តៃវ៉ាន់ ទទួលបានយន្តហោះ F-16 ថ្មី២គ្រឿង ក្នុងចំណោម ៦៦គ្រឿង ដែលខ្លួនកុម៉្មង់ ដើម្បីប្រឆាំងចិន
យន្តហោះ F-16V Block 70 ថ្មីចំនួនពីរគ្រឿងដំបូង ក្នុងចំណោមយន្តហោះសរុប ៦៦ គ្រឿង ដែលតៃវ៉ាន់បានបញ្ជាទិញកាលពីឆ្នាំ២០១៩ បានមកដល់កោះតៃវ៉ាន់ហើយ នៅថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២៦នេះ បន្ទាប់ពីមានការពន្យារពេលអស់រយៈពេលជាច្រើនខែ។ នេះបើយោងទៅតាមទីភ្នាក់ងារសារព័ត៌មាន Reuters។
ការទទួលបានយន្តហោះថ្មីនេះ នឹងជួយពង្រឹងសមត្ថភាពកងទ័ពអាកាសតៃវ៉ាន់ ដែលត្រូវធ្វើការហោះហើរយន្តហោះចម្បាំងឡើងប្រតិបត្តិការស្ទើរតែរាល់ថ្ងៃ ដើម្បីតាមឃ្លាំមើលសកម្មភាពយោធារបស់ចិន។

កោះតៃវ៉ាន់ កំពុងប្រឈមមុខនឹងការគំរាមកំហែងផ្នែកយោធាកាន់តែខ្លាំងឡើងពីទីក្រុងប៉េកាំង ដែលអះអាងថា កោះនេះ ដែលមានប្រព័ន្ធគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ គឺជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។ ទីក្រុងតៃប៉ិ បានសម្តែងការមិនពេញចិត្តចំពោះការពន្យារពេលម្តងហើយម្តងទៀត ក្នុងការផ្គត់ផ្គង់សព្វាវុធដែលខ្លួនបានបញ្ជាទិញពីសហរដ្ឋអាមេរិក ដែលជាដៃគូគាំទ្រអន្តរជាតិដ៏សំខាន់បំផុត និងជាប្រទេសផ្គត់ផ្គង់អាវុធដ៏សំខាន់របស់តៃវ៉ាន់។
ការប្រគល់យន្តហោះទាំងនេះទៅកាន់មូលដ្ឋានទ័ពអាកាសជីហាំង ក្នុងទីក្រុងតៃទុង នៅឆ្នេរសមុទ្រភាគខាងកើតនៃកោះ បានកើតឡើងចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងនៅក្នុងតៃវ៉ាន់ អំពីការប្តេជ្ញាចិត្តរបស់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការផ្គត់ផ្គង់អាវុធដល់ទីក្រុងតៃប៉ិ ទោះបីជាទីក្រុងវ៉ាស៊ីនតោនបានបញ្ជាក់ថា គោលនយោបាយរបស់ខ្លួនមិនមានការផ្លាស់ប្តូរក៏ដោយ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅសភាក្នុងទីក្រុងតៃប៉ិ ពោលគឺក្នុងពេលប៉ុន្មាននាទី មុនពេលយន្តហោះទៅដល់ រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក Wellington Koo បាននិយាយថា យន្តហោះ F-16V ថ្មីផ្សេងទៀតនឹងមកដល់ក្នុងពេលឆាប់ៗនេះ ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិតនោះទេ។

លោកបានឱ្យដឹងថា៖ «ជាការពិតណាស់ យើងនឹងមិនទទួលបានត្រឹមតែយន្តហោះពីរគ្រឿងនេះប៉ុណ្ណោះទេ នៅត្រឹមដំណាច់ឆ្នាំនោះទេ»។
នៅឆ្នាំ២០១៩ សហរដ្ឋអាមេរិកបានអនុម័តលើកិច្ចព្រមព្រៀងលក់យន្តហោះចម្បាំង F-16V របស់ក្រុមហ៊ុន Lockheed Martin ក្នុងតម្លៃ ៨ ពាន់លានដុល្លារអាមេរិកទៅឱ្យតៃវ៉ាន់។ កិច្ចព្រមព្រៀងនេះនឹងធ្វើឱ្យចំនួនយន្តហោះ F-16 របស់តៃវ៉ាន់កើនឡើងដល់ជាង ២០០ គ្រឿង។ ទោះជាយ៉ាងណា បញ្ហាមួយចំនួន រួមទាំងបញ្ហាកម្មវិធីកុំព្យូទ័រនៅលើយន្តហោះ បានបណ្តាលឱ្យមានការពន្យារពេលក្នុងការប្រគល់យន្តហោះទាំងនេះ។
ការមកដល់របស់យន្តហោះពីរគ្រឿងដំបូងនេះ កើតឡើង ក្នុងរយៈពេលជិតមួយសប្តាហ៍ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅទីក្រុងវ៉ាស៊ីនតោន។
កាលពីខែឧសភា ឆ្នាំ២០២៦នេះ បន្ទាប់ពីជួបជាមួយលោក ស៊ី នៅទីក្រុងប៉េកាំង លោក ត្រាំ បាននិយាយថា លោកកំពុងផ្អាកជាបណ្តោះអាសន្ននូវកញ្ចប់លក់អាវុធថ្មីមួយដែលមានតម្លៃ ១៤ ពាន់លានដុល្លារអាមេរិក ទៅឱ្យកោះតៃវ៉ាន់ ទោះបី លោកពិតជាបានអនុម័តលើកញ្ចប់លក់អាវុធ ដែលមានតម្លៃ ១១ ពាន់លានដុល្លារអាមេរិក កាលពីខែធ្នូ ឆ្នាំ២០២៥ ក៏ដោយ៕

