ពូទីន៖ រុស្ស៊ី មិនចង់មានសង្គ្រាមជាមួយអឺរ៉ុបឡើយ ប៉ុន្តែក៏ត្រៀមខ្លួនដែរ សម្រាប់សង្គ្រាមមួយ ដែលនឹងគ្មានអ្នកឈ្នះ
បន្ទាប់ពីមានសេចក្តីរាយការណ៍ អំពីការត្រៀមលក្ខណៈសម្រាប់សង្គ្រាមទ្រង់ទ្រាយធំ នៅខាងអឺរ៉ុប ស្រាប់តែប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បញ្ជាក់ថា ទីក្រុងមូស្គូ មិនចង់បានសង្គ្រាមឡើយ ប៉ុន្តែក៏ត្រៀមខ្លួនដែរ សម្រាប់សង្គ្រាមមួយ ដែលទំនងជានឹងគ្មានអ្នកឈ្នះឡើយ។

ថ្លែងក្នុងកិច្ចប្រជុំកំពូល រុស្ស៊ី-អាហ្វ្រិក នៅទីក្រុងមូស្គូ និងត្រូវបានដកស្រង់ផ្សាយដោយគេហទំព័រ The Sun កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា ឆ្នាំ២០២៦ ប្រមុខវិមានក្រឹមឡាំង លើកឡើងថា៖ «យើងត្រៀមខ្លួនរួចជាស្រេច សម្រាប់សង្គ្រាមជាមួយអឺរ៉ុប ប៉ុន្តែយើងមិនចង់ឱ្យវាកើតឡើងនោះទេ។ ចំពោះពួកគេវិញ ប្រសិនបើមាននរណាម្នាក់ចង់បានរឿងបែបនេះ អ៊ីចឹង ត្រៀមខ្លួនឱ្យហើយទៅ»។
យ៉ាងណា បើតាមសម្តីលោកពូទីន! វាស្ទើរតែមិនអាចទៅរួចឡើយ ដែលរឿងនេះ អាចកើតឡើងត្រឹមឆ្នាំ ២០៣០ ប៉ុន្តែប្រសិនបើសភាពការណ៍ វិវត្តទៅឆ្ងាយហួសហេតុពេក នោះនឹងគ្មានអ្នកឈ្នះឡើយ។ ទីក្រុងមូស្គូ ក៏មិនចង់ឃើញស្ថានការណ៍នៅសមុទ្របាល់ទិក កើតដូចនៅច្រកសមុទ្រ ហ័រមូស ដែរ។
ជុំវិញរឿងច្បាំងសង្គ្រាមជាមួយអឺរ៉ុប នេះដែរ ទីក្រុងមូស្គូ តែងច្រានចោលម្តងហើយម្តងទៀត អំពីលទ្ធភាពបែបនោះ ជាក់ស្តែងកាលពីសប្តាហ៍មុន លោកពូទីន បានបោះសម្តីថា ការដែលអឺរ៉ុប ញុះញង់ថា រុស្ស៊ី ត្រៀមធ្វើសង្គ្រាម គឺជា «វិបល្លាសស្មារតីផ្នែកនយោបាយ»។

យោងតាមលោកពូទីន, រុស្ស៊ី មិនដែលមានចិត្តចង់ធ្វើសង្គ្រាមជាមួយអឺរ៉ុបឡើយ ទោះក្នុងទម្រង់ណាក៏ដោយ ហើយការចោទប្រកាន់នានា គ្រាន់តែជា «យុទ្ធនាការប្រឆាំងរុស្ស៊ី» ដែលកំពុងធ្វើឡើងនៅលើទ្វីបមួយនេះ ប៉ុណ្ណោះ។
មេដឹកនាំរុស្ស៊ីរូបនេះ ត្រូវបានដកស្រង់សម្តីដោយទូរទស្សន៍ RT ដែលនិយាយថា៖ «ឥឡូវ ពួកគេនិយាយឥតឈប់សោះអំពី ការគំរាមកំហែងពីរុស្ស៊ី និងថែមទាំងលើកគំនិត អំពីការរៀបចំខ្លួន ធ្វើសង្គ្រាមជាមួយរុស្ស៊ីទៀតផង។ តាមទស្សនៈរបស់ខ្ញុំ វាស្មើនឹងវិបល្លាសស្មារតីនយោបាយមួយបែប ប៉ុន្តែខ្ញុំសង្ឃឹមថា វានឹងកន្លងផុតទៅចុះ»។
ទោះបែបនេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov ក៏បញ្ជាក់រួចហើយដែរថា រុស្ស៊ីនឹងមិនវាយប្រហារលើបណ្តាប្រទេសសមាជិកសហភាពអឺរ៉ុប (EU) ឬអង្គការណាតូ (NATO) ឡើយ លើកលែងតែពួកគេ វាយរុស្ស៊ីមុន៕

