លោក ត្រាំ អះអាងថា ក្រុមហ៊ូធីស្នើ អាមេរិក កុំលូកដៃចូលក្នុងជម្លោះនៅយេម៉ែន
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងនៅថ្ងៃទី១២ ខែកញ្ញា ថា ក្រុមហ៊ូធី បានស្នើសុំកុំឲ្យអាមេរិកលូកដៃចូលក្នុងជម្លោះដែលកំពុងរីករាលដាលខ្លាំង ជាមួយអារ៉ាប៊ីសាអូឌីត នៅក្នុងប្រទេសយេម៉ែន។

នៅក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅទីក្រុងឌុប្លីន (Dublin) ប្រទេសអៀរឡង់ លោក ត្រាំ បានប្រាប់ក្រុមអ្នកកាសែត ថា «ក្រុមហ៊ូធីបានទូរស័ព្ទមកយើង ហើយពួកគេបានឲ្យយើងដឹងថា ពួកគេមិនចង់ប្រយុទ្ធជាមួយយើងទេ។ ពួកគេមិនចង់ឲ្យខ្ញុំទៅតាមកម្ទេចពួកគេនោះទេ»។
លោកបានបន្ថែមទៀតថា ក្រុមហ៊ូធីកំពុងអនុញ្ញាតឲ្យនាវាភាគច្រើនឆ្លងកាត់ ហើយមានតែប្រទេសមួយគត់ ដែលពួកគេមិនសូវពេញចិត្ត ដោយលោកបានសន្យាថា នឹងជួយដោះស្រាយបញ្ហានោះឲ្យបានត្រឹមត្រូវ។
ការអត្ថាធិប្បាយរបស់ប្រធានាធិបតី ត្រាំ បានធ្វើឡើង បន្ទាប់ពីក្រុមហ៊ូធី បានពង្រីកការគ្រប់គ្រងរបស់ខ្លួនតាមបណ្តោយឆ្នេរសមុទ្រក្រហមនៃប្រទេសយេម៉ែន ក្នុងសប្តាហ៍នេះ។
តាមរយៈការវាយលុកយ៉ាងលឿនដូចផ្លេកបន្ទោរ ក្រុមហ៊ូធី បានដណ្តើមគ្រប់គ្រងតំបន់ដ៏ធំទូលាយនៃឆ្នេរសមុទ្រក្រហមនៃឈូងសមុទ្រអារ៉ាប់ រួមទាំងកោះយុទ្ធសាស្ត្រនានា និងច្រកសមុទ្រយុទ្ធសាស្ត្រ Bab el-Mandeb ដែលជាចំណុចរាំងស្ទះផ្លូវដឹកជញ្ជូនសកល ជាប់ព្រំដែនប្រទេសអេរីទ្រេ (Eritrea) ជីប៊ូទី (Djibouti) និងយេម៉ែន។ ច្រកសមុទ្រនេះគឺជាផ្លូវដ៏សំខាន់សម្រាប់ការផ្គត់ផ្គង់ប្រេងឆៅពីអារ៉ាប៊ីសាអូឌីតទៅកាន់តំបន់អាស៊ី។
ដោយឡែក សារព័ត៌មាន Axios បានរាយការណ៍កាលពីថ្ងៃសុក្រដែរថា អារ៉ាប៊ីសាអូឌីត ដែលកំពុងគាំទ្ររដ្ឋាភិបាលស្របច្បាប់ ទទួលស្គាល់ដោយអន្តរជាតិនៃប្រទេសយេម៉ែន បានស្នើសុំឲ្យ ត្រាំ ពីរដងរួចមកហើយ ដើម្បីបើកការវាយប្រហារប្រឆាំងនឹងក្រុមហ៊ូធី ខណៈដែលក្រុមគាំទ្រដោយអ៊ីរ៉ង់មួយនេះ បានបិទផ្លូវចរាចរណ៍នាវាដ៏សំខាន់នៅសមុទ្រក្រហម។ ទោះជាយ៉ាងណាក៏ដោយ មានសេចក្តីរាយការណ៍ថា ត្រាំ បានបដិសេធសំណើមួយនេះភ្លាមៗ។
សូមបញ្ចាក់ដែរថា ការដែលក្រុមហ៊ូធីទូរស័ព្ទទៅអាមេរិកដោយផ្ទាល់ នេះបានបង្ហាញពីការផ្លាស់ប្តូរយុទ្ធសាស្ត្រដ៏សំខាន់មួយ។ ពួកគេព្យាយាមបំបែកខ្នងបង្អែក របស់អារ៉ាប៊ីសាអូឌីត ដោយធានាចំពោះមុខត្រាំ ថា ពួកគេនឹងមិនប៉ះពាល់ដល់ផលប្រយោជន៍ ឬនាវារបស់អាមេរិកឡើយ ក្នុងបំណងឃាត់មិនឲ្យអាមេរិកប្រើកម្លាំងយោធាវាយប្រហារលើពួកគេ។
ជាងនេះទៀត ទោះបីជា ត្រាំ ជាមិត្តជិតស្និទ្ធរបស់អារ៉ាប៊ីសាអូឌីត និងប្រឆាំងអ៊ីរ៉ង់ខ្លាំងក៏ដោយ ប៉ុន្តែលោកតែងតែប្រកាន់ជំហរចៀសវាងការនាំអាមេរិកចូលទៅក្នុង «សង្គ្រាមដែលមិនចេះចប់» នៅមជ្ឈិមបូព៌ា។ ការបដិសេធសំណើរសុំវាយប្រហាររបស់អារ៉ាប៊ីសាអូឌីត ឆ្លុះបញ្ចាំងថា លោកផ្តល់អាទិភាពលើការចរចា និងសន្តិសុខរបស់អាមេរិកជាមុន ជាងការចេញមុខការពារសម្ព័ន្ធមិត្ត៕

