រុស្ស៊ី ព្រមានប្រើឃ្លាំងអាវុធទាំងអស់ រួមទាំងនុយក្លេអ៊ែរ បើ ណាតូ ហ៊ានតែបិទខ្ទប់ទឹកដីខ្លួន
រុស្ស៊ីបានព្រមានអង្គការណាតូ ថា ខ្លួនត្រៀមរួចជាស្រេចក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើសម្ព័ន្ធភាពយោធាលោកខាងលិចមួយនេះ ព្យាយាមកាត់ផ្តាច់តំបន់ Kaliningrad ដែលជាទឹកដីដាច់ដោយឡែករបស់រុស្ស៊ី ជាប់ព្រំដែនសមុទ្របាល់ទិក។

នៅក្នុងឯកសារមួយផ្ញើទៅកាន់អង្គការណាតូ ដែលទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយកាលពីថ្ងៃទី៣០ ខែកញ្ញា ទីក្រុងម៉ូស្គូបានចោទប្រកាន់សម្ព័ន្ធមិត្តថា កំពុងដើរលើផ្លូវដ៏គ្រោះថ្នាក់ និងមិនប្រុងប្រយ័ត្ន ដែលនាំមកនូវហានិភ័យខ្ពស់នៃការផ្ទុះជម្លោះប្រដាប់អាវុធដោយផ្ទាល់។
ឯកសារនោះបានគូសបញ្ជាក់ថា នេះរាប់បញ្ចូលទាំងលទ្ធភាពនៃការវាយប្រហាររបស់រុស្ស៊ី ប្រឆាំងនឹងមជ្ឈមណ្ឌលដែលជាក្បាលបញ្ជានានា នៅក្នុងបណ្តាប្រទេសជាសមាជិកសម្ព័ន្ធភាព តាំងពីដំណាក់កាលដំបូង។
កំណត់សម្គាល់ផ្នែកការទូតនោះបានលើកឡើងថា៖ «រុស្ស៊ីនឹងត្រៀមខ្លួនជាស្រេចក្នុងការប្រើប្រាស់ឃ្លាំងអាវុធ និងសមត្ថភាពទាំងអស់ដែលមាន ដើម្បីការពារទឹកដីរបស់ខ្លួន ប្រសិនបើបណ្តាប្រទេសណាតូ ធ្វើការប៉ុនប៉ងណាមួយក្នុងគោលបំណងកាត់ផ្តាច់តំបន់ Kaliningrad ពីផ្នែកផ្សេងទៀតនៃប្រទេស»។
យ៉ាងណា នៅក្នុងការឆ្លើយតបទៅនឹងឯកសាររបស់រុស្ស៊ី អង្គការណាតូ ក៏បានលើកឡើងថា គ្មានការធ្វើសមយុទ្ធ ឬសកម្មភាពណាមួយរបស់ខ្លួន បង្កើតជាការគំរាមកំហែងដល់ទឹកដីនៃសហព័ន្ធរុស្ស៊ីនោះទេ។ អង្គការនេះ បានធ្វើការបញ្ជាក់ថា៖ «យើងអំពាវនាវដល់សហព័ន្ធរុស្ស៊ី បញ្ឈប់ការឈ្លានពានទ្រង់ទ្រាយធំដោយគ្មានការបង្កហេតុលើអ៊ុយក្រែន។ យើងជំរុញឱ្យសហព័ន្ធរុស្ស៊ី រក្សាការអត់ធ្មត់ពីអាកប្បកិរិយាមិនប្រុងប្រយ័ត្នចំពោះសម្ព័ន្ធមិត្ត និងបញ្ឈប់វោហារសាស្ត្រនុយក្លេអ៊ែរដែលមិនទទួលខុសត្រូវ»។
ការព្រមាននេះបានផ្តល់ក្តីបារម្ភយ៉ាងខ្លាំងដល់ទីក្រុងម៉ូស្គូ ចំពោះអ្វីដែលខ្លួនចាត់ទុកថាជាការគំរាមកំហែងកាន់តែខ្លាំងឡើងពីណាតូ មកលើតំបន់ Kaliningrad ដែលជាទឹកដីយោធាដ៏រឹងមាំរបស់រុស្ស៊ី។
សូមបញ្ចាក់ឱ្យដឹងដែរថា Kaliningrad គឺជាខេត្ត ឬទឹកដីមួយផ្នែករបស់រុស្ស៊ី ប៉ុន្តែវាមិនមានព្រំប្រទល់ជាប់នឹងដីគោករបស់រុស្ស៊ីឡើយ។ វាត្រូវបានហ៊ុំព័ទ្ធដោយប្រទេសលីទុយអានី (ខាងជើង និងកើត) ប្រទេសប៉ូឡូញ (ខាងត្បូង) និងជាប់សមុទ្របាល់ទិក (ខាងលិច)។ វាមានទំហំធំជាងរដ្ឋ Connecticut របស់អាមេរិកបន្តិច។ ដោយសារតែប្រទេសជិតខាងទាំងពីរ (ប៉ូឡូញ និងលីទុយអានី) គឺជាសមាជិករបស់អង្គការណាតូ ធ្វើឱ្យ Kaliningrad ស្ថិតនៅចំកណ្តាលរង្វង់ហ៊ុំព័ទ្ធរបស់បណ្តាប្រទេសលោកខាងលិច៕

