គេហទំព័ររួមមន្ទីរព័ត៌មានរាជធានី-ខេត្តទាំង២៥ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ជួយបង្កើនល្បឿនការផ្សព្វផ្សាយព័ត៌មាន ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព
(ភ្នំពេញ)៖ ក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «ប្រព័ន្ធគេហទំព័រ មន្ទីរព័ត៌មានរាជធានី-ខេត្ត» ទាំង ២៥ ដែលជាសមិទ្ធផលដ៏សំខាន់មួយ ក្នុងការជំរុញបរិវត្តកម្មឌីជីថលក្នុងវិស័យព័ត៌មាន និងផ្សព្វផ្សាយរបស់កម្ពុជា។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ និង លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦នេះ។
លោក សំបូរ វណ្ណរិទ្ធ តំណាងក្រុមការងារបច្ចេកទេសអនុវត្តគម្រោង បានលើកឡើងថា ការដាក់ឱ្យប្រើប្រាស់គេហទំព័ររួមនេះ គឺដើម្បីឆ្លើយតបទៅនឹង «យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១» របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ គេហទំព័រទាំងនេះនឹងដើរតួជាអាវុធយុទ្ធសាស្ត្រដ៏មុតស្រួចក្នុងការធានាបាននូវ «សន្តិសុខព័ត៌មាន» បង្កើនល្បឿននៃការផ្សព្វផ្សាយ តម្លាភាព និងជាខែលការពារយ៉ាងរឹងមាំក្នុងការវាយបក និងទប់ស្កាត់ព័ត៌មានក្លែងក្លាយនៅកម្រិតមូលដ្ឋាន។
ក្រោមការចង្អុលបង្ហាញ និងគាំទ្រយ៉ាងពេញទំហឹងពីលោករដ្ឋមន្ត្រីទាំងពីរ ក្រុមការងារក្រសួងព័ត៌មានបានសហការយ៉ាងស្អិតរមួតជាមួយក្រុមការងារបច្ចេកទេសនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រៀបចំអភិវឌ្ឍន៍គេហទំព័រនេះឡើង រហូតសម្រេចបាននូវសមិទ្ធផលជាផ្លែផ្កា រួមមាន ការបង្កើតស្តង់ដាររួមតែមួយ (Unified Identity) ដោយប្រើប្រាស់ដែនសមត្ថកិច្ចជាតិរួម .info.gov.kh, ប្រព័ន្ធគ្រប់គ្រងមាតិកាកម្រិតខ្ពស់ (Government CMS) ដែលមានលក្ខណៈទំនើប ងាយស្រួលធ្វើបច្ចុប្បន្នភាពទិន្នន័យ និងមានប្រព័ន្ធការពារសុវត្ថិភាពឌីជីថលខ្ពស់ និងការកសាងសមត្ថភាពមន្ត្រី (Capacity Building) តាមរយៈវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់ជូនដល់មន្ត្រីបង្គោលនៃមន្ទីរព័ត៌មានទាំង ២៥ រាជធានី-ខេត្ត។
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថា ការដាក់ឱ្យដំណើរការគេហទំព័ររួមរបស់មន្ទីរព័ត៌មានរាជធានី-ខេត្តទាំង ២៥ គឺជាជំហានដ៏សំខាន់មួយ ក្នុងការឆ្លើយតបនឹងតម្រូវការថ្មីនេះ។ តាមរយៈការបង្កើត «អត្តសញ្ញាណឌីជីថលរួម» (Unified Digital Identity) ក្រោមដែនជាតិ «.info.gov.kh» គឺកំពុងបង្កើតភាពងាយស្រួល ក្នុងការស្គាល់ និងស្វែងរកប្រភពព័ត៌មានផ្លូវការរបស់មន្ទីរព័ត៌មានរាជធានី-ខេត្ត។ អត្តសញ្ញាណរួមនេះ គឺជាចំណុចសំខាន់មួយសម្រាប់ការកសាងទំនុកចិត្ត។
លោកមានប្រសាសន៍បន្តថា «នៅក្នុងពិភពឌីជីថល ដែលព័ត៌មានមានច្រើនរាប់មិនអស់ ហើយព័ត៌មានពិត និងព័ត៌មានមិនពិតអាចរីករាលដាលក្នុងល្បឿនដូចគ្នា ដូច្នេះប្រជាពលរដ្ឋត្រូវការដឹងថា តើព័ត៌មាននេះមកពី?តើប្រភពនេះជាប្រភពផ្លូវការឬទេ? តើព័ត៌មាននេះអាចផ្ទៀងផ្ទាត់បានឬទេ? ដូច្នេះ គេហទំព័រផ្លូវការទាំង ២៥ នេះ ត្រូវក្លាយជាប្រភពដែលប្រជាពលរដ្ឋអាចចូលទៅស្វែងរកព័ត៌មានផ្លូវការ និងព័ត៌មានដែលអាចផ្ទៀងផ្ទាត់បាន»។
ការសម្ពោធដាក់ឱ្យប្រើប្រាស់គេហទំព័រនេះ គ្រាន់តែជាជំហានដំបូងនៃការបើកទំព័រប្រវត្តិសាស្ត្រថ្មីតែប៉ុណ្ណោះ។ ក្រុមការងារគម្រោងក៏បានកំណត់ទិសដៅយុទ្ធសាស្ត្រទៅអនាគត រួមមាន ការធ្វើសមាហរណកម្មពហុប្រព័ន្ធទៅកាន់បណ្តាញសង្គម កម្មវិធីទូរស័ព្ទដៃវ័យឆ្លាតរបស់ក្រសួងព័ត៌មាន (MoINFO App) និងប្រព័ន្ធផ្ទុកទិន្នន័យឌីជីថលជាតិ, ការដាក់បញ្ចូលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីជាជំនួយដល់ការវិភាគទិន្នន័យ និងការបំប្លែងសំឡេងទៅជាអត្ថបទ ឬអត្ថបទទៅជាសំឡេង និងការធានានិរន្តរភាពតាមរយៈការពង្រឹងសមត្ថភាពមន្ត្រីជាប្រចាំ និងការតាមដានការវិវត្តនៃបច្ចេកវិទ្យា ដើម្បីធានាថាព័ត៌មានពីមូលដ្ឋាន ត្រូវបានបង្ហូរចូលទៅក្នុងចរន្តព័ត៌មានជាតិក្នុងល្បឿនលឿន «ភ្លាមៗ និងទាន់ហេតុការណ៍»។
លោក ម៉ុក ខេមរា ប្រធាននាយកដ្ឋានរដ្ឋាភិបាលអេឡិកត្រូនិច បានគូសបញ្ជាក់ថា លោករដ្ឋមន្ត្រីទាំងពីរ បានយកចិត្តទុកដាក់ខ្ពស់ និងផ្តល់អនុសាសន៍ណែនាំជាបន្តបន្ទាប់ ដើម្បីធានាថាប្រព័ន្ធនេះមានគុណភាពខ្ពស់ ស្របតាមស្តង់ដារបច្ចេកទេស និងមានសុវត្ថិភាព។ គោលដៅចម្បងគឺធានាថាគ្រប់មន្ទីរព័ត៌មានរាជធានី-ខេត្តទាំង ២៥ ត្រូវតែមានប្រព័ន្ធគេហទំព័រផ្លូវការ តាមរយៈប្រព័ន្ធគ្រប់គ្រងព័ត៌មានទំនើប។
ថ្នាល CMP ត្រូវបានអភិវឌ្ឍឡើងដោយក្រុមជំនាញរបស់ក្រសួង ប.ទ. ស្របតាមគោលការណ៍សំខាន់ៗនៃក្របខណ្ឌសេដ្ឋកិច្ចនិងសង្គមឌីជីថល ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥។ ថ្នាលនេះមានមុខងារសំខាន់ៗដូចជា ការប្រើប្រាស់បច្ចេកទេស Headless APIs សម្រាប់ការទាញយកមាតិកាទៅប្រើប្រាស់បន្តលើប្រព័ន្ធវិបសាយ ឬ Mobile App, មុខងារគ្រប់គ្រងមាតិកាដែលងាយស្រួល (No-Code Management) អនុញ្ញាតឲ្យមន្ត្រីព័ត៌មានអាចគ្រប់គ្រងការបញ្ចូលអត្ថបទ រូបភាព និងវីដេអូបានរហ័សដោយមិនទាមទារចំណេះដឹងសរសេរកូដ, និងការបែងចែកទិន្នន័យដាច់ដោយឡែក (Multi-tenancy) ជួយឲ្យស្ថាប័ននីមួយៗគ្រប់គ្រងទិន្នន័យរបស់ខ្លួនប្រកបដោយសុវត្ថិភាព និងអាចពង្រីកបាន។
លោកបានឱ្យដឹងថា បន្ទាប់ពីការដាក់ឲ្យដំណើរការសាកល្បង (Soft Launch) ចាប់ពីខែមិថុនា ឆ្នាំ២០២៦ ថ្នាល CMP បានសម្រេចសមិទ្ធផលគួរឲ្យកត់សម្គាល់ រួមមាន៖ ចំនួនគេហទំព័របានកើនឡើងដល់ ៥១ គេហទំព័រ (រួមមាន មន្ទីរព័ត៌មាន ២៥ រាជធានី-ខេត្ត, មន្ទីរ ប.ទ. ២៤ រាជធានី-ខេត្ត, និងក្រសួងស្ថាប័ន ២)។ បរិមាណមាតិកាដែលបានផ្សព្វផ្សាយដោយមន្ទីរព័ត៌មានមានចំនួនសរុបជាង ១៤,៦១០ អត្ថបទ។ មន្ទីរព័ត៌មានខេត្តកំពង់ធំ ពោធិ៍សាត់ និងសៀមរាប គឺជាខេត្តដែលលេចធ្លោជាងគេក្នុងការប្រើប្រាស់ប្រព័ន្ធនេះ៕


