លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញសំណេះសំណាល និងចែកបណ្ណមូលនិធិសមធម៌សុខាភិបាល រួមទាំងផ្តល់អំណោយជូនលោកតា លោកយាយ អ៊ំពូមីង កុមារា កុមារី រស់នៅអង្គការមូលនិធិកុមារកម្ពុជា
(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញសំណេះសំណាល និងចែកបណ្ណមូលនិធិសមធម៌សុខាភិបាល ( ម.ស.ស) រួមទាំងផ្តល់អំណោយដូចជាអង្ករ ភេសជ្ជៈ គ្រឿងឧបភោគបរិភោគ និងថវិកា ជូនដល់លោកតា លោកយាយ អ៊ំពូមីង កុមារា កុមារី រស់នៅក្នុង អង្គការមូលនិធិកុមារកម្ពុជា (CCF) ។
ក្នុងឱកាសនោះ លោកជំទាវបណ្ឌិតបានថ្លែងថា «នាងខ្ញុំមានសេចក្តីសោមនស្សរីករាយ និងរំភើបដោយភាពកក់ក្តៅ ពេលបានមកជួបសំណេះសំណាល ចែកបណ្ណមូលនិធិសមធម៌សុខាភិបាល ( ម.ស.ស) រួមទាំងផ្តល់អំណោយដូចជាអង្ករ ភេសជ្ជៈ គ្រឿងឧបភោគបរិភោគនិងថវិកា ជូនដល់លោកតាលោកយាយ អ៊ំពូមីង កុមារា កុមារី រស់នៅក្នុង អង្គការមូលនិធិកុមារកម្ពុជា (CCF)»។
លោកជំទាវបណ្ឌិតបានថ្លែងបន្តថា បណ្ណដែលផ្តល់ជូននាថ្ងៃនេះ គឺសម្រាប់គាំពារសុខភាព ដែលជួយកាត់បន្ថយបន្ទុកចំណាយរបស់គ្រួសារ និងជួយសម្រួលដល់ការទៅពិនិត្យព្យាបាលជំងឺនានា ដែលបង្ហាញអំពីការគិតគូរ យកចិត្តទុកដាក់យ៉ាងដិតដល់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះប្រជាពលរដ្ឋជួបទុក្ខលំបាក៕
