កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ​ ​បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ៣នាក់ បញ្ជូន​ទៅតុលាការ ក្រោយលួចកាត់ខ្សែភ្លើងនៅក្នុងរោងចក្រ ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច

(កំពង់ស្ពឺ)៖ ដោយ​អនុវត្តតាមបទបញ្ជាយ៉ាង​ម៉ឺងម៉ាត់​របស់​លោក​ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ ព្រមទាំង​មានការសម្របសម្រួលនីតិវិធីពី​ព្រះ​រាជអាជ្ញា​អមសាលាដំបូងខេត្តកំពង់ស្ពឺ, កម្លាំង​ជំនាញ​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ បាន​បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ​ចំនួន​៣នាក់ បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ ក្រោយពីក្រុមជនសង្ស័យទាំង៣នាក់ បានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង នៅក្នុងរោងចក្រក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច។

កាលពីវេលាម៉ោង ​២៣៖២៤នាទីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ​២០២៦​ កន្លងមកនេះ​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន​ បាន​ធ្វើការចេញល្បាតចល័តតាមផ្លវត្រង់ភូមិក្រាំងពលទេព​ សង្កាត់រកាធំ​ ក្រុងច្បារមន​ ខេត្ត​កំពង់​ស្ពឺ​ បានធ្វើការឃាត់ខ្លួនជនសង្ស័យ​ចំនួន៣នាក់​ ពាក់ព័ន្ធ​ករណីធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងរោងចក្រពីស្រុកភ្នំស្រួច។

ក្រោមវិធានជំនាញរបស់កម្លាំងអាវុធហត្ថ​​ ក្រោយពេលសាកសួរជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងនៅក្នុងរោងចក្រទុកចោលមិនដំណើរមួយកន្លែង​មែន​ ដែលមានទីតាំងស្ថិតនៅភូមិ១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ជនសង្ស័យ​ដែលឃាត់ខ្លួនបានរួមមាន៖

*ទី១៖ ឈ្មោះ​ សុន​ ប៊ុន​នឿន​ អាយុ២១ឆ្នាំ​ មុខរបរមិនពិតប្រាកដ
*ទី២៖ ឈ្មោះ​ ណន​ ណាវី អាយុ២៥ឆ្នាំ​ មុខរបរមិនពិតប្រាកដ​
*ទី៣៖ ឈ្មោះ​ ពៅ​ កក្កដា អាយុ២២ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ ហើយមានទីលំនៅបច្ចុប្បន្នក្នុងភូមិទួលធ្នង់​ ឃុំហោង​សំណំ​ ស្រុកឱរ៉ាល់​ ខេត្តកំពង់ស្ពឺ។ ក្នុងនោះចាប់យកវត្ថុតាងបានរួមមាន៖ កាំបិតផ្កាក់ចំនួន០១, កន្រ្តៃកាត់ខ្សែភ្លើង​ចំនួន០១, ទូរស័ព្ទដៃ០២គ្រឿង, ម៉ូតូ០១គ្រឿង​​ និងលួសស្ពាន់មួយចំនួនថែមទៀត។

បច្ចុប្បន្ន​ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ​ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿង‌‎បញ្ជូនទៅសាលាដំបូង ខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធីជាធរមាន៕

 

អត្ថបទដែលជាប់ទាក់ទង