មន្ត្រីជំនាញ ចុះទប់ស្កាត់ និងបង្ក្រាបសកម្មភាពរុករក ឬបូមបង្ហូររ៉ែមាសខុសច្បាប់នៅតំបន់ជើងភ្នំជី ខេត្តកំពង់ធំ
(កំពង់ធំ)៖ មន្ត្រីឧទ្យានុរក្ស និងសមត្ថកិច្ចជំនាញពាក់ព័ន្ធ រួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះទប់ស្កាត់ និងបង្ក្រាបសកម្មភាពរុករក ឬបូមបង្ហូររ៉ែមាសខុសច្បាប់ ជាបន្តបន្ទាប់ នៅតំបន់ជើងភ្នំជី ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ភូមិសាស្រ្តស្រុកសណ្តាន់ ខេត្តកំពង់ធំ ជាប់ព្រំប្រទល់ជាមួយខេត្តក្រចេះ។
គិតត្រឹមខែសីហា ឆ្នាំ២០២៦ ក្រុមការងារបានចាប់យកម៉ាស៊ីបូម ចំនួន២៥គ្រឿង ក្បាលបូម១២គ្រឿង ទុយ៉ូបូមមួយចំនួន និងរុះរើទបង្ហូររ៉ែ និងសម្ភារៈមួយចំនួនផងដែរ។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗ មានសេចក្តីរាយការណ៍ពីអ្នកសារព័ត៌មាន ករណីមានការរករ៉ែ ក្នុងតំបន់ខាងលើបន្ថែមទៀត ដើម្បីការពារធនធានធម្មជាតិ និងទប់ស្កាត់ការប៉ះពាល់បរិស្ថាន។ បន្ថែមពីនេះក្រុមការងារបានកំពុងពិនិត្យ និងតាមដានលើករណីព័ទ្ធដីព្រៃធ្វើចំការ និងចិញ្ចឹមសត្វគោ ដោយគ្មានច្បាប់អនុញ្ញាត ចំនួន១កន្លែងផងដែរ។
ក្នុងពេលនេះ រដ្ឋបាលខេត្តកំពង់ធំបានជូនដំណឹងឱ្យបញ្ឈប់ការរករ៉ែខុសច្បាប់ នៅតំបន់ខាងលើនោះទៀត។
លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានកំណត់ពេលចំនួន១ខែ គិតពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ឱ្យប្រជាពលរដ្ឋ ដែលចូលមកបូមរ៉ែរុះរើសម្ភារៈ និងបញ្ឈប់សកម្មភាពបង្ហូររ៉ែខុសច្បាប់តទៅទៀត។ ជាមួយគ្នានេះមន្រ្តីជំនាញពាក់ព័ន្ធ និងអាជ្ញាធរដែនដី ចុះធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងចាត់វិធានការច្បាប់ ចំពោះករណីដែលរកឃើញបទល្មើស បន្ទាប់ពីសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តកំពង់ធំ ចូលជាធរមាន៕


