ឯកឧត្តម នេត្រ ភត្ត្រា៖ ក្រសួងព័ត៌មានបានជំរុញការតាមដាន ប្រឆាំង ទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយឱ្យបានរហ័សទាន់សភាពការណ៍ និងប្រសិទ្ធភាពខ្ពស់
ឯកឧត្តម នេត្រ ភត្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានប្រសាសន៍បញ្ជាក់ថា ក្រសួងព័ត៌មានបានជំរុញការតាមដាន និងតម្រង់ទិសជាយុទ្ធសាស្ត្រលើការប្រឆាំង ទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយឱ្យបានរហ័សទាន់សភាពការណ៍ និងប្រសិទ្ធភាពខ្ពស់តាមគ្រប់មធ្យោបាយផ្សព្វផ្សាយ និងបណ្ដាញទំនាក់ទំនងសង្គម នៅព្រះរាជាណាចក្រកម្ពុជា ដោយបានពង្រឹងកិច្ចសហការជាមួយក្រសួងមហាផ្ទៃ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងយុត្តិធម៌ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមានជាដើម។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា គោលដៅពង្រឹងប្រសិទ្ធភាព វិជ្ជាជីវៈអ្នកសារព័ត៌មាន និងហេដ្ឋារចនាសម្ព័ន្ធផ្សព្វផ្សាយ ក្រសួងព័ត៌មានបានយកចិត្តទុកដាក់លើការលើកកម្ពស់គុណភាពព័ត៌មាន តាមរយៈការពង្រឹងសមត្ថភាពមន្ត្រី និងអ្នកសារព័ត៌មាន, ពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ និងការជំរុញនិងលើកទឹកចិត្តឱ្យការផលិតខ្លឹមសារសម្រាប់ការផ្សព្វផ្សាយឈរលើមូលដ្ឋានការពិត ត្រឹមត្រូវ មានប្រភពច្បាស់លាស់ និងប្រកបដោយចំណេះដឹងជាដើម។
ឯកឧត្តមបានបន្តទៀតថា ក្នុងឆ្នាំ២០២៤ កន្លងទៅ និងនៅដើមឆ្នាំ២០២៥ នេះ ក្រោមកិច្ចសហការជាមួយក្រសួង-ស្ថាប័ន និងដៃគូពាក់ព័ន្ធ ក្រសួងព័ត៌មានបានបន្តរៀបចំវគ្គបណ្តុះបណ្តាលរយៈពេលខ្លីសំខាន់ៗ ដល់អ្នកសារព័ត៌មាន និងមន្ត្រីព័ត៌មានស្តីពីអនក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយឌីជីថល និងការធ្វើសេចក្តីរាយការណ៍ព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម ការពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន និងការពង្រឹងតួនាទីអ្នកនាំពាក្យសម្រាប់មន្ត្រីព័ត៌មាន៕