យន្តហោះទម្លាក់គ្រាប់បែករុស្ស៊ីធ្លាក់ អំឡុងពេលហ្វឹកហាត់ បណ្តាលឱ្យទ័ពអាកាស ៦នាក់ ស្លាប់
ក្រសួងការពារជាតិរុស្ស៊ីបានឱ្យដឹងថា យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់រុស្ស៊ីដែលផ្ទុកអាវុធនុយក្លេអ៊ែរមួយគ្រឿង បានធ្លាក់កាលពីថ្ងៃអង្គារ ទី២៨ ខែកញ្ញា ខណៈកំពុងហោះហើរហ្វឹកហាត់ នៅតំបន់ភាគខាងកើតប្រទេស បណ្តាលឱ្យសមាជិកកងទ័ពអាកាសចំនួន ៦នាក់ ស្លាប់។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន AP ផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។

ក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបានបញ្ជាក់ថា យន្តហោះទម្លាក់គ្រាប់បែកប្រភេទ Tu-95 នោះ បានធ្លាក់នៅតំបន់គ្មានមនុស្សរស់នៅមួយកន្លែងក្នុងតំបន់ Amur ហើយសមាជិកកងទ័ពអាកាសម្នាក់បានរួចជីវិតពីហេតុការណ៍ធ្លាក់នេះ និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដោយសាររងរបួស។
សេចក្តីថ្លែងការណ៍បន្តថា យន្តហោះទម្លាក់គ្រាប់បែកនោះមិនបានផ្ទុកអាវុធទេ។ រីឯក្រុមអ្នកស៊ើបអង្កេតមួយក្រុមបានធ្វើដំណើរតាមយន្តហោះទៅកាន់តំបន់នោះ ដើម្បីកំណត់ពីមូលហេតុនៃការធ្លាក់។
ជុំវិញបញ្ហានេះ អាជ្ញាធរក្នុងតំបន់បានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថា យន្តហោះបានធ្លាក់ នៅជិតភូមិ Krasnoyarovo លើទន្លេ Zeya ក្បែរព្រំដែនជាប់ប្រទេសចិន។
សេចក្តីថ្លែងការណ៍បន្ថែមថា អាកាសយានិកបានខិតខំអស់ពីសមត្ថភាព ដើម្បីបញ្ជាយន្តហោះឱ្យចេញឆ្ងាយពីតំបន់លំនៅដ្ឋានរបស់ពលរដ្ឋ។
គួរបញ្ជាក់ថា យន្តហោះទម្លាក់គ្រាប់បែកប្រភេទ Tu-95 គឺជាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រប្រភេទ turboprop មានម៉ាស៊ីនចំនួន ៤ និងមានសមត្ថភាពផ្ទុកអាវុធនុយក្លេអ៊ែរ ត្រូវបានប្រើប្រាស់តាំងពីសម័យសង្គ្រាមត្រជាក់មកម្ល៉េះ។
កងទ័ពរុស្ស៊ីបានប្រើប្រាស់យន្តហោះចម្បាំងដ៏ធំនេះជាញឹកញាប់ ដើម្បីបាញ់បង្ហោះមីស៊ីលប្រភេទ cruise ដែលបំពាក់ក្បាលគ្រាប់ធម្មតា(មិនមែននុយក្លេអ៊ែរ) ទៅលើប្រទេសអ៊ុយក្រែន អំឡុងពេលជម្លោះដែលមានរយៈពេលជាង ៤ឆ្នាំកន្លះមកនេះ៕

