សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសមិនទទួលយកដាច់ខាតនូវការវិនិយោគពីបរទេសដោយការបង្កើតរោងចក្រដើម្បីផលិតបារីអេឡិចត្រូនិក នៅលើទឹកដីប្រទេសកម្ពុជា
នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសមិនទទួលយកដាច់ខាតនូវការវិនិយោគពីបរទេសដោយការបង្កើតរោងចក្រដើម្បីផលិតបារីអេឡិចត្រូនិក នៅលើទឹកដីប្រទេសកម្ពុជា ទោះការវិនិយោគនោះសម្រាប់តែការនាំចេញក៏ដោយ។

ប្រកាសចេញពីពិធីអបអរសាទរខួប៨០ឆ្នាំនៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ «ខ្ញុំបានណែនាំទៅក្រសួងពាក់ព័ន្ធរបស់យើង មិនថា CDC (ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា) ក្រសួងពាណិជ្ជកម្ម ដែលជួបជាមួយបរទេស បើគេមកសុំផលិតបារីអេឡិចត្រូនិក ឬមួយ Vape អីនេះ នៅស្រុកខ្មែរ គឺហាម មិនទទួលទេវិនិយោគនេះ ទោះបីគាត់ផលិតនាំចេញក៏ដោយ អត់ទេ គឺសុំកុំឱ្យមានតែម្ដង»។
ហេតុផលចម្បងដែលមិនទទួលយកនូវការវិនិយោគនេះ ពីព្រោះថា នឹងបង្កើតឱ្យចលនានៃការប្រើប្រាស់ ការចែកចាយ និងការជួញដូរបារីអេឡិចត្រូនិចកាន់តែទូលំទូលាយនៅកម្ពុជា ហើយកាន់តែពិបាកក្នុងការគ្រប់គ្រង ខណៈបច្ចុប្បន្ន គ្រាន់តែការនាំចូលពីខាងក្រៅ វាពិបាកស្រាប់ទៅហើយ។ នេះជាការបញ្ជាក់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដូច្នេះ។

សម្ដេចនាយករដ្ឋមន្ត្រី បានបន្ថែមថា ការមិនឱ្យមានរោងចក្រផលិតបារីអេឡិចត្រូនិកដោយផ្ទាល់នៅក្នុងប្រទេសកម្ពុជា ក៏ជាវិធានការជាក់ស្ដែងមួយរបស់រាជរដ្ឋាភិបាល ក្នុងការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ ការចែកចាយ និងការជួញដូរផលិតផលបារីអេឡិចត្រូនិក។ សម្ដេច ក៏បានបង្ហាញការព្រួយបារម្ភ ខណៈការប្រើប្រាស់បារីអេឡិកត្រូនិកក្នុងស្រទាប់យុវវ័យកំពុងមានការរីករាលដាលកាន់តែច្រើន។
ចំពោះមុខបញ្ហាប្រឈមនេះ សម្តេចបានលើកឡើងថា រដ្ឋត្រូវតែបន្តអនុវត្តវិធានម៉ឺងម៉ាត់ពាក់ព័ន្ធបារីអេឡិចត្រូនិកនេះ ជាពិសេសគឺមិនទទួលការវិនិយោគលើការផលិតបារីប្រភេទនេះតែម្ដង។

កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវបទបញ្ជាហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សាគ្រប់ប្រភេទ គ្រប់ទម្រង់ និងគ្រប់មធ្យោបាយ។ ជាមួយគ្នានេះ ក្រសួងអប់រំ ក៏បានចេញសេចក្តីណែនាំ ដើម្បីអប់រំ បង្ការ ទប់ស្កាត់ និងហាមឃាត់ ដាច់ខាតការប្រើប្រាស់ផលិតផលទាំងនេះនៅក្នុង និងជុំវិញបរិវេណគ្រឹះស្ថានសិក្សាសាធារណៈ គ្រឹះស្ថានសិក្សាឯកជន គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន អន្តេវាសិកដ្ឋាន មជ្ឈមណ្ឌលសិក្សាសហគមន៍ កន្លែងហាត់ប្រាណ កន្លែងលេងកីឡា កន្លែងហ្វឹកហាត់កីឡា និងកន្លែងប្រកួតកីឡា។
វិធានការនេះ គឺដើម្បីធានាឱ្យបាននូវសណ្តាប់ធ្នាប់សង្គម និងការធានាចំពោះសុខភាពសាធារណៈ ជាពិសេសសុខភាពរបស់យុវជន សំដៅក្នុងការអភិវឌ្ឍមូលធនមនុស្សឱ្យមានគុណភាពខ្ពស់ និងសុខភាពល្អ៕
