អ៊ី​រ៉ង់ ចោទ ​អាមេរិក​ពីបទ​ឈ្លានពាន និង​ព្រមានពីការឆ្លើយ​តបយ៉ាង​ដាច់ណាត់ បើបើក​ការ​វាយ​ប្រហារជា​ថ្មី​

កាល​ពីថ្ងៃ​សុក្រ ទី​១៣ ខែ​វិច្ឆិកា ប្រទេស​អ៊ីរ៉ង់​ បាន​ចោទប្រកាន់​សហរដ្ឋអាមេរិកថា បាន​ធ្វើសង្គ្រាម​ឈ្លានពានខុស​ច្បាប់​ ប្រឆាំងនឹង​ទីក្រុងតេហេ​រ៉ង់ ហើយ​ព្រមាន​ពីការឆ្លើយ​តប​ជាបន្ទាន់ និងដាច់​ណាត់ រាល់​ការវាយប្រហារ​យោធាថ្មី​ណាមួយ​ពីសំណាក់សហរដ្ឋអាមេរិក ឬ​អ៊ីស្រាអែល។ នេះបើយោង​តាម​ទី​ភ្នាក់​ងារ​សារព័ត៌មាន Anadolu។

មីស៊ីល​អ៊ីរ៉ង់​

អនុ​តំណាង​អចិន្ត្រៃយ៍របស់​អ៊ីរ៉ង់​ប្រចាំអង្គការសហប្រជាជាតិ (UN)​ លោក Gholamhossein Darzi ថ្លែងបែបនេះ​ក្នុងកិច្ច​ប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​មួយ ​អំពី​ស្ថានភាព​ ក្នុងតំបន់​មជ្ឈិម​បូព៌ា។

លោក​ចោទប្រកាន់​បណ្តា​ប្រទេស​លោកខាង​លិចថា បាន​បំភ្លៃការពិត ​និង​មិនអើពើនឹង​ឫសគល់នៃ​ភាពតានតឹង​ក្នុងតំបន់។

លោក Darzi លើក​ឡើង​ថា អ៊ីរ៉ង់​បានចូលរួម​ក្នុងកិច្ច​ប្រជុំនេះ​ ដើម្បី​បញ្ជាក់​ឱ្យ​ច្បាស់អំពី​ប្រភពដើម​​បញ្ហា​ ដោយ​ចោទប្រកាន់​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​មួយចំនួន ជាពិសេស​តំណាងមកពីបណ្តាប្រទេស​លោកខាងលិចថា​​ ពួកគេ​ជា​​អ្នកឈ្លានពាន​ តែ​បង្ហាញថា ​​​​ជា​ជន​រង​គ្រោះ​វិញ​។

លោក​ ថ្លែង​ទៅ​​កាន់​ក្រុមប្រឹក្សា​​៖ «យើង​​សោកស្តាយ​ ចំពោះជំហរ​របស់​​​សមាជិកក្រុម​ប្រឹក្សា​មួយ​ចំនួន ជាពិសេស​​សមាជិកមកពីលោក​ខាង​លិច បាន​បង្ហាញ។ សេចក្តីថ្លែងការណ៍របស់ពួក​គេឆ្លុះបញ្ចាំង​ពីទម្លាប់​ដដែលៗនៃ​ការអនុវត្ត​ស្តង់ដារពីរ និងភាពលាក់ពុតយ៉ាងច្បាស់​ក្រឡែត​»។

ដើម្បី​ឆ្លើយ​តប​ ទៅនឹង​ការលើកឡើង​របស់តំណាង​សហរដ្ឋអាមេរិក ​លោក Darzi បានបន្តថា៖ «​ទីក្រុងវ៉ាស៊ីនតោន​ មិនមានមូលដ្ឋាន​ផ្លូវច្បាប់ ​នយោបាយ ឬសីលធម៌​ណាមួយ ដើម្បីធ្វើការ​ប្រៀន​ប្រដៅ ឬចោទ​ប្រកាន់អ៊ីរ៉ង់នោះ​ទេ។ សហរដ្ឋ​អាមេរិក​គឺជាភាគី​ឈ្លានពាន មិនមែនជា​ជនរងគ្រោះ​ឡើយ»។

លោក​​ចោទ​ប្រកាន់​ទីក្រុងវ៉ាស៊ីន​តោន​ ​ដើរ​​បង្កសង្គ្រាមដោយ​​គ្មានហេតុ​ផល​ត្រឹមត្រូវ​​ប្រឆាំង​នឹងអ៊ីរ៉ង់ ដែល​ជាការរំលោភ​លើធម្មនុញ្ញ​អង្គ​ការសហ​ប្រជាជាតិ និងគោលការណ៍​គ្រឹះ​នៃច្បាប់​អន្តរ​ជាតិ។ សហរដ្ឋអាមេរិក​បាន​រំលោភ​លើអធិប​តេយ្យភាព និង​បូរណភាពទឹកដី​របស់អ៊ីរ៉ង់ ដោយ​ទម្លាក់គ្រាប់​បែកលើហេដ្ឋារចនា​សម្ព័ន្ធស៊ីវិល គំរាមកំហែង​ដល់ប្រជា​ជនអ៊ីរ៉ង់​ដោយការ​បំផ្លិចបំផ្លាញ និង​បិទផ្លូវដែន​សមុទ្រ។

មីស៊ីល​អ៊ីរ៉ង់​

អ្នកការ​ទូតអ៊ីរ៉ង់ទទូចថា គ្មាន​សេចក្តីសម្រេចណា​មួយ​របស់ក្រុមប្រឹក្សាសន្តិសុខ​ អាចដកហូត​សិទ្ធិដើម​របស់ខ្លួន​ពីរដ្ឋជាសមាជិកអង្គការសហ​ប្រជាជាតិក្នុង​ការការពារខ្លួន​ប្រឆាំងនឹងការវាយប្រហារ​ដោយអាវុធនោះ​ទេ។

លោក Darzi ក៏បដិសេធការ​លើកឡើងថា ទីក្រុងតេហេ​រ៉ង់​ មិនមាន​ឆន្ទៈ​ក្នុង​ការស្វែងរក​ដំណោះ​ស្រាយការ​ទូត ដោយសង្កត់ធ្ងន់​ថា អ៊ីរ៉ង់ មិន​បានបោះបង់​ចោល​ផ្លូវ​ការទូត​នោះ​ទេ។

ទោះ​ជាយ៉ាង​ណាក៏ដោយ លោកព្រមាន​ថា រាល់សកម្មភាពយោធា​ថ្មី​ណាមួយ ​ពីសំណាក់សហរដ្ឋអាមេរិក ឬអ៊ីស្រាអែល នឹង​នាំឱ្យមានការ​ឆ្លើយតប​ជាបន្ទាន់ពីទីក្រុងតេហេ​រ៉ង់៕

អត្ថបទដែលជាប់ទាក់ទង