ក្រសួងជូនដំណឹងថា ដើមរដូវវស្សា នឹងចាប់ផ្ដើមនៅ ថ្ងៃទី ១​ ខែឧសភា ខាងមុខនេះហើយ

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងកាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ ស្តីពីការព្យាករអាកាសធាតុសម្រាប់ខែឧសភា-មិថុនា ឆ្នាំ ២០២៤ ដែលដើមរដូវវស្សាចាប់ពីថ្ងៃទី ១ ខែឧសភា ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៤។

បន្ទាប់ពីធ្វើការតាមដាន វិភាគ និងព្យាករណ៍ពីស្ថានភាពអាកាសធាតុរបស់ក្រសួង ក៏ដូចជាពីបណ្តាស្ថាប័នអន្តរជាតិនានា ជាពិសេសអង្គការឧតុនិយមពិភពលោក (WMO) ក្រសួងធនធានទឹក និង ឧតុនិយម បានបញ្ជាក់ពីស្ថានភាពអាកាសធាតុដូចខាងក្រោម៖

១. បាតុភូតសកល

យោងទៅលើស្ថានភាពវិវត្តន៍នៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកខាងកើត និងតំបន់ អេក្វាទ័របង្ហាញឱ្យឃើញថាចាប់ពីខែឧសភា ដល់ខែមិថុនា បាតុភូតអែលនីណូ (El Niño) នឹងស្ថិតនៅ ១០%។ រីឯបាតុភូតអែនសូអព្យាក្រឹត (ENSO-neutral) នឹងកើនឡើងដល់ ៨៣% នៅក្នុងខែឧសភា។

២. ការព្យាករស្ថានភាពអាកាសធាតុនៅកម្ពុជា

ស្ថានភាពបែបនេះនឹងធ្វើឱ្យនៅតំបន់វាលទំនាប តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រនៃព្រះរាជាណាចក្រកម្ពុជា មានសីតុណ្ហភាពមធ្យមអប្បបរមា ២៦ អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៦ អង្សាសេ ផ្ទៃមេឃមានពពកពីតិចទៅមធ្យម និងមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ គ្របដណ្តប់លើផ្ទៃដី ៤០% និង បរិមាណទឹកភ្លៀងខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ ជាមួយគ្នាបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់កើតមានច្រើន។

យោងលើស្ថានភាពអាកាសធាតុដូចបានជម្រាបជូនខាងលើ ក្រសួងបានជូនដំណឹងដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជនចូលរួមសហការថែរក្សា ប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់ ជាពិសេសបណ្តាតំបន់ជនបទដាច់ស្រយាល ដែលនៅឆ្ងាយពីប្រភពទឹក។ ជាមួយគ្នានោះដែរ សូមយកចិត្តទុកដាក់ ដោយប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលនឹងអាចកើតមានច្រើន៕

សូមអានសេចក្ដីលម្អិតបន្ថែមនៅខាងក្រោម ៖

អត្ថបទដែលជាប់ទាក់ទង