នគរបាលខេត្តព្រះសីហនុ ឃាត់ជនជាតិចិន៤នាក់ ក្រោយកំហែងទារប្រាក់ជាង ៥ពាន់ដុល្លារ
(ព្រះសីហនុ)៖ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ សហការជាមួយកម្លាំងជំនាញ នៃសង្នការរដ្ឋាននគរបាលខេត្តព្រះសីហនុ បើកប្រតិបត្តិការបង្ក្រាបបានជនសង្ស័យ៣នាក់ ក្រោយមានករណីលួចមានស្ថានទម្ងន់ទោស (ប្លន់) កើតឡើងនៅអគារស្តារបេ ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។
ប្រតិបត្តិការនេះបានធ្វើឡើងដោយអនុវត្តតាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំចង្អុលបង្ហាញរបស់ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ០០:៤០នាទី ដោយថ្ងៃទីមួយឃាត់ខ្លួនបានជនសង្ស័យចំនួន៣។
ក្រោយមានការបំភ្លឺ និងទទួលពាក្យបណ្តឹង ពីជនរងគ្រោះ ក្រុមជនសង្ស័យជាជនជាតិចិនចំនួន ០៣នាក់ បានប្រើហិង្សា ចាប់ចង និងគំរាមជនរងគ្រោះឱ្យផ្តល់លេខកូដគណនីធនាគារ រួចធ្វើការផ្ទេរប្រាក់ពីគណនី Wing, ABA និង ACLEDA សរុបចំនួន ៥,២៥០ដុល្លារ ព្រមទាំងយកទូរស័ព្ទដៃរបស់ជនរងគ្រោះមួយគ្រឿង ហើយគេចខ្លួន។
លុះដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងនគរបាលក្រុងព្រះសីហនុ បានសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងទទួលផែន បានបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន ១នាក់ទៀត។
វត្ថុតាងដែលសមត្ថកិច្ចបានដកហូតរួមមាន៖ ទូរស័ព្ទដៃចំនួន ០៦គ្រឿង ជាវត្ថុតាង។ បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីសាកសួរ កសាងសំណុំរឿង និងចាត់ការបន្តតាមនីតិវិធីច្បាប់៕










