកបណ្តោះអាសន្ន។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា នៅពីក្រោយតួលេខទាំងនេះ គឺជាជីវិតមនុស្សពិតប្រាកដ។ គឺជាម្តាយដែលមិនអាចនាំកូនត្រឡប់ទៅផ្ទះបាន។ គឺជាកុមារដែលមិនអាចត្រឡប់ទៅសាលារៀនរបស់ខ្លួនបាន។ គឺជាគ្រួសារដែលបាត់បង់ផ្ទះសម្បែង ទ្រព្យសម្បត្តិ មុខរបរ និងជីវភាពប្រចាំថ្ងៃ។ នេះមិនមែនគ្រាន់តែជាបញ្ហាតួលេខទេ ប៉ុន្តែជាបញ្ហាសិទ្ធិមនុស្ស មនុស្សធម៌ និងការទទួលខុសត្រូវ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ស្ត្រី និងកុមារ គឺជាក្រុមដែលត្រូវទទួលបានការការពារជាពិសេសក្រោមគោលការណ៍សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ។ ប៉ុន្តែសំណួរដែលត្រូវឆ្លើយនៅពេលនេះគឺ៖ ហេតុអ្វីបានជាស្ត្រី និងកុមារកម្ពុជារាប់ពាន់នាក់ទាំងនេះ នៅតែមិនអាចត្រឡប់ទៅផ្ទះរបស់ពួកគេវិញ?
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែមថា មូលហេតុគឺដោយសារនៅតំបន់មួយចំនួន យោធាថៃបានដាក់កុងតឺន័រ រាយលួសបន្លា បិទផ្លូវចូលទៅកាន់ភូមិដ្ឋាន ខណៈផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលមួយចំនួនត្រូវបានបំផ្លាញ។ ឧបសគ្គទាំងនេះបានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាបន្តរស់នៅក្នុងស្ថានភាពភៀសសឹក ទោះបីការប្រយុទ្ធបានបញ្ឈប់អស់រយៈពេលជាច្រើនខែមកហើយក៏ដោយ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឱ្យដឹងថា អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិបានលើកឡើងយ៉ាងច្បាស់អំពីសិទ្ធិរបស់ប្រជាពលរដ្ឋដែលត្រូវបានផ្លាស់ទីលំនៅក្នុងការវិលត្រឡប់ទៅកាន់ផ្ទះ និងសហគមន៍របស់ពួកគេវិញ ដោយសុវត្ថិភាព និងប្រកបដោយសេចក្តីថ្លៃថ្នូរ។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា ភាគីថៃ អាចជជែក ឬព្យាយាមបដិសេធអំពីចំនួនជនភៀសសឹក ប៉ុន្តែមិនអាចបដិសេធអត្ថិភាពនៃជនភៀសសឹកបានឡើយ។ ជាក់ស្តែង សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសថៃ និងយោធាថៃខ្លួនឯងក៏បានទទួលស្គាល់ថា មានប្រជាពលរដ្ឋកម្ពុជាដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញ។ ដូច្នេះ ការជជែកអំពីតួលេខមិនអាចក្លាយជាលេសសម្រាប់ការពន្យារពេលសិទ្ធិរបស់មនុស្សបានឡើយ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចោទជាសំណួរថា បើភាគីថៃទទួលស្គាល់ថា មានប្រជាពលរដ្ឋកម្ពុជាដែលនៅតែស្ថិតក្នុងស្ថានភាពភៀសសឹក នោះសំណួរសំខាន់មិនមែនថា «មានប៉ុន្មាននាក់?» ទៀតទេ។ សំណួរដែលត្រូវឆ្លើយគឺ៖ តើពេលណាពួកគេអាចត្រឡប់ទៅផ្ទះរបស់ពួកគេវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ? ហើយតើអ្វីកំពុងរារាំងពួកគេមិនឱ្យត្រឡប់ទៅវិញ?
បន្ថែមពីនេះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងថា ការឆ្លើយតបត្រូវតែជាសកម្មភាពជាក់ស្តែង។ ត្រូវគោរពច្បាប់អន្តរជាតិ គោរពសិទ្ធិមនុស្ស និងអនុវត្តឱ្យបានពេញលេញនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសការបង្កលក្ខខណ្ឌឱ្យប្រជាពលរដ្ឋដែលរងផលប៉ះពាល់អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែង និងភូមិដ្ឋានរបស់ពួកគេវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។
ជាមួយគ្នានេះ យោធាថៃមិនអាចយក ផែនទីឯកតោភាគី ដែលរៀបចំឡើងដោយខ្លួនឯង មកធ្វើជាមូលដ្ឋានសម្រាប់ប្រើកម្លាំង ចូលកាន់កាប់ ឬព្យាយាមកែប្រែស្ថានភាពព្រំដែនជាក់ស្តែងបានឡើយ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ព្រំដែនកម្ពុជា-ថៃ គឺជាព្រំដែនអន្តរជាតិ មិនមែនជាខ្សែបន្ទាត់ដែលភាគីណាមួយអាចគូសឡើងដោយឯកតោភាគី ឬផ្លាស់ប្តូរតាមកម្លាំងយោធាបានទេ។ ខ្សែបន្ទាត់ព្រំដែនមានមូលដ្ឋានលើសន្ធិសញ្ញា អនុសញ្ញា កិច្ចព្រមព្រៀង ផែនទី និងកំណត់ហេតុពាក់ព័ន្ធនឹងការកំណត់ និងការបោះបង្គោលព្រំដែនដែលភាគីទាំងពីរត្រូវគោរពតាមច្បាប់អន្តរជាតិ និងយន្តការដែលបានព្រមព្រៀងគ្នា។
ត្រង់ចំណុចនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសង្កត់ធ្ងន់ថា គោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិគឺច្បាស់លាស់៖ មិនអាចប្រើប្រាស់កម្លាំងដើម្បីដណ្តើមយកទឹកដី ឬបង្កើតខ្សែបន្ទាត់ព្រំដែនថ្មីបានឡើយ។ អ្វីដែលមិនអាចសម្រេចបានតាមច្បាប់ ក៏មិនអាចធ្វើឱ្យស្របច្បាប់តាមរយៈកម្លាំងយោធាបានដែរ។ កម្ពុជាមិនទទួលស្គាល់ និងមិនអាចទទួលយកខ្សែបន្ទាត់ព្រំដែនណាមួយដែលត្រូវបានបង្កើត ឬកែប្រែដោយការប្រើកម្លាំង ការដាក់របាំង ឬសកម្មភាពឯកតោភាគីឡើយ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអះអាងថា កុងតឺន័រមិនមែនជាបង្គោលព្រំដែន។ លួសបន្លាមិនមែនជាខ្សែបន្ទាត់ព្រំដែន។ ការដាក់កម្លាំងយោធាមិនអាចបង្កើតអធិបតេយ្យភាពបានឡើយ។ ហើយផែនទីឯកតោភាគីមិនអាចជំនួសសន្ធិសញ្ញា កិច្ចព្រមព្រៀង និងច្បាប់អន្តរជាតិបានទេ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្តថា ប្រសិនបើភាគីថៃពិតជាគោរពសិទ្ធិមនុស្ស ច្បាប់អន្តរជាតិ និងសន្តិភាព ដូចដែលខ្លួនបានអះអាង នោះត្រូវបង្ហាញតាមរយៈសកម្មភាពជាក់ស្តែង៖ បង្កលក្ខខណ្ឌឱ្យប្រជាពលរដ្ឋកម្ពុជាដែលនៅសេសសល់អាចវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញ ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ហើយដោះស្រាយបញ្ហាព្រំដែនតាមច្បាប់អន្តរជាតិ និងយន្តការដែលភាគីទាំងពីរបានឯកភាពគ្នា មិនមែនតាមរយៈការប្រើកម្លាំង ឬការបង្កើតអង្គហេតុថ្មីនៅលើដី fait accompli នោះទេ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្ថែមថា សន្តិភាពពិតប្រាកដមិនត្រូវវាស់ត្រឹមតែដោយភាពស្ងប់ស្ងាត់នៃកាំភ្លើងទេ។ សន្តិភាពត្រូវវាស់ដោយការដែលស្ត្រី កុមារ និងគ្រួសារជនភៀសសឹកអាចត្រឡប់ទៅផ្ទះរបស់ពួកគេវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ៕








