អ្នកដំណើរលើនាវាទេសចរណ៍ Odyssey ឈប់សំចតនៅកម្ពុជាដើម្បីបន្តដំណើរតាមផ្លូវផ្សេង ក្រោយនាវាអស់ថវិកាដោយសារតម្លៃប្រេងឥន្ធនៈឡើងថ្លៃខ្ពស់
ភ្នំពេញ៖ ភ្ញៀសទេសចរណ៍បរទេសរាប់រយនាក់ដែលរស់នៅអចិន្ត្រៃយ៍នៅលើនាវាទេសចរណ៍មួយគ្រឿង ត្រូវបានចុះពីលើនាវាមួយគ្រឿងឈ្មោះ ឈ្មោះ Villa Vie Odyssey ក្នុងប្រទេសកម្ពុជានៅសប្តាហ៍នេះ បន្ទាប់ពីប្រតិបត្តិករនាវាបានឱ្យដឹងថា ការឡើងថ្លៃប្រេងឥន្ធនៈដែលបណ្តាលមកពីសង្គ្រាមនៅអ៊ីរ៉ង់ បានធ្វើឱ្យដំណើរការនាវានេះមានតម្លៃថ្លៃហួសហេតុ ហើយក្រុមហ៊ុនអស់ថវិការដើម្បីដំណើរការដូច្នេះភ្ញៀសទេសចរទាំងអស់ត្រូវចុះនៅប្រទេសកម្ពុជាដើម្បីបន្តដំណើររបស់ខ្លួន។
ជាក់ស្ដែងនៅវេលាម៉ោង ៩និង៣០នាទីព្រឹកថ្ងៃទី២៩ តុលា ឆ្នាំ២០២៦នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចុះពិនិត្យលើនាវាទេសចរណ៍ខ្នាតយក្សដែលនាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ចូលសំចតនៅកំពង់ផែស្វយ័ត ខេត្តព្រះសីហនុនេះ។ ចំណែកភ្ញៀវទេសចរដែលចុះពីលើនាវា បានទៅសម្រាកនៅសណ្ឋាគារឯករាជ្យ ដែលរៀបចំទទួលដោយរដ្ឋបាលខេត្តព្រះសីហនុ។
នាវាឈ្មោះ Villa Vie Odyssey បានធ្វើដំណើរជុំវិញពិភពលោកអស់រយៈពេលយ៉ាងហោចណាស់ ៧៥៥ ថ្ងៃ ដោយវាគឺជាផ្នែកមួយនៃនាវាមួយចំនួនតូចប៉ុណ្ណោះ ដែលផ្តល់ឱកាសឱ្យអ្នកដំណើរអាចជួល ឬទិញកន្លែងស្នាក់នៅរយៈពេលវែង ឬសូម្បីតែការស្នាក់នៅអចិន្ត្រៃយ៍នៅលើនាវានោះ។
កាលពីថ្ងៃអង្គារ ម្ចាស់ក្រុមហ៊ុននាវាអាមេរិក Villa Vie Residences បានប្រកាសផ្អាកប្រតិបត្តិការ និងឱ្យអ្នកដំណើរទាំងនោះចុះពីលើនាវានៅក្រុងព្រះសីហនុរបស់ប្រទេសកម្ពុជា ខណៈក្រុមហ៊ុនកំពុងស្វែងរកកន្លែងស្នាក់នៅបណ្តោះអាសន្នជូនពួកគេ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុន Villa Vie Residences បានបញ្ជាក់ថា ជាធម្មតាការចំណាយលើប្រេងឥន្ធនៈប្រចាំខែគឺមានតម្លៃប្រហែល ១.៨០០ ដុល្លារក្នុងមួយបន្ទប់ ប៉ុន្តែថ្មីៗនេះ តម្លៃបានកើនឡើងដល់ប្រហែល ៦.០០០ ទៅ ៨.០០០ ដុល្លារ នៅក្នុងតំបន់ខ្លះនៃទ្វីបអាស៊ី។ក្រុមហ៊ុនបានលើកឡើងថា ខ្លួនមិនអាចទម្លាក់បន្ទុកនៃការឡើងថ្លៃនេះទៅលើអ្នកដំណើរបានទេ ទើបបណ្ដាលឲ្យការខ្វះខាតនេះប៉ះពាល់ដល់ប្រតិបត្តិការបច្ចុប្បន្នក្រោមសម្ពាធហិរញ្ញវត្ថុដែលមិនអាចទ្រាំទ្រង់បាន។
ក្រុមហ៊ុន Villa Vie Residences ពុំបានឆ្លើយតបភ្លាមៗចំពោះសំណួរនានានោះទេ។ នាវា Odyssey នេះអាចផ្ទុកមនុស្សបាន ៦៥០ នាក់ ប៉ុន្តែបន្ទប់នានារបស់នាវានេះ រួមទាំងបន្ទប់ប្រភេទ «villa suites» ដែលមានតម្លៃ ៤៤០.០០០ ដុល្លារនោះ គឺនៅមិនទាន់មានអ្នកទិញពេញទាំងអស់នៅឡើយទេ។ ចំណែកឯបន្ទប់ប្រភេទ «villa» ដែលស្ថិតនៅផ្នែកខាងក្នុងនៃនាវាវិញ មានតម្លៃ ១២០.០០០ ដុល្លារ។ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានឱ្យដឹងថា នាវានេះបានមកពីប្រទេសថៃ ហើយចូលចតនៅក្រុងព្រះសីហនុកាលពីថ្ងៃទី២៣ ខែតុលា។ លើនាវាមានអ្នកដំណើរ២០៣នាក់ និងនាវិក១៥៦នាក់។ តាមគម្រោង នាវានឹងបន្តដំណើរទៅវៀតណាម ប៉ុន្តែអ្នកដំណើរបែរជាទទួលបានពេលត្រឹមតែ៧ម៉ោងប៉ុណ្ណោះ ដើម្បីរៀបចំអីវ៉ាន់ចុះពីនាវានេះទៅវិញ៕


