មេដឹកនាំកំពូលអ៊ីរ៉ង់ចេញមុខនិយាយថា ប្រទេសរបស់លោកមិនស្ថិតនៅពីក្រោយសកម្មភាពរបស់ក្រុម ប៉ាឡេស្ទីននេះឡើយ តែលោកថា “ពួកយើងអរគុណដល់អ្នកដែលបានរៀបចំ ផែនការវាយប្រហារទៅលើរបបស្យូនីសអ៊ីស្រាអែល»
លោក Ayatollah Ali Khamenei មេដឹកនាំកំពូលនៃប្រទេសអ៊ីរ៉ង់បាននិយាយថា ទីក្រុង តេហេរ៉ង់ មិនបានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារកាលពីចុងសប្តាហ៍មុន របស់ក្រុមហាម៉ាស់ប៉ាឡេស្ទីនលើ អ៊ីស្រាអែលឡើយ ប៉ុន្តែរូបលោកបានសាទរចំពោះអ្វីដែលលោកចាត់ទុកជា ភាពបរាជ័យផ្នែកយោធា និង ចារកម្ម ដែលមិនអាចស្រោចស្រង់វិញបានរបស់អ៊ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។
ក្នុងការថ្លែងសារដំបូងតាមកញ្ចក់ទូរទស្សន៍ ចាប់តាំងពីការវាយប្រហាររបស់ក្រុម Hamas លោក Khamenei បានប្រកាសថា ប្រទេសរបស់លោកមិនបានស្ថិតនៅពីក្រោយសកម្មភាព របស់ក្រុម ប៉ាឡេស្ទីននេះឡើយ ប៉ុន្តែលោកបានបន្តយ៉ាងដូច្នេះថា “ពួកយើងអរគុណដល់អ្នកដែលបានរៀបចំ ផែនការវាយប្រហារទៅលើរបបស្យូនីសអ៊ីស្រាអែល។ ទំហំខូចខាតនៃការវាយប្រហារនេះនឹងមិនងាយស្តារឡើងវិញឡើយ ហើយកំហុសគ្រប់យ៉ាង គឺមកពី ទង្វើរបស់របបស្យូនីសអ៊ីស្រាអែលខ្លួនឯងផ្ទាល់ ដែលនាំឱ្យមានគ្រោះមហន្តរាយបែបនេះ”។
គួរបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់ជាយូរមកហើយបានជួយផ្តល់ការគាំទ្រដល់ក្រុម Hamas ដែលជាក្រុមប៉ាឡេស្ទីនគ្រប់គ្រង នៅតំបន់ Gaza Strip ហើយមិនទទួលស្គាល់រដ្ឋអ៊ីស្រាអែលទេ។
កាលពីថ្ងៃចន្ទសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែល បានអះអាងថា អ៊ីរ៉ង់មានជាប់ទាក់ទង ក្នុងការវាយប្រហាររបស់ក្រុម Hamas លើអ៊ីស្រាអែល ប៉ុន្តែ ខ្លួនមិនមានប្រភពចារកម្ម ឬភស្តុតាងណាមួយ ដែលចង្អុលទៅកាន់ការចូលរួមពាក់ព័ន្ធដោយផ្ទាល់របស់ទីក្រុងតេហេរ៉ង់នោះទេ៕