សម្តេចតេជោ ហ៊ុន សែន លើកឡើងពីសារៈសំខាន់នៃពាក្យស្លោកមួយឃ្លា «បរាជ័យក្នុងសាលា ប្រសើរជាងបរាជ័យក្នុងជីវិត» សម្រាប់សិស្ស-និស្សិត
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦នេះ បានចែករំលែកនូវទស្សនៈដ៏មានអត្ថន័យជ្រាលជ្រៅមួយនៅលើបណ្តាញសង្គមផ្ទាល់ខ្លួន ដោយគូសបញ្ជាក់ពីសារៈសំខាន់នៃពាក្យស្លោកមួយ «បរាជ័យក្នុងសាលា ប្រសើរជាងបរាជ័យក្នុងជីវិត» ដែលជាសារលើកឡើងដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត។
សម្តេចតេជោ ហ៊ុន សែន បង្ហាញសារនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា «ថ្ងៃនេះបានស្តាប់នាយករដ្ឋមន្ត្រីនិយាយពាក្យមួយឈឃ្លាថា (បរាជ័យនៅក្នុងសាលាប្រសើរជាង បរាជ័យនៅក្នុងជិវិត) ដែលសំដៅទៅលើការខិតខំរៀនសូត្ររបស់សិស្ស-និស្សិត។ សម្រាប់ខ្ញុំយល់ថាពាក្យមួយឃ្លានេះ មិនគ្រាន់តែជាពាក្យនិយាយឲ្យរួចពីមាត់នោះទេតែជាពាក្យណែនាំតម្រង់ទិសដល់សិស្ស-និស្សិតគ្រប់ពេល។ ទោះបីខ្ញុំឆ្លងកាត់ធ្វើនយោបាយរយៈពេលវែង តែពាក្យមួយឃ្លានេះខ្ញុំចាត់ទុកថា ជាពាក្យស្លោកដែលមានតម្លៃមិនសាបសូន្យ (បរាជ័យក្នុងសាលាប្រសើរជាងបរាជ័យក្នុងជិវិត)»។
តាមរយៈការលើកឡើងនេះ សម្តេចតេជោ ហ៊ុន សែន ចង់ដាស់តឿន និងលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយឲ្យយកចិត្តទុកដាក់ខ្ពស់ចំពោះការសិក្សា ដោយចាត់ទុកការបរាជ័យណាមួយក្នុងអំឡុងពេលសិក្សាជាឱកាសដើម្បីអភិវឌ្ឍខ្លួន និងកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់អនាគត។ សារនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់សម្តេចចំពោះវិស័យអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពសម្រាប់ប្រទេសជាតិ៕




