អភិបាលស្រុកបាទី ចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ ខណៈក្រុមអ្នកលេងរត់បាត់បន្សល់ទុកម៉ូតូ២គ្រឿង
អាជ្ញាធរ និងសមត្ថកិច្ចស្រុកបាទី បានចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែង ស្ថិតនៅភូមិចក ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ កាលពីរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីទទួលបានព័ត៌មានរាយការណ៍ពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ប្រតិបត្តិការនេះដឹកនាំដោយលោក សាយ វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុកបាទី និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដោយមានការចូលរួមសហការពីកម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកបាទី។
តាមប្រភពពីសមត្ថកិច្ចនៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅពេលកម្លាំងចុះទៅដល់ទីតាំងខាងលើ ក្រុមអ្នកដែលកំពុងប្រមូលផ្តុំលេងល្បែងបានដឹងខ្លួនជាមុន និងបាននាំគ្នារត់គេចខ្លួនចូលទៅក្នុងព្រៃ និងផ្ទះប្រជាពលរដ្ឋនៅក្បែរនោះ មុនពេលសមត្ថកិច្ចចូលទៅដល់។ ទោះជាយ៉ាងណា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញ និងដកហូត ម៉ូតូចំនួន២គ្រឿង ដែលត្រូវបានទុកចោលនៅទីតាំងកើតហេតុ។

បច្ចុប្បន្ន ម៉ូតូទាំង២គ្រឿង ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកបាទី នាំយកទៅរក្សាទុកជាបណ្តោះអាសន្ននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុក ដើម្បីបន្តស្រាវជ្រាវស្វែងរកអត្តសញ្ញាណម្ចាស់ និងអ្នកពាក់ព័ន្ធ ព្រមទាំងចាត់ការតាមនីតិវិធីច្បាប់ ប្រសិនបើរកឃើញថាមានការពាក់ព័ន្ធនឹងបទល្មើស។

ប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានសម្តែងការគាំទ្រចំពោះការចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ និងស្នើឱ្យអាជ្ញាធរ និងសមត្ថកិច្ចបន្តពង្រឹងការត្រួតពិនិត្យ និងចាត់វិធានការតាមច្បាប់ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕



