ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េ ជួបពិភាក្សាជាមួយអភិបាលក្រុងផ្យង់ថេក ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងអប់រំ

(កូរ៉េខាងត្បូង)៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោក Choi Won-yong អភិបាលក្រុងផ្យង់ថេក នៅសាលាក្រុងផ្យង់ថេក ខេត្តខ្យង់គីដូ នៃសាធារណរដ្ឋកូរ៉េ ដោយផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ និងមនុស្សធម៌។

ក្នុងជំនួបនេះ ភាគីទាំងពីរ បានពិភាក្សាអំពីកាលានុវត្តភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងក្រុងផ្យង់ថេក ព្រមទាំងលទ្ធភាពក្នុងការបង្កើតចំណងសម្ព័ន្ធមេត្រីភាពរវាងក្រុងផ្យង់ថេក និងរាជធានីភ្នំពេញ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋានទាំងពីរ។

ក្នុងឱកាសនោះ លោក ឃួន ផុនរតនៈ បានជម្រាបជូនលោកអភិបាលក្រុងអំពីការចូលរួមចំណែករបស់សហគមន៍ខ្មែរដែលកំពុងបំពេញការងារនៅប្រទេសកូរ៉េ។ បងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួន បានធ្វើការនៅប្រទេសកូរ៉េអស់រយៈពេលជាច្រើនឆ្នាំ និងបានទទួលចំណេះដឹង ជំនាញ និងបទពិសោធន៍បច្ចេកទេសការងារ ព្រមទាំងបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកូរ៉េ។

លោក ឃួន ផុនរតនៈ បានស្នើលោកអភិបាលក្រុង ពិនិត្យលទ្ធភាពជំរុញកិច្ចសហប្រតិបត្តិការផ្នែកអប់រំ និងបណ្តុះបណ្តាលជំនាញ ដើម្បីផ្តល់ឱកាសដល់ប្រជាពលរដ្ឋខ្មែរឱ្យអាចអភិវឌ្ឍសមត្ថភាព និងទទួលបានបទពិសោធន៍ថ្មីៗបន្ថែមទៀត។

ជាមួយគ្នានេះ លោកឯកអគ្គរាជទូត បានស្នើលោកអភិបាលក្រុង ពិនិត្យលទ្ធភាពដឹកនាំក្រុមហ៊ុនកូរ៉េនៅក្រុងផ្យង់ថេក ទៅបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគ បង្កើតភាពជាដៃគូអាជីវកម្ម និងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុននៃប្រទេសទាំងពីរ។

លើសពីនេះ លោកឯកអគ្គរាជទូត ក៏បានស្នើសាលាក្រុងផ្យង់ថេក ពិនិត្យលទ្ធភាពរៀបចំព្រឹត្តិការណ៍វប្បធម៌រួមគ្នារវាងកម្ពុជា-កូរ៉េ ដើម្បីលើកកម្ពស់ការយល់ដឹង និងពង្រឹងទំនាក់ទំនងវប្បធម៌រវាងប្រជាជននៃប្រទេសទាំងពីរ។

ភាគីទាំងពីរ ក៏បានពិភាក្សាអំពីទិសដៅនៃកិច្ចសហប្រតិបត្តិការរវាងស្ថានទូតកម្ពុជា និងក្រុងផ្យង់ថេក ព្រមទាំងកិច្ចសហការក្នុងការគាំពារ និងការពារអត្ថប្រយោជន៍របស់ប្រជាពលរដ្ឋកម្ពុជាដែលកំពុងរស់នៅ និងបំពេញការងារនៅក្នុងតំបន់ផ្យង់ថេកផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង