បុរីវ៉ាទីកង់៖ សម្តេចប៉ាបលីអូ ទី១៤ ត្រូវបានរកឃើញថា មានជំងឺមហារីកសួត ក្នុងកំឡុងពេលវះកាត់

សម្តេចប៉ាបលីអូ ទី​១៤​ ត្រូវបានរកឃើញថា មានជំងឺមហារីកសួត ក្នុងកំឡុងពេលដែលក្រុមគ្រូពេទ្យធ្វើការវះកាត់យកដុំសាច់ចេញពីសួតរបស់ទ្រង់​ កាលពីថ្ងៃ ទី១៣ ខែតុលា។ ភ្លាមៗបន្ទាប់ពីការរកឃើញ ក្រុមគ្រូពេទ្យជំនាញបានសម្រេចចិត្តវះកាត់កាយកផ្នែកខាងក្រោមនៃសួតខាងស្តាំ របស់ព្រះអង្គចេញតែម្តង។

សម្តេចប៉ាបលីអូ ទី​១៤​ (រូបភាព ៖ Reuters)

យោងតាមការការចេញផ្សាយពី New York Times សេចក្តីថ្លែងការណ៍វេជ្ជសាស្ត្រផ្លូវការពីបុរីវ៉ាទីកង់បានបញ្ជាក់ថា ការពិនិត្យកោសិកាភ្លាមៗនៅក្នុងបន្ទប់វះកាត់បានបង្ហាញថា ព្រះអង្គមានជំងឺមហារីកសួតប្រភេទ Lung Adenocarcinoma (ដែលជាទម្រង់ទូទៅបំផុតមួយនៃជំងឺមហារីកសួត) ដូចអ្វីដែលគ្រូពេទ្យបានសង្ស័យទុកមុនការវះកាត់ពិតប្រាកដមែន។

ប្រតិបត្តិការវះកាត់នេះត្រូវបានធ្វើឡើងនៅមន្ទីរពេទ្យ Policlinico A. Gemelli ក្នុងទីក្រុងរ៉ូម ដោយចំណាយពេលសរុបប្រហែល ៣ម៉ោង។ បុរីវ៉ាទីកង់បានសង្កត់ធ្ងន់ថា ប្រតិបត្តិការនេះបានទទួលជោគជ័យយ៉ាងរលូន និងមិនមានផលវិបាកអ្វីកើតឡើងឡើយ ហើយបច្ចុប្បន្នទ្រង់បានដឹងព្រះស្មារតីឡើងវិញជាធម្មតា និងកំពុងសម្រាកស្តារព្រះកាយនៅក្នុងបន្ទប់របស់ព្រះអង្គវិញហើយ។

ទោះបីជាការប្រកាសពីជំងឺមហារីកបង្កឱ្យមានការបារម្ភពីគ្រីស្តបរិស័ទជុំវិញពិភពលោក ប៉ុន្តែក្រុមគ្រូពេទ្យជំនាញផ្នែកមហារីកបានលើកឡើងថា ទស្សនវិស័យនៃការព្យាបាលរបស់ព្រះអង្គគឺល្អប្រសើរខ្លាំង។ នេះក៏ដោយសារតែដុំសាច់នេះត្រូវបានរកឃើញតាំងពីដំណាក់កាលដំបូងបំផុត និងស្ថិតនៅដាច់ដោយឡែក ដែលជាទូទៅអាចព្យាបាលជាសះស្បើយបានខ្ពស់តាមរយៈការវះកាត់។ ក្រុមគ្រូពេទ្យមិនទាន់ពិភាក្សាអំពីការប្រើប្រាស់គីមីព្យាបាលឬការព្យាបាលផ្សេងទៀតនៅឡើយទេ ដោយត្រូវរង់ចាំលទ្ធផលនៃការពិនិត្យជាលិកាបន្ថែមនៅក្នុងថ្ងៃខាងមុខ។

ដោយឡែក ពាក់ព័ន្ធនឹងកាលវិភាគការងារ បុរីវ៉ាទីកង់បានសម្រេចលុបចោលរាល់កម្មវិធីជួបសម្តែងការគួរសមទាំងអស់ រហូតដល់ថ្ងៃទី២០ ខែតុលា ដើម្បីទុកពេលឱ្យព្រះអង្គសម្រាកព្យាបាលប្រហែលមួយសប្តាហ៍នៅក្នុងមន្ទីរពេទ្យ។ ទោះជាយ៉ាងណា គម្រោងទស្សនកិច្ចផ្លូវការរបស់ព្រះអង្គទៅកាន់តំបន់អាមេរិកខាងត្បូង (រួមមានប្រទេសអ៊ុយរ៉ូហ្គាយ អាហ្សង់ទីន និងប៉េរូ) នៅចន្លោះថ្ងៃទី៦ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ខាងមុខនេះ នៅតែរក្សាទុកដដែល និងមិនទាន់មានការផ្លាស់ប្តូរឡើយ៕

អត្ថបទដែលជាប់ទាក់ទង